ពុទ្ធបរិស័ទជាច្រើននាក់ មកថ្វាយបង្គំ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ដើម្បីស្ដាប់ឱវាទ ប្រគេនទេយ្យទាន និងបច្ច័យបួន
ខេត្តសៀមរាប ៖ នៅថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ដែលថ្ងៃនេះ ជាថ្ងៃកោរ ឃើញមានប្រជាពុទ្ធបរិស័ទជាច្រើននាក់ បានអញ្ជើញមកពីបណ្ដាក្រុង-ខេត្ត និងរាជធានីភ្នំពេញ មកថ្វាយបង្គំ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម (សិរីសុវណ្ណោ) ដើម្បីស្ដាប់ឱវាទ ប្រគេននូវទេយ្យទាន និងបច្ច័យបួន សម្រាប់ទំនុកបម្រុងព្រះសង្ឃ ក្នុងសម័យកាលចាំវស្សារយៈពេលបីខែ នៅអារាមដ្ឋាន វត្តរាជបូណ៌ មានទីតាំងក្នុងក្រុងសៀមរាប។
សូមបុណ្យកុសល និងចិត្តជ្រះថ្លា របស់លោកអ្នក នាំមកនូវសេចក្តីសុខចម្រើន និងជួបនូវពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕


