អាជ្ញាធរជាតិអប្សរា រៀបចំពិធីប្រុងពាលីបើកការដ្ឋានជួសជុល រចនាសម្ព័ន្ធស្ពានហាលខាងកើតលូបុរាណ
ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរាបានរៀបចំពិធីប្រុងពាលីបើកការដ្ឋានជួសជុល ស្ពានហាលខាងកើតប្រាសាទបេងមាលា ដែលជាដំណាក់កាលទី២ ក្រោមជំនួយមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ នៃសាធារណរដ្ឋប្រជាមានិតចិន។
លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា គម្រោងដំណាក់កាលទី២នេះ មានប្រវែងសរុប ១៥០ ម៉ែត្រ ដោយបន្តជួសជុលផ្នែកដែលនៅសេសសល់ នៃរចនាសម្ព័ន្ធស្ពានហាលខាងកើត ខឿនរបស់ខ្លោងទ្វារ ប្រព័ន្ធលូបង្ហូរទឹក សសរគោល និងផ្នែកខ្លះនៃផ្លូវចូលខាងកើត។
គម្រោងជួសជុលនេះ គឺស្ថិតក្រោមជំនួយមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ឆ្នាំ២០២៥ ដោយចំណាយថវិកាសរុបចំនួន ៤១៣ ០៤៥ដុល្លារ។
ក្នុងនាមជា ប្រធានអនុវត្តគម្រោង លោក បានថ្លែងអំណរគុណជាអនេក ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន មូលនិធិពិសេសសម្រាប់កិច្ចសហប្រតិបត្តិការឡានឆាង -មេគង្គ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបានជ្រើសរើសគម្រោងលើកទី២នេះ ហើយឯកឧត្តមនិងក្រុមការងារ នឹងដឹកនាំការងារនេះឱ្យទទួលបានលទ្ធផលល្អ ។
លោក លូ ឈីជឺ (Lu Qizhi) ប្រធានការិយាល័យកុងស៊ុលនៃសហប្រជាមានិតចិន ប្រចាំខេត្តសៀមរាប បានឱ្យដឹងថា គម្រោងនេះបន្តកសាងឡើងលើសមិទ្ធផល នៃគម្រោងអភិរក្ស និងជួសជុលស្ពានហាលខាងកើត នៃប្រាសាទបឹងមាលា ហើយតំណាងឱ្យគម្រោងជួសជុលបេតិកភណ្ឌវប្បធម៌ទីពី២ រវាងប្រទេសចិន និងកម្ពុជា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។
ក្រុមអ្នកជំនាញ នឹងអនុវត្តការងារជួសជុលនៅលើស្ពានហាលខាងកើត ដែលមិនត្រឹមតែជួយបង្កើនបទពិសោធន៍ថ្មី របស់ភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការផ្លាស់ប្តូរក្នុងតំបន់ លើការងារអភិរក្ស និងជួសជុលបេតិកភណ្ឌផងដែរ។
លោក កែវ កាន់វីរៈ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ប្រាសាទបេងមាលា គឺជាស្នាដៃស្ថាបត្យកម្មបុរាណដ៏អស្ចារ្យមួយរបស់កម្ពុជា ដែលឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិតដ៏វិសេសវិសាល ជំនាញវិស្វកម្ម សមិទ្ធផលសិល្បៈ និងតម្លៃខាងស្មារតីនៃអារ្យធម៌ខ្មែរ។
ការជួសជុលប្រាសាទបេងមាលា មិនមែនគ្រាន់តែជាគម្រោងអភិរក្សបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាជាកិច្ចការដ៏មានអត្ថន័យ នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការតភ្ជាប់ រវាងប្រជាជននិងប្រជាជន និងការលើកស្ទួយវិស័យទេសចរណ៍វប្បធម៌ ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។
លោក កែវ កាន់វីរៈ បានបន្តថា ភាគីកម្ពុជា បានចូលរួមសហការយ៉ាងសកម្ម ជាមួយដៃគូនៅក្នុងតំបន់ឡានឆាង-មេគង្គ ក្នុងគោលបំណងជំរុញការផ្លាស់ប្តូរវប្បធម៌ ពង្រឹងការអភិរក្សបេតិកភណ្ឌ និងលើកកម្ពស់ការអភិវឌ្ឍវប្បធម៌ ប្រកបដោយចីរភាព៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ រដ្ឋ ផល្លីន


