ទំហំខូចខាតដោយសារទឹកជំនន់នៅថៃកើនដល់ ៣២០លានដុល្លារ
នៅថ្ងៃចន្ទនេះ ប្រជាពលរដ្ឋរាប់ពាន់នាក់បានទៅជ្រកកោននៅតាមមណ្ឌលជម្លៀសខ្លួនក្នុងទីក្រុងបាងកក ដែលផ្នែកមួយចំនួននៃក្រុងនេះ នៅបន្តរងការជន់លិច ក្រោយពីមានភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍ ខណៈកម្រិតទឹកក្នុងអាងស្តុកទឹក នៃខេត្តមួយនៅភាគខាងកើតប្រទេសថៃ បានកើនឡើងខ្ពស់ ដែលតម្រូវឱ្យអាជ្ញាធរចេញបញ្ជាឱ្យប្រជាពលរដ្ឋបន្ថែមទៀតជម្លៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅរសៀលថ្ងៃច័ន្ទនេះ។
តំបន់លំនៅដ្ឋានទាំងមូលត្រូវបានជន់លិច ហើយប្រព័ន្ធរំដោះទឹកក៏ត្រូវលិចលង់ទាំងស្រុងផងដែរ បន្ទាប់ពីមានភ្លៀងធ្លាក់កម្រិត ៣២០មីលីម៉ែត្រ ក្នុងរយៈពេល ២ឬ៣ថ្ងៃជាប់គ្នា កាលពីសប្តាហ៍មុន ដែលបរិមាណនេះស្ទើរតែស្មើនឹងទឹកភ្លៀងសរុប ដែលទីក្រុងមួយនេះ តែងតែទទួលបានរយៈពេលពេញមួយខែកញ្ញានោះ។
លោក អាន់សិទ្ធ ស៊ុំផាន់រ៉ាត់ (Unsit Sampuntharat) រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងមហាផ្ទៃ បានឱ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍មួយថា ប្រជាពលរដ្ឋជាង ៨០០០០នាក់ ដែលរស់នៅក្នុងតំបន់ជន់លិច មិនអាចចាកចេញពីផ្ទះសម្បែងរបស់ពួកគេបានឡើយ ដោយលោកបានបន្ថែមថា ផ្ទះបាយចល័ត និងទូកជាច្រើនគ្រឿងកំពុងត្រូវបានចល័ត ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។
លោកអះអាងថា គោលបំណង គឺផ្តល់អាហារបីពេលក្នុងមួយថ្ងៃជូនដល់ប្រជាពលរដ្ឋទាំងអស់ក្នុងអំឡុងពេល…ជន់លិច និងសម្រាប់យ៉ាងហោចណាស់រយៈពេល ៧ថ្ងៃទៀត បន្ទាប់ពីទឹកស្រកទៅវិញ ខណៈដែលភ្លៀងបន្តធ្លាក់ជាបន្តបន្ទាប់នៅថ្ងៃចន្ទនេះ។
ក្រសួងមហាផ្ទៃថៃបានឱ្យដឹងថា ទីក្រុងបាងកក គឺស្ថិតក្នុងចំណោមខេត្តចំនួន៤១នៅទូទាំងប្រទេសថៃ ដែលរងគ្រោះដោយទឹកជំនន់ ចាប់តាំងពីថ្ងៃទី១៦ ខែកញ្ញាមក ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨នាក់ និងប៉ះពាល់ផ្ទះសម្បែងជាង ៥៨ ០០០០ខ្នង។
លោក អាត់ ភិសានវ៉ានិច (Aat Pisanwanich) មកពីនាយកដ្ឋានសេដ្ឋកិច្ចនៃសាកលវិទ្យាល័យរ៉ាំងស៊ីត (Rangsit) បានលើកឡើងថា ទឹកជំនន់អាចបង្កឱ្យមានការខូចខាតផ្នែកសេដ្ឋកិច្ចយ៉ាងហោចណាស់ ១១ពាន់លានបាត (ស្មើនឹង ៣២៧ លានដុល្លារអាមេរិក) នៅទូទាំងប្រទេស ហើយការខាតបង់ទាំងនេះទំនងជានឹងកើនឡើងបន្ថែមទៀត ប្រសិនបើស្ថានភាពមិនមានភាពប្រសើរឡើង។
លោកបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ទឹកជំនន់ត្រូវបានគេរំពឹងថា នឹងកាត់បន្ថយអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំឆ្នាំចំនួន ០,៣ ភាគរយ ដែលធ្វើឱ្យអត្រាកំណើនធ្លាក់ចុះមកនៅត្រឹម ២,១ភាគរយ និងកាត់បន្ថយអត្រាកំណើនក្នុងត្រីមាសទី៣ ប្រហែល ០,៥ ភាគរយ មកនៅត្រឹម ១,៧ ភាគរយ។
ប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទីពីរនៅអាស៊ីអាគ្នេយ៍ មានកំណើនយឺតជាងប្រទេសជិតខាងក្នុងតំបន់ចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ-១៩ មកនោះ ដោយទទួលបានកំណើន ១,៩% នៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក អាត់ ភិសានវ៉ានិច បានបន្ថែមថា ទីក្រុងបាងកក និងតំបន់ភាគខាងកើតទំនងជានឹងរងផលប៉ះពាល់ខ្លាំងជាងគេ ជាពិសេស គឺអាជីវកម្មលក់ដុំ និងលក់រាយ ខណៈវិស័យឧស្សាហកម្ម និងកសិកម្មនៅតំបន់ផ្សេងទៀតក៏នឹងរងផលប៉ះពាល់ផងដែរ។
មន្ត្រីរដ្ឋបាលទីក្រុងបាងកកមួយរូបបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៥៩០១នាក់ នៅក្នុងទីក្រុងបាងកក បានផ្លាស់ទៅកាន់មណ្ឌលជម្លៀសខ្លួនបណ្តោះអាសន្នចំនួន ២៣៤កន្លែង។
ទីក្រុងបាងកក ដែលមានសំណង់អគារយ៉ាងច្រើន ស្ថិតនៅលើតំបន់ដីសណ្តទន្លេដែលជាដីឥដ្ឋទន់ និងមានកម្ពស់ត្រឹមតែ ១,៥ ម៉ែត្រពីលើកម្រិតទឹកសមុទ្រ កំពុងតែស្រុតចុះក្នុងអត្រាពីរបីមីលីម៉ែត្រក្នុងមួយឆ្នាំ ខណៈដែលប្រជាជនជាង ៨,៤លាននាក់ក្នុងទីក្រុងនេះ តែងតែប្រឈមនឹងបញ្ហាទឹកជំនន់ អំឡុងរដូវវស្សាដែលមានរយៈពេល ៦ខែ។
កាលពីឆ្នាំមុន គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅតំបន់ភាគខាងត្បូង ដែលបង្កឡើងដោយទឹកភ្លៀងកម្រិត ៦៣០ មីលីម៉ែត្រ ក្នុងរយៈពេល ៣ថ្ងៃជាប់គ្នា បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៤៥នាក់ស្លាប់ លិចផ្ទះសម្បែងជាង ៣៣០០០ខ្នង និងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាសាលារៀន មន្ទីរពេទ្យ និងផ្លូវថ្នល់ជាដើម៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

