សាធារណជនស្នើឱ្យ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស៊ើបអង្គេតករណីផ្ទុះអាវុធស្លាប់មនុស្ស នៅក្នុងហាងកាហ្វេ “លូមី” ក្នុងក្រុងព្រះសីហនុ ខណៈនគរបាល បញ្ជាក់ខ្លីថា ជាករណីអត្តឃាត..
ខេត្តព្រះសីហនុ ៖ សាធារណជន ពាក់ព័ន្ធនឹងករណី បុរសជនជាតិចិនម្នាក់បានស្លាប់នៅហាងកាហ្វេ «លូមី» (LUMI Coffee) មានទីតាំងស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ ហើយបើគិតមកដល់ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ក្រុមការងារសារព័ត៌មាន បានទាក់ទងសាកសួរទៅកាន់ មន្ត្រីទទួលបន្ទុកផែនការងារព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ប៉ុនែ្តបានឆ្លើយខ្លីថា ករណីនេះជា «ករណីអត្តឃាត» ។
ព័ត៌មានពីកន្លែងកើតហេតុ ឱ្យដឹងថា មុនឈានដល់ផ្ទុះអាវុធ នៅម៉ោង ១០ និង១០នាទីព្រឹក មានសេចក្តីរាយការណ៍ជាច្រើនលើកឡើងពីទំនាក់ទំនង និងទំនាស់ផ្ទៃក្នុង ដែលអាចជាដើមហេតុ នៃជម្លោះនេះ។ យ៉ាងណាមិញ ព័ត៌មានលម្អិតមុនពេលកើតហេតុ សមត្ថកិច្ច មិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេ។
សាក្សី ឱ្យដឹងថា ជនរងគ្រោះ បានផ្លោះរបងចូលទៅក្នុងបរិវេណហាងកាហ្វេខាងលើ ហើយក្រោយមក ក៏បានផ្ទុះអាវុធឡើងលើចំនួន ៦គ្រាប់ មុនពេលដើរចូលទៅផឹកទឹក រួចអង្គុយរង់ចាំប្រមាណជាង ១០នាទី។ បន្ទាប់មកនៅម៉ោង ១០ និង២២នាទី ទើប កម្លាំងសមត្ថកិច្ច បានចុះទៅដល់ទីតាំង កើតហេតុ ក៏មានការផ្ទុះអាវុធជាថ្មីទៀត បណ្តាលឱ្យជនរងគ្រោះបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។
យ៉ាងណា ក្រោយហេតុការណ៍នេះ សមត្ថកិច្ច បានរកឃើញវត្ថុតាងរួមមាន ៖ អាវុធខ្លីចំនួន ២ដើម សម្បកគ្រាប់ចំនួន ៦ និងពូថៅចំនួន ១ដើម។
ផ្តើមពីបញ្ហានេះ សាធារណជន ក៏ដូចជាក្រុម អ្នកប្រើប្រាស់សង្គម បានលើកឡើងនូវចំណុចរសើបសំខាន់ៗមួយចំនួន រួមមាន៖
តើមានហេតុការណ៍អ្វីកើតឡើង មុនពេលជនរងគ្រោះ ផ្លោះរបងចូលក្នុងទីតាំងខាងលើនេះ? ហើយហេតុអ្វី បានជាជនរងគ្រោះអាចកាន់កាប់អាវុធខ្លី ដល់ទៅ ២ដើម និងពូថៅ ១ដើម នៅជាប់នឹងខ្លួនដូច្នេះ?
តើនរណាជា អ្នកជាប់ពាក់ព័ន្ធ ឬនៅពីក្រោយប្រភពអាវុធខុសច្បាប់ទាំងនោះ?
បច្ចុប្បន្ន សាធារណជន នៅតែរង់ចាំមើលការបកស្រាយបន្ថែម ពីសមត្ថកិច្ច ចំពោះការស្លាប់ខាងលើ ៕



