បុរសវ័យ៤៩ឆ្នាំម្នាក់ឆ្លងវីរុសផ្តាសាយបក្សី H5N1
បុរសវ័យ ៤៩ឆ្នាំម្នាក់ រស់នៅខេត្តឧត្តរមានជ័យ បានឆ្លងវីរុសផ្តាសាយបក្សី (H5N1) ក្រោយបុរសរូបនោះបានប៉ះពាល់ផ្ទាល់ជាមួយមាន់ឈឺ និងងាប់ នៅក្នុងកសិដ្ឋានចិញ្ចឹមមាន់របស់ខ្លួន។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឱ្យដឹងថា មានករណីឆ្លងជំងឺផ្តាសាយបក្សីប្រភេទ (H5N1) ចំនួន ០១ករណី កើតលើបុរសអាយុ ៤៩ឆ្នាំ រស់នៅភូមិទួលគ្រួស ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តបន្ទាយមានជ័យ។
ក្រសួងបន្តថា បុរសរូបនោះ ជាអ្នកចិញ្ចឹម និងថែទាំមាន់នៅក្នុងកសិដ្ឋាន ហើយបានប៉ះពាល់ជាមួយមាន់ឈឺ និងងាប់ ដែលត្រូវបានរកឃើញថាមានវិជ្ជមានវីរុសផ្តាសាយបក្សី H5N1 ផងដែរ។
បច្ចុប្បន្ន បុរសជាអ្នកជំងឺរូបនោះ ត្រូវបានដាក់ឱ្យសម្រាកដាច់ដោយឡែកនៅមន្ទីរពេទ្យ និងកំពុងទទួលការព្យាបាលពីក្រុមគ្រូពេទ្យ។
ក្រៅពីនោះ ក្រសួង បាននិងកំពុងសហការជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន ធ្វើការអង្កេតស្រាវជ្រាវលើការកើតឡើងនូវជំងឺផ្តាសាយបក្សីនេះ និងស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស ព្រមទាំងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិកើតហេតុផងដែរ។
ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយ ដែលធម្មតាចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និតជាមួយបក្សីដែលឈឺឬងាប់។ ជំងឺផ្តាសាយបក្សីឆ្លងលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការព្យាបាលនៅមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ហើយបើទោះបីវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែវាអាចបំប្លែងខ្លួនអាចឆ្លង ដូចនឹងជំងឺផ្តាសាយតាមរដូវកាលផងដែរ។
ការណ៍នេះ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សី ពីព្រោះជំងឺនេះនៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ ដូច្នេះប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់ផ្តើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទៅទីប្រជុំជនដែលមានមនុស្សច្រើន ហើយត្រូវប្រញាប់ទៅពិនិត្យ និងព្យាបាលជាបន្ទាន់ ចៀសវាងការពន្យាពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ។
គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៦ នេះ ប្រទេសកម្ពុជាបានរកឃើញករណីឆ្លងជំងឺផ្តាសាយបក្សី H5N1 លើមនុស្សសរុបចំនួន ៦ ករណី ហើយ ក្នុងនោះក៏មានករណីឆ្លងលើកុមារអាយុ ៣ឆ្នាំ ឆ្លងលើស្ត្រីអាយុ ៦៦ឆ្នាំ និងកុមារីអាយុ ៩ខែផងដែរ៕

