អាជ្ញាធរក្រុងប៉ោយប៉ែត ចាប់បានសត្វក្រពើ១ក្បាល ដែលហូរតាមទឹកអូរមកពីប្រទេសថៃ
អាជ្ញាធរ និងប្រជាពលរដ្ឋ ចាប់បានសត្វក្រពើនៅរស់មួយក្បាល និងសត្វក្រពើងាប់មួយក្បាល ដែលមានប្រភពមកពីប្រទេសថៃ តាមបណ្តោយអូរព្រំដែន ដែលកំពុងមានស្ថានភាពទឹកជន់លិច ស្ថិតក្នុងភូមិគីឡូ ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
រដ្ឋបាលក្រុងប៉ោយប៉ែត បានឱ្យដឹងលើបណ្តាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះថា អំឡុងពេលគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ចុះពិនិត្យស្ថានភាពទឹកជំនន់ និងអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ បានដោះស្រាយករណីបន្ទាន់មួយ ដោយចាប់បានសត្វក្រពើចំនួន ០១ក្បាល ដែលបានហូរធ្លាក់មកពីប្រទេសថៃ តាមបណ្តោយអូរព្រំដែន ដែលកំពុងមានស្ថានភាពទឹកជន់លិច ស្ថិតនៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ជាមួយគ្នានោះដែរ កម្លាំងសមត្ថកិច្ច ក៏បានប្រទះឃើញសត្វក្រពើចំនួន ០១ក្បាលផ្សេងទៀត ក្នុងស្ថានភាពងាប់ផងដែរ។
ប្រភពដដែលបន្តថា បច្ចុប្បន្ន សត្វក្រពើដែលចាប់បាន ត្រូវបានរក្សាទុក និងចាត់វិធានការទៅតាមនីតិវិធីសុវត្ថិភាពហើយ។
យ៉ាងណា រដ្ឋបាលក្រុងបានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរស់នៅតាមបណ្តោយអូរព្រំដែន និងតំបន់ដែលកំពុងរងការលិចលង់ទាំងអស់ បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសហាមដាច់ខាត ការចុះលេងទឹក ចាប់ត្រី ឬធ្វើដំណើរឆ្លងកាត់តំបន់ទឹកជ្រៅដោយគ្មានការចាំបាច់ និងត្រូវយកចិត្តទុកដាក់លើកុមារតូចៗ ដើម្បីជៀសវាងគ្រោះថ្នាក់លង់ទឹក និងការយាយីពីសត្វអាសិរពិស ឬសត្វសាហាវនានា។ ក្នុងករណីប្រទះឃើញសត្វសាហាវ ដូចជា ក្រពើ ពស់ ឬជួបប្រទះស្ថានភាពអាសន្នណាមួយ សូមរាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចដែលនៅជិតបំផុតជាបន្ទាន់ ដើម្បីចុះអន្តរាគមន៍បានទាន់ពេលវេលា៕

