ឡើងមាឃ ឬឡើងអ្នកតា ទំនៀមបុរាណ របស់អ្នកស្រុកអង្គរ ដែលបញ្ជាក់ពីការបិទរដូវកសិកម្ម

ខេត្តសៀមរាប ៖ ជាទម្លាប់រៀងរាល់ឆ្នាំ ឱ្យតែដល់ថ្ងៃ៣កើត ខែមាឃធំ អ្នកស្រុកក្នុងតំបន់អង្គរ តែងតែប្រារព្ធពិធីឡើងមាឃយ៉ាងគគ្រឹកគគ្រេង ទៅតាមលទ្ធភាព ដែលអ្នកទ្រទ្រង់មាន មិនដែលខកខានឆ្នាំណាឡើយ។

ភូមិស្រុកជាច្រើន ក្នុងតំបន់អង្គរ បានរៀបចំពិធីនេះឡើង ក្នុងថ្ងៃតែមួយ នៅកន្លែងអ្នកតា ដែលពួកគាត់គោរពបូជាដូចជា ក្នុងភូមិ ទីទួលបុរាណ ប្រាង្គប្រាសាទ ឬវត្តអារាមជាដើម។
ជាលក្ខណៈរួម គឺពិធីឡើងមាឃ ឬឡើងអ្នកតា តែងប្រារព្ធធ្វើឡើងនាពេលរសៀលដូចៗគ្នា និងមានគោលបំណងតែមួយ គឺដើម្បីសុំសុខសប្បាយ សុំមានទឹកភ្លៀងគ្រប់គ្រាន់ក្នុងការធ្វើកសិកម្ម សុំឱ្យដីមានជីជាតិទទួលបាន ភោគផលច្រើន សត្វចៀសផុតពីជំងឺ។ ពិសេស គឺបង្ហាញពីការបិទបញ្ចប់វដ្ត នៃរដូវកសិកម្ម។

ក្រៅពីលក្ខណៈរួមខាងលើ ទំនៀមបុរាណមួយនេះ ក៏មានលក្ខណៈខុសគ្នាខ្លះដែរទៅលើកិច្ចពិធី និងរៀបចំគ្រឿងរណ្តាប់បូជាសំណែនដូចជា៖ កន្លែងខ្លះ ធ្វើម្ហូបអាហារចំណីចំណុកចម្រុះ ខ្លះធ្វើនំបញ្ចុក ខ្លះពូនភ្នំស្រូវ កន្លែងខ្លះមានលៀងមេមត់ ឯខ្លះទៀតពុំមាននោះឡើយ។ អ្វីទាំងអស់នេះ យោងទៅតាមទម្លាប់ របស់ប្រជាជន ជីវភាព និងការប្រតិបត្តិពីមួយជំនាន់ទៅមួយជំនាន់៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ការិយាល័យផ្សព្វផ្សាយ

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង