ប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យកាត់ដេរឆ្នាំ២០២៧ មានចំនួន ២១២ដុល្លារក្នុងមួយខែ

លទ្ធផល​នៃ​​ការចរចា​​​​​ប្រាក់ឈ្នួលអប្បបរមា​របស់កម្មករនិយោជិត នៅឆ្នាំ​២០២៧ មានចំនួន ២១០ដុល្លារក្នុង​មួយ​ខែ ខណៈរាជរដ្ឋាភិបាល​​បាន​សម្រេច​ផ្តល់បន្ថែមចំនួន ២ដុល្លារទៀត ដែល​ធ្វើ​ឱ្យ​ប្រាក់ឈ្នួល​​គោល​សម្រាប់​កម្មករ​និយោ​ជិត​​ផ្នែក​​វាយ​នភណ្ឌ​កាត់​ដេរ ផលិត​ស្បែក​ជើង និង​ផលិត​ផលិត​ផល​ធ្វើដំណើរនិងកាបូប សម្រាប់​ឆ្នាំ​២០២៧ ឡើង​ដល់ ២១២ដុល្លារ​ក្នុង​មួយ​ខែ។

នេះបើតាម​សេចក្តីជូនដំណឹង​ស្តីពី​លទ្ធផល​នៃកិច្ច​ប្រជុំ​របស់​ក្រុមប្រឹក្សា​​ជាតិ​ប្រាក់ឈ្នួល​អប្ប​បរមា អាណត្តិ​ទី​៤ នៃក្រសួង​កា​រងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៦នេះ។

ក្រសួង​ការ​ងារ បានឱ្យដឹងថា តាមការ​​​បោះឆ្នោត​ពីតួលេខ​ដែល​ខាង​ភាគី​តំណាង​កម្មករ​និយោជិត​បានដាក់ចំនួន ២២៥ដុល្លារ និង​តួលេខ​ពីខាង​តំណាង​និយោជកដែលបានដាក់ ២១០ដុល្លារ​នោះ ជា​លទ្ធផល​ គឺក្រុមប្រឹក្សាជាតិ​​ប្រាក់ឈ្នួល​អប្បបរមា បាន​សម្រេច​យក​តួលេខ ២១០ដុល្លារក្នុងមួយខែ ជា​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២៧។

តែយ៉ាងណា ប្រមុខ​រាជរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បាន​សម្រេចឱ្យ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា បន្ថែម​​ចំនួន ២ដុល្លារ​ទៀត លើ​តួលេខ​ដែលបានបោះឆ្នោត​នោះ ដែលធ្វើ​ឱ្យ​ប្រាក់ឈ្នួល​អប្បបរមា​របស់​កម្មករ​និយោជិត កើន​ដល់២១២ដុល្លារ​ក្នុង​មួយខែ។

ទន្ទឹមនឹង​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បាន​ឯកភាពរក្សា​ទុក​ប្រាក់​ឧបត្ថម្ភ​បណ្តោះអាសន្ន​លើ​សាហ៊ុយ​ធ្វើដំណើរ​ និង​ថ្លៃ​ស្នាក់នៅ ចំនួន ២.៥ដុល្លារ​ក្នុង​មួយ​ខែ សម្រាប់អនុវត្ត​បន្តនៅឆ្នាំ​២០២៧​ផងដែរ។  ជាមួយគ្នា​នេះ ​អត្ថប្រយោជន៍​ផ្សេង​ទៀត​ ដូចជា​ ប្រាក់​រង្វាន់​ធ្វើកា​រទៀងទាត់​ចំនួន ១០ដុល្លារ​ក្នុង​មួយ​ខែ និង​សាហ៊ុយ​ធ្វើដំណើរ​និង​ថ្លៃ​ស្នាក់​នៅ​ចំនួន ៧ដុល្លារ​ក្នុង​មួយខែ​ ប្រាក់​រង្វាន់អតីតភាព​កា​រងារ​ចំនួន ២ដុល្លារ​ក្នុង​មួយ​ខែនៅឆ្នាំ​ទី២ និង​កើនឡើង​១ដុល្លាររៀងរាល់ឆ្នាំ​រហូត​ដល់​ឆ្នាំ​ទី​១១ ប្រាក់ថ្លៃបាយ​សម្រាប់ការ​ធ្វើការ​បន្ថែម​ម៉ោងដោយ​ស្ម័គ្រ​ចិត្ត​ចំនួន ២ពាន់រៀល​ក្នុង​មួយថ្ងៃ ឬទទួលបាន​បាយ​មួយ​ពេល​ដោយ​ឥតគិត​ថ្លៃ គឺ​នៅ​រក្សា​ដដែល។

ការណ៍នេះ ក្រសួងថា ប្រាក់ឈ្នួល​គោល​ក្នុងមួយខែ ដែលកម្មករ​និយោជិត​ ក្នុងផ្នែក​វាយនភណ្ឌកាត់​ដេរ ផលិត​ស្បែក​ជើង និងផលិត​ផលិត​ផល​ធ្វើដំណើរ​និងកាបូប ទទួល​បាន​ពិតប្រាកដ​សម្រាប់ឆ្នាំ​២០២៧ គឺស្ថិត​ក្នុង​ចន្លោះ​ពីជាង ២៣១ដុល្លារ ដល់​ជាង ២៤២ដុល្លារក្នុង​មួយខែ​។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើង​ក្នុងបណ្តាញសង្គម​របស់លោកដែរថា រាជរដ្ឋាភិបាល​នឹង​ខិតខំដាក់ចេញ​វិធានការ​ផ្សេងទៀត ដើម្បីរក្សាលំនឹងជីវភាពរបស់បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ ហើយ​ក៏នឹងខិតខំ​កែសម្រួលបរិយាកាស​វិនិយោគ និងគាំទ្រដល់ការអភិវឌ្ឍផលិតផលក្នុងស្រុក ដើម្បី​បង្កើនភាពប្រកួតប្រជែង និងទាក់ទាញវិនិយោគបន្ថែម។

គួរបញ្ជាក់ថា អំឡុង​ពេល​ចរចាប្រាក់​ឈ្នួល​គោល​សម្រាប់​កម្មករនិយោជិត​ឆ្នាំ​២០២៧ ដែលធ្វើឡើង​ចាប់តាំងពី​ដើម​ខែ​កញ្ញា ឆ្នាំ​​២០២៦​មក ក្រុម​សហជីព​ដែល​គេ​ដឹង​ថា​ឯករាជ្យ បាន​ស្នើ​​​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមាចំនួនជាង ២៥០​ដុល្លារ​ក្នុង​មួយ​ខែ។ ចំណែកក្រុមសហជីព​មួយចំនួន​ទៀត បានដាក់​ស្នើ​តួលេខចំនួន ២២៥ដុល្លារ ខណៈតំណាង​ភាគីនិយោជក បានរក្សា​តួលេខ ២១០ដុល្លារក្នុ​ងមួយ​ខែ។

ក្រៅពីនោះ គេក៏សង្កេតឃើញ​មានសហព័ន្ធសហជីព​មួយចំនួនទៀត ក៏បាន​ដាក់​​​សំណើ​ទៅកាន់​ក្រសួងការ​ងារ ស្នើ​ឱ្យរដ្ឋាភិបាល​ពិចារណា​បន្ថែមប្រាក់ឧបត្ថម្ភ​​​ការ​ធ្វើ​ដំណើរនិង​ស្នាក់​នៅ​ចំនួន ៨ដុល្លារ ​លើ​​ប្រា​ក់​​​ឧបត្ថម្ភ​​​​កា​​រធ្វើ​​ដំណើរ​​​ឬ​ស្នាក់​​នៅ​​ដែល​មាន​ស្រាប់ ដល់​​កម្មករ​​និយោ​ជិតផងដែរ​ ដើម្បី​ជួយ​​សម្រាល​​​​​បន្ទុក​​​​ជីវភាព​​ជាក់​​ស្តែង​​ និង​ជួយ​កម្មករនិយោជិតអាចមានលទ្ធភាព​​​ទទួល​​បាន​​​មធ្យោ​បាយ​​ធ្វើ​​ដំណើរ​​​​ប្រកប​​​​ដោយ​​​​សុវត្ថិ​​​​ភាព។ ប៉ុន្តែ​សំណើរនេះ ហាក់​មិនត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​របៀបវារៈនៃការ​ចរចាប្រាក់ឈ្នួល​គោល​ឆ្នាំ​២០២៧នេះឡើយ។

បើតាម​​​ការសិក្សាអំ​ពី​ប្រាក់​ឈ្នួល​រស់​នៅ​សមរ​ម្យ​របស់​​អង្គការសង់ត្រាល់ ដែល​ផ្អែក​លើកា​រ​​គណនា​ស្តង់​​​ដារ​​​ជីវភាព​​​រស់​នៅ​​សមរម្យ និង​​ផ្អែក​លើ​ការ​កើន​ឡើង​នៃ​តម្លៃ​ទំនិញ ថ្លៃ​ផ្ទះ​ជួល បន្ទុក​គ្រួសារ និង​​អតិផរណា ​បាន​​​លើក​​​ឡើង​​ថា ប្រាក់​ឈ្នួលគោល​​​​ដែល​កម្មករ​គួរ​ទទួល​បាន​ពិត​ប្រាកដ ​​ដើម្បី​រស់​​នៅ​ដោយ​ថ្លៃ​ថ្នូរ គឺ​​ចន្លោះ​ពី​ ៣០០ ទៅ ៤៥០ ដុល្លារ ក្នុង​​មួយ​​ខែ។

យ៉ាងណា បើតាមសេចក្តីជូនដំណឹង​របស់ក្រុមប្រឹក្សា​​ជាតិ​ប្រាក់ឈ្នួល​អប្ប​បរមា តំណាង​ភាគី​កម្មករនិយោជិត ក៏​បាន​​ដាក់​សំណើរ​ជូនរាជរដ្ឋាភិបាល ដើម្បីមានវិធានការ​បន្ថែម​ក្នុង​កា​រកាត់​បន្ថយ​បន្ទុកចំណាយ​ប្រចាំ​ថ្ងៃ ពង្រឹងសុវត្ថិភាព​និង​សុខ​ភាព​ការ​ងារនៅ​កន្លែ​ងធ្វើការ និងពង្រឹង​សុវត្ថិភាពមធ្យោបាយធ្វើដំណើរ​របស់កម្មករ​ និងស្នើ​សុំ​ឱ្យ​មានវិធាន​ការ​កាត់​បន្ថយ​ចំណាយ​ភស្តុ​ភារកម្ម​ ស្រប​តាម​សំណើ​របស់​តំណាង​ភាគី​និយោជក​ដែរ។

ចំណែក តំណាងភាគីនិយោជក ស្នើ​ដល់រាជរដ្ឋាភិបាល ដាក់ចេញ​នូ​វគោល​នយោបាយ​លើក​ទឹក​ចិត្ត​​ផ្នែក​សារពើ​ពន្ធ តម្លៃអគ្គិសនី និង​តម្លៃទឹក ជាពិសេស​សម្រាប់​គាំទ្រ​ដល់​កា​រអភិវឌ្ឍ​ឧស្សា​ហកម្ម​ដើម​ខ្សែ និងពាក់កណ្តាល​ខ្សែ​នៃឧស្សាហកម្ម​វាយនភណ្ឌ រួមមាន រោង​ចក្រ​ផលិត​ក្រណាត់ជ្រលក់ពណ៌ បោះពុម្ភ ដែល​ជាទូទៅ​ត្រូវ​កា​រទុនវិនិយោគ​ធំ។ ជាមួយគ្នា​នេះ តំណាង​និយោជក ក៏​បានស្នើឱ្យ​មាន​វិធានការ​បន្ទាន់​ថែមទៀត ដើម្បី​កាត់​បន្ថយ​ចំណាយ​ផ្នែក​ភស្តុ​ភារ​កម្ម ពង្រឹង​តម្លា​ភាព​ក្នុង​ការ​អនុវត្ត​វិធាន​បរិស្ថាន និងពង្រឹង​ការ​ចុះអធិការ​កិច្ច​តាម​យន្ត​ការ​អធិការ​កិច្ច​អន្តរ​​ក្រសួង​ផងដែរ៕

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង