កម្មកររោងចក្រខេមបូ យូនីសូល បន្តធ្វើកូដកម្មទាមទារឱ្យដោះស្រាយលក្ខខណ្ឌការងារមួយចំនួន

កម្មករ​-កម្មការិនីជាង ១,០០០នាក់ បម្រើការ​ងារ​នៅ​រោងចក្រ ខេមបូ យូនីសូល អិលធីឌី (Cambo Unisol Co., Ltd.) ដែលមានទីតាំងស្ថិតក្នុងតំបន់អភិវឌ្ឍន៍ 7NG ភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានបន្ត​ធ្វើកូដកម្មអហិង្សា​នៅខាង​មុខ​រោង​ចក្រ​ ដើម្បី​ទាម​ទារ​​ឱ្យក្រុម​ហ៊ុន​ដោះ​ស្រាយ​បញ្ហាពាក់ព័ន្ធនឹងសិទ្ធិការងារ និងលក្ខខណ្ឌការងារមួយចំនួន។

បើតាម​អង្គការ​សង់ត្រាល់ ដែលដកស្រង់​ប្រភពពីបណ្តាញកម្មករ​តំបន់7NG បានឱ្យដឹង​ថា កម្មករ​-កម្មការិនីជាង ១,០០០នាក់ ក្នុងចំណោម​កម្មករ​សរុប ១៨០០នាក់ បានបន្តធ្វើកូដកម្មអហិង្សាចូលដល់ថ្ងៃទី២ នៅ​ថ្ងៃទី​១៩ ខែ​វិច្ឆិកា​នេះ ក្រោយពីបាន​ចាប់ផ្តើមការ​តវ៉ា​កាលពីថ្ងៃម្សិលមិញ ហើយ​កា​រសម្របសម្រួល​រកដំណោះស្រាយ​រវាង​ភាគីពាក់​ព័ន្ធ​មិន​ទាន់​ឈាន​ដល់​កិច្ចព្រមព្រៀង​ដែលអាច​ទទួលយកបាន និងសះជា។

ប្រភពដដែល បន្តថា​ កូដកម្មនេះធ្វើឡើងក្នុងគោលបំណងទាមទារឱ្យក្រុមហ៊ុនអនុញ្ញាតឱ្យថ្នាក់ដឹកនាំសហជីពចូលបំពេញការងារវិញ ព្រមទាំងស្នើសុំឱ្យមានការដោះស្រាយលើលក្ខខណ្ឌការងារ និងបញ្ហាពាក់ព័ន្ធផ្សេងៗ​ដែលកម្មករកំពុងជួបប្រទះ។

អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានឱ្យដឹ​ងនៅរសៀល​​ថ្ងៃទី​១៨ ខែ​វិច្ឆិកាថា មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង​អាជ្ញាធរពាក់ព័ន្ធ បាន​និង​​កំពុងចុះ​ដោះស្រាយបន្ទាន់​ ករណីការប្រមូលផ្តុំរបស់​កម្មករនិយោជិតនៃរោងចក្រ ខេមបូ យូនីសូល អិលធីឌី នេះហើយ។

យោង​តាម​របាយការណ៍​របស់​អង្គការ​សង់ត្រាល់ (CENTRAL) គិត​ចាប់​ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ២០២៦ វិវាទ​​ការ​ងារ និង​​កូដ​កម្ម​​បាន​​កើត​ឡើង​សរុប​ចំនួន ២៧ ករណី ដែល​ប៉ះពាល់​ដល់​កម្មករ​ចំនួន ៣៤ ៤៥៥ នាក់។ ក្នុង​ចំណោម​​​នោះ វិវាទ​ចំនួន ២០ ករណី​បាន​កើត​ឡើង​នៅ​ក្នុង​វិស័យ​កាត់ដេរ និង​ស្បែក​ជើង ៤ ករណី​ ​នៅ​តាម​ការដ្ឋាន​សំណង់ និង​​ករណី​​វិវាទ​​ណាហ្គា​វើលដ៍ (NagaWorld)។

អង្គ​ការ​សង់ត្រាល់ បាន​បញ្ជាក់​ថា ឫសគល់​ចម្បង​ចំនួន ៣ ដែល​ជំរុញ​ឱ្យ​មាន​ការ​ធ្វើ​កូដកម្ម រួម​មាន បញ្ហា​​ប្រាក់ឈ្នួល និង​អត្ថប្រយោជន៍​ការងារ លក្ខខណ្ឌ​ការងារ​មិន​សមរម្យ និង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​សហជីព​​ឯករាជ្យ៕

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង