អ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទអូរផ្អុង នៅលើភ្នំគូលែន

ខេត្តសៀមរាប ៖ ក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទអូរផ្អុង នៅលើភ្នំគូលែន ដែលកំពុងរងការខូចខាត រចនាសម្ពន្ធមួយចំនួន ឱ្យបានរឹងមាំឡើងវិញ។

ប្រាសាទអូរផ្អុង ដែលកសាងឡើងពីឥដ្ឋ បច្ចុប្បន្ន មានស្នាមប្រេះហែកកាន់តែធំ ធ្វើឱ្យដុំឥដ្ឋជាច្រើន ប្រឈមនឹងការជ្រុះធ្លាក់ ហើយជញ្ជាំងឥដ្ឋផ្នែកខ្លះ ក៏កំពុងជ្រុះធ្លាក់ ដែលឈានទៅរកបាត់ទម្រង់ដើម នៃប្រាសាទ។

មន្ត្រីទទួលបន្ទុកការដ្ឋានជួសជុល លោក ពុទ្ធ សុទ្ធ ឱ្យដឹងថា ក្រុមការងារកំពុងរៀបចំជួសជុលប្រាសាទអូរផ្អុងនេះ ជាច្រើនផ្នែក ដូចជា៖ ពង្រឹងខឿនផ្នែកខាងក្រោម ខ្លោងទ្វារខាងមុខ ពង្រឹងជញ្ជាំងឥដ្ឋលើស៊ុមទ្វារ ជើងជញ្ជាំង ដែលពុកផុយទាំងបួនជ្រុង ដំបូល របស់រួតទី៣ ជួសជុលស្នាមប្រេះ លុបថ្នក់ទឹក ព្រមទាំងទល់ទ្រប្រាង្គ និងសម្អាតដោយដកកូនរុក្ខជាតិ ដែលដុះលើជញ្ជាំងប្រាសាទផង។

លោក ពុទ្ធ សុទ្ធ បន្តទៀតថា ប្រាសាទនេះ រងការខូចខាតខ្លាំង ដោយកត្តាទឹកភ្លៀង និងរុក្ខជាតិ ដែលដុះចាក់ឬសធ្វើឱ្យគ្រឹះស្រុត បណ្តាលឱ្យមានស្នាមប្រេះតូចធំ ជាច្រើនកន្លែង។ បញ្ហាសំណើម ក៏ធ្វើឱ្យខឿន របស់ប្រាសាទពុកផុយ។

កាលពីឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរា ធ្លាប់បានធ្វើការជួសជុលប្រាសាទអូរផ្អុងម្ដងមកហើយ ដោយការជួសជុលកាលណោះ គឺពង្រឹងផ្នែកខាងក្រៅ នៃជញ្ជាំងទាំង ៤ជ្រុង និងជួសជុលរួតទី១ និងទី២។

ប្រាសាទអូរផ្អុង គឺជាក្រុមប្រាសាទមួយ ក្នុងចំណោមប្រាសាទផ្សេងទៀតនៅលើភ្នំគូលែន ដូចជា៖ ប្រាសាទដំរីក្រាប ប្រាសាទរោងចិនអ្នកតា និងប្រាសាទខ្ទីងស្លាប់។ល។ ប្រាសាទនេះ បានកសាងឡើង នៅលើទីខ្ពស់ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ អំឡុងសតវត្សរ៍ទី៨ នៃគ្រីស្ដសករាជ៕

អត្ថបទ៖ ឆាយ ផាន់នី

រូបភាព៖ យី សុថា

Detail Bottom – Saly Gas
Detail Bottom – GTVC Speedboat Cambodia
អត្ថបទដែលជាប់ទាក់ទង