អ្នកជំនាញ៖ អ្នកប្រើហ្វេសប៊ុកមិនគួរបង្ហោះអត្តសញ្ញាណប័ណ្ណជាសាធារណៈ ដែលអាចនឹងមានជះមិនល្អដល់ខ្លួន
អ្នកជំនាញផ្នែកសន្តិសុខឌីជីថល ណែនាំដល់អ្នកប្រើប្រាស់បណ្តាញសង្គម មិនគួរបង្ហោះអត្តសញ្ញាណប័ណ្ណ ឬកាតសម្គាល់ខ្លួននានា នៅលើគណនីហ្វេសប៊ុកជាសាធារណៈ ដើម្បីបញ្ជាក់ថាយើងពិតជាម្ចាស់គណនីមែននោះទេ ព្រោះវាអាចមានផលជះមិនល្អដល់ម្ចាស់គណនី ឬម្ចាស់អាខោន នៅពេលជនដែលមានគំនិតមិនល្អ អាចទាញយករូបភាពពិតរបស់យើង ទៅបន្លំអត្តសញ្ញាណបុគ្គលនៅក្នុងសេវាកម្មឌីជីថលផ្សេងៗ។
ការលើកឡើងនេះ បានធ្វើឡើងក្រោយពីគេសង្កេតឃើញមួយរយៈចុងក្រោយនេះ មានម្ចាស់គណនីហ្វេសប៊ុកមួយចំនួន បានបង្ហោះអត្តសញ្ញាណប័ណ្ណ ឬកាតសំគាល់ខ្លួននានា នៅលើគណនីហ្វេសប៊ុករបស់ពួកគេជាសាធារណៈ ដើម្បីបញ្ជាក់ថា ពួកគេពិតជាម្ចាស់គណនីនោះមែន។
អ្នកប្រឹក្សាយោបល់ផ្នែកសន្តិសុខឌីជីថល លោក ង៉ែត ម៉ូសេ បានឱ្យដឹងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះថា ការបង្ហោះអត្តសញ្ញាណប័ណ្ណ ឬកាតសំគាល់ខ្លួននានា នៅលើគណនីហ្វេសប៊ុកជាសាធារណៈ ដើម្បីបញ្ជាក់ថាយើងពិតជាម្ចាស់គណនីមែន គឺជាការយល់ខុស និងមិនត្រឹមត្រូវនោះទេ ដោយលោកថា ហ្វេសប៊ុកមិនដែលទាមទារឱ្យធ្វើបែបនេះនោះទេ។
អ្នកជំនាញផ្នែកសន្តិសុខឌីជីថលរូបនេះ បន្តថា បើសិនជាការផុសអត្តសញ្ញាណប័ណ្ណ ជា Trend សម្រាប់ការលេងសើច នោះវាមិនអីទេ តែបើសម្រាប់ការណែនាំផ្នែកសុវត្ថិភាពគណនី វាមិនត្រឹមត្រូវទេ ហើយបើទោះបីជាការលេងសើច ក៏គួរកុំផុសអត្តសញ្ញាណប័ណ្ណ រូបពេញ ឬកាត់ត្រឹមមុខខ្លួនឯង ហើយផុសជាសាធារណៈនោះដែរ។
បើទោះជា លោក ងែត មូសេ នៅមិនទាន់មានព័ត៌មានស្តីពីផលប៉ះពាល់ក្រោយការផុសអត្តសញ្ញាណប័ណ្ណនោះក៏ដោយ ប៉ុន្តែលោកឃើញមានករណីនៃការបោកប្រាស់ជាច្រើន ដែលប្រើប្រាស់អត្តសញ្ញាណប័ណ្ណរបស់ជនរងគ្រោះ។ ការណ៍នេះ លោកបារម្ភថា ការផុសបង្ហាញជាសាធារណៈពីរូបនៅលើអត្តសញ្ញាណប័ណ្ណ អាចមានផលជះមិនល្អដល់ម្ចាស់អាខោន។ ផលជះមិនល្អនោះ គឺជនដែលមានគំនិតមិនល្អ អាចទាញយករូបភាពដែលមានមុខមាត់ពិតប្រាកដរបស់ម្ចាស់អាខោន ពីការផុសនោះ ទៅធ្វើការកំណត់មុតមាត់ (Facial Recognition) ដើម្បីបន្លំអត្តសញ្ញាណបុគ្គលនៅក្នុងសេវាកម្មឌីជីថលផ្សេងបាន ព្រោះរូបនៅលើអត្តសញ្ញាណប័ណ្ណ អាចខុសពីរូបរបស់យើងដែលផុសទូទៅនៅលើបណ្តាញសង្គម។
លោកថា រូបទូទៅដែលម្ចាស់អាខោនបានផុសខ្លះ ត្រូវបានកែប្រែតាមការចូលចិត្តរបស់ពួកគេមុននឹងផុស ប៉ុន្តែរូបនៅក្នុងអត្តសញ្ញាណប័ណ្ណ គឺជារូបពិតរបស់ម្ចាស់អាខោន។
មួយវិញទៀត អ្នកជំនាញផ្នែកសុវត្ថិភាពឌីជីថលរូបនេះ ក៏មានក្តីបារម្ភផងដែរ ចំពោះម្ចាស់អាខោនដែលមាន Fan ច្រើន ឬគេស្គាល់ច្រើននៅលើបណ្តាញសង្គម ឬអាចហៅថា អ្នកដែលមានឥទ្ធិពលផ្សព្វផ្សាយ បានផុសអត្តសញ្ញាណរបស់ខ្លួន ដែលធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនធ្វើតាម។ ការធ្វើបែបនេះ នឹងអនុញ្ញាតឱ្យជនដែលមានគំនិតអាក្រក់ ធ្វើការប្រមូលរូបភាពទាំងនោះទុក សម្រាប់ការបន្លំអត្តសញ្ញាណនៅពេលក្រោយ។
យោងតាមប្រភពពី DataReportal — Digital ឆ្នាំ2026 កម្ពុជាមានអ្នកប្រើប្រាស់បណ្តាញសង្គមប្រមាណ ១៤លាននាក់ ឬស្មើនឹង ៧៧.៩ភាគរយ ក្នុងចំណោមប្រជាជនសរុបជាង ១៧លាននាក់ ក្នុងនោះមានអ្នកប្រើប្រាស់ Facebook ប្រមាណ ១៤លាននាក់, TikTok ប្រមាណ ១១.៣លាននាក់, Messenger ប្រមាណ ៨.៩លាននាក់, Instagram ប្រមាណ ១.៨៥លាននាក់ និង LinkedIn ប្រមាណ ៨៨ម៉ឺននាក់៕

