«ប្រាសាទលាក់នាង»៖ វិស័យសុខាភិបាល និងក្បួនវេជ្ជសាស្ត្រសម័យអង្គរឰ
ខេត្តសៀមរាប ៖ ប្រាសាទលាក់នាង មានទីតាំងស្ថិតនៅចំទិសខាងលិចនៃប្រាសាទតាកែវ។ ប្រាសាទនេះមានរចនាសម្ព័ន្ធបែរមុខទៅរកប្រាសាទតាកែវ ដោយផ្ទាល់។ ប្រាសាទនេះ បានស្ថាបនាឡើងនៅចុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវម៌ទី៧។ ជាប្រាសាទមិនត្រឹមតែជាទីសក្ការបូជា ខាងសាសនាដូចប្រាសាទដទៃនោះឡើយ ប៉ុន្តែថែមទាំងជា ប្រាសាទដែលបានកសាងក្នុងបរិវេណ «អារោគ្យសាលា» (មន្ទីរពេទ្យបុរាណ) មួយក្នុងចំណោមអារោគ្យសាលាទាំង១០២ នៅទូទាំងចក្រភពខ្មែរ។
នៅក្នុងរជ្ជកាលព្រះបាទជ័យវម៌ទី៧ (ចុងសតវត្សរ៍ទី១២) ចក្រភពខ្មែរមានការរីកចម្រើនយ៉ាងខ្លាំងលើវិស័យសុខាភិបាល និងការថែទាំសុខុមាលភាពប្រជារាស្ត្រ។
ភស្តុតាងប្រវត្តិសាស្ត្រដ៏សំខាន់មួយ មានបង្ហាញពីការប្រើប្រាស់ក្បួនខ្នាតវេជ្ជសាស្ត្របុរាណដ៏គួរឱ្យចាប់អារម្មណ៍នៅលើចម្លាក់មួយ នៃប្រាសាទនេះ។
សូមរំឭកថា វិស័យសុខាភិបាលសម័យអង្គរ បានរៀបចំឡើងដោយឈរលើស្មារតីមនុស្សធម៌ និងការទទួលខុសត្រូវខ្ពស់ពីព្រះមហាក្សត្រ ដូចដែលមានចារឹកក្នុងសិលាចារឹកតម្កល់ ក្នុងមន្ទីរពេទ្យថា៖ «ជំងឺផ្លូវកាយរបស់ប្រជារាស្ត្រ គឺជាជំងឺផ្លូវចិត្តរបស់ព្រះរាជា ហើយទុក្ខឈឺចាប់ របស់ប្រជារាស្ត្រ គឺរឹតតែឈឺចាប់ជាងការឈឺចាប់ របស់ព្រះរាជាទៅទៀត»។
ប្រព័ន្ធសុខាភិបាល នៃចក្រភពខ្មែរ មិនត្រឹមតែជាកន្លែងសម្រាកព្យាបាលជំងឺប៉ុណ្ណោះទេ។ ប៉ុន្តែមានការបែងចែកតួនាទីយ៉ាងច្បាស់លាស់ រួមមាន៖ គ្រូពេទ្យជាវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា ឱសថការី គ្រូពេទ្យជំនួយ អ្នកមើលថែទាំជំងឺ អ្នកកិនថ្នាំ ។ល។ នៅក្នុងមន្ទីរពេទ្យមានកន្លែងសម្រាកព្យាបាល កន្លែងសង្គ្រោះអ្នកក្រខ្សត់ អ្នកដាច់សង្វែង មានម្ហូបអាហារសម្រាប់អ្នកអត់ឃ្លាន។ល។
ផ្អែកលើចម្លាក់ថ្មភក់ដ៏កម្រ នៅលើបំណែកហោជាង នៃប្រាសាទលាក់នាង យើងឃើញពីវិធីសាស្ត្រ និងក្បួនខ្នាតពិនិត្យជំងឺយ៉ាងល្អិតល្អន់របស់ដូនតាខ្មែរ។
នោះគឺការស្ទង់ជីពចរ ដែលរូបចម្លាក់បានបង្ហាញយ៉ាងច្បាស់អំពីសកម្មភាព របស់គ្រូពេទ្យបុរាណ ដែលកំពុងលូកដៃទៅចាប់កាន់ និងសង្កត់លើកដៃ របស់អ្នកជំងឺដើម្បី «ស្ទង់ជីពចរ»។ នេះជាវិធីសាស្ត្រធ្វើរោគវិនិច្ឆ័យយ៉ាងសំខាន់តាមវិស័យវេជ្ជសាស្រ្តបុរាណ ដើម្បីវាយតម្លៃពីចង្វាក់បេះដូង លំហូរឈាម និងស្ថានភាពសរីរាង្គខាងក្នុង របស់អ្នកជំងឺ មុននឹងសម្រេចចិត្តផ្សំថ្នាំ ឬជ្រើសរើសវិធីព្យាបាល។
ចម្លាក់នៅប្រាសាទលាក់នាង មិនត្រឹមតែជាសិល្បៈរចនាបថបាយ័នដ៏ល្អប៉ុណ្ណោះទេ។ ប៉ុន្តែគឺជា «ឯកសារប្រវត្តិសាស្ត្រវេជ្ជសាស្ត្រ» ដ៏កម្រ និងមានតម្លៃជាសារវន្ត ដែលបញ្ជាក់យ៉ាងច្បាស់ថា ដូនតាខ្មែរមានចំណេះដឹងជ្រៅជ្រះលើវិទ្យាសាស្ត្រសុខាភិបាល និងក្បួនវេជ្ជសាស្ត្រច្បាស់លាស់តាំងពីមួយពាន់ឆ្នាំមុនមកម៉្លេះ។
ការឈានជើងចូលទស្សនាប្រាសាទលាក់នាង គឺជាការស្វែងយល់ពីឬសគល់ នៃវិស័យសុខាភិបាលខ្មែរបុរាណ និងជាមោទនភាព នៃបេតិកភណ្ឌវេជ្ជសាស្ត្រជាតិ ដែលយើងគ្រប់គ្នាត្រូវរួមគ្នាអភិរក្ស និងលើកតម្លៃ ព្រមទាំងទទួលយកមោទនភាពជាតិផង៕
អត្ថបទ៖ ការិយាល័យផ្សព្វផ្សាយ
រូបភាព៖ សឿន ប៊ុនស៊រ


