សង្គមស៊ីវិល ស្នើរាជរដ្ឋាភិបាល និងរដ្ឋសភា ពន្លឿនការអនុម័តច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន

អង្គការសង្គមស៊ីវិល និង​សហគមន៍ជាង ១០០​ស្ថាប័ន ស្នើ​រាជរដ្ឋាភិបាល និង​ស្ថាប័ន​សភាជាតិ អនុម័ត​​ច្បាប់​ស្តីពីសិទ្ធិ​ទទួលព័ត៌មាន​ ឱ្យ​បាន​ឆាប់ ស្របតាមបទដ្ឋាន​អន្តរជាតិ និងធានា​បាន​នូវ​សិទ្ធិ​សេរីភាព​ក្នុងការ​ទទួល​​ព័ត៌​មាន​ ក្នុង​យុគសម័យ​ឌីជីថលលើគ្រប់វិស័យ។

សេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៨ របស់​អង្គការ​សង្គមស៊ីវិល​ និង​សហគមន៍​ចំនួន ១០៧ បាន​លើក​ឡើង​ថា អស់រយៈពេល​ជិត ២ទស្សវត្សរ៍​ហើយ ដែល​សេចក្តីព្រាង​ច្បាប់​​ ស្តីពីសិទ្ធិ​ទទួលព័ត៌មាន​ នេះ​បាន​ចាប់ផ្តើម​​តាក់តែងឡើង ខណៈដែលប្រជាពលរដ្ឋ​​ខ្មែរ​នៅតែ​មាន​កង្វល់​អំពី​សិទ្ធិ​របស់​ខ្លួន ក្នុងកា​រទទួលព័ត៌មាន​សាធារណៈ ដោយសារ​តែ​អាជ្ញាធរ​​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោមជាតិ នៅមានភាពស្ទាក់ស្ទើរក្នុងកា​របើក​ចំហរ ឬផ្សព្វផ្សាយ​ព័ត៌​មាន​មួយ​ចំនួន បើទោះជាគោលការណ៍ជាតិ និងអន្តរជាតិ អំពាវ​នាវ​ឱ្យ​រដ្ឋបាល​សាធារណៈ​យក​ចិត្ត​ទុក​ដាក់​ក្នុងកា​របំពេញតួនាទី និងការ​ទទួលខុសត្រូវ​របស់ខ្លួន​ក្នុងការ​បើក​ចំហព័ត៌មាន​ក៏ដោយ។

ប្រភពដដែល បន្តថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានបើក​ចំហទិន្នន័យ​​ទាក់ទង​នឹង​គម្រោង​​អភិវឌ្ឍន៍​​​ថ្នាក់​ជាតិ​មួយចំនួន ដែលនេះជាការ​រួម​ចំណែក​ក្នុងការ​លើកកម្ពស់សិទ្ធិ​ទទួល​ព័ត៌មាន​នៅកម្ពុជា។ តែ​យ៉ាង​ណា ដំណើរការ​នៃ​ការ​ផ្តល់ និង​ទទួល​ព័ត៌មាន​​សាធារណៈ​ផ្សេង​ៗ​ទៀត នៅមានកម្រិតនៅឡើយ ដែលប៉ះពាល់​ជា​យថាហេតុ​ដល់សិទ្ធិ និងផល​ប្រយោជន៍​​នានា​របស់ប្រជាពលរដ្ឋ ជា​ពិសេស​ព័ត៌មាន​សំខាន់ៗ ដូចជា ព័ត៌មានលទ្ធកម្ម​សធារណៈ និង​ព័ត៌មាន​ថវិកា​ចំណូល​ចំណាយស្ថាប័ន​សាធារណៈ ដែលពាក់ព័ន្ធនឹង​ដំណើរការ​អភិវឌ្ឍន៍​ប្រទេស និងដោយ​ផ្ទាល់​លើសិទ្ធិ និង​សុខ​មាល​ភាព​របស់​ប្រជាពលរដ្ឋជា​ច្រើន។

យ៉ាងណា ក្នុង​ទិវា​អន្តរ​ជាតិ​សិទ្ធិទទួលបាន​ព័ត៌មាន​ជា​សកលឆ្នាំ​២០២៦នេះ ក្រុម​ការ​ងារ​សិទ្ធិ​ទទួលព័ត៌មាន​នៃ​អង្គការ​​សង្គមស៊ីវិល ស្នើ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរដ្ឋសភា ពន្លឿន​ការ​អនុម័តច្បាប់ ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ ដែល​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ ក្នុង​ឆ្នាំ២០២៦ ឬឆ្នាំ២០២៧ ព្រមទាំង​បញ្ជាក់​ឱ្យ​បានច្បាស់​ និងលម្អិត អំពីព័ត៌មាន​ណា​ខ្លះ​ជា​ប្រភេទ​ព័ត៌មាន​សម្ងាត់​ក្នុងច្បាប់ស្តីពី​សិទ្ធិ​ទទួលព័ត៌មាន។

ជាមួយគ្នានេះ ពួកគេ​ក៏បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល ណែនាំ​ដល់​ក្រសួង មន្ទីរ និង​អង្គភាព​នានា​របស់​រដ្ឋ បើក​ចំហព័ត៌មាន​សាធារណៈឱ្យ​បានទូលំទូលាយ ជាពិសេស ព័ត៌មាន​ថវិកា​ចំណូល​ចំណាយ​ស្ថាប័ន​សាធារណៈ និងព័តមាន​លទ្ធកម្មសាធារណៈ និង​ពង្រឹង​និង​បង្កើត​នូវ​យន្តការ​នានា ជាពិសេស​យកចិត្ត​ទុកដាក់​លើការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​គ្រប់​ប្រភេទ រួមទាំង​ប្រព័ន្ធឌីជីថល ដើម្បីធានាថា ប្រជាពលរដ្ឋ​ ក្រុមយុវជន ជន​មានពិការ​ភាព និង​ជនជាតិ​ដើម​ភាគតិច ទទួលបានព័ត៌មាន​ពេញ​លេញ, ការ​ផ្តល់​កិច្ច​ការ​ពារ​ចំពោះ​​ប្រជាពលរដ្ឋ​ដែល​​បាន​បង្ហាញ និង​ចែក​ចាយ​នូវ​ព័ត៌មាន​ពិត​ប្រាកដ ឬ​ព័ត៌​មាន​ទាំង​ឡាយ​ណា​​ដែ​ល​បម្រើ​ដល់​ប្រ​យោជន៍​សា​ធារណៈ, ការ​ផ្សព្វ​​ផ្សាយ​​ឱ្យ​បាន​ទូលំ​ទូលាយ​អំពី​សិទ្ធិ​ទទួល​ព័ត៌​មាន, និង​ការ​បង្កើត​​ឱ្យ​​​មាន​បរិ​យា​កាស​កាន់​តែ​ប្រសើរ​ឡើង សម្រាប់​​ការ​ចូល​រួម​របស់​ប្រជា​ពលរដ្ឋ ជាពិសេស យុវជន​ក្នុង​ដំណើរ​កសាង​ផែនការ និងថវិកា លទ្ធកម្មសាធារណៈនៅគ្រប់កម្រិត។

អង្គការ​សង្គមស៊ីវិល និងសហគមន៍ទាំងនោះ មានដូចជា អង្គការ​សកម្មភាព​ដើម្បីអភិវឌ្ឍន៍ អង្គការ​បណ្តុះគំនិត អង្គការ​ពន្លកខ្មែរ អង្គការ​អនាគតកុមារ សហគមន៍ដីធ្លីនិងសហគមន៍ព្រៃឈើ​នៅតាមបណ្តាខេត្ត​មួយចំនួន និងក្រុមយុវជន​ជាដើម។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ធ្លាប់​បានឱ្យដឹងថា សេចក្តីព្រាងនេះ កំពុងត្រូវបានពិនិត្យ​ឡើងវិញ​ដោយក្រសួងយុត្តិធម៌ ហើយនឹងបន្តទៅដំណាក់កាលបន្ទាប់។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា មិនអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយបាន​ទេ នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២៦នេះ។

សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិ​​ទទួលព័ត៌មាន តាក់​តែងឡើងនៅឆ្នាំ​២០១៥ និង​បញ្ច​ប់​នៅ​ឆ្នាំ​២​០១៨ ក្រោម​​ការ​ចូល​រួម​ផ្ដល់​ធាតុ​ចូល​ពី​អង្គ​ការ​សង្គម​ស៊ីវិល។ សេច​ក្ដីព្រាង​​ច្បា​ប់​ត្រូវ​បាន​​បញ្ជូន​​ទៅ​ដល់​ក្រសួង​ព័ត៌​មាន និង​បញ្ជូន​បន្ត​ទៅ​កាន់​ក្រសួង​យុត្តិធម៌​ពិនិត្យ ហើយ​ក៏​ត្រឡប់​ចូល​​ទៅ​ក្រសួង​ព័ត៌​មាន​វិញ។ ប៉ុន្តែ​មក​ទល់​ពេល​នេះ រយៈ​ពេល​ជាង​ ១០​​ឆ្នាំហើយ ដែល​សេច​​​ក្ដីព្រាង​ច្បាប់​មួយ​នេះ នៅ​តែ​មិនទា​ន់​អនុម័ត​ចេញ​ជា​រូប​រាង​ពេញ​លេញ​នៅ​ឡើយ៕

អត្ថបទដែលជាប់ទាក់ទង