លោក ផេហ្សេសខ្យាន អះអាងថា អ៊ីរ៉ង់លែងជឿជាក់លើការចរចាជាមួយទីក្រុងវ៉ាស៊ីនតោនទៀតហើយ

ប្រធានាធិបតីអ៊ីរ៉ង់​លោក ម៉ាស៊ូត ផេហ្សេសខ្យាន​ (Masoud Pezeshkian) បាននិយាយ​ថា ប្រទេសអ៊ីរ៉ង់លែងមានទំនុកចិត្តលើការចរចាជាមួយសហរដ្ឋអាមេរិកទៀតហើយ បន្ទាប់ពី​ការចរចាប៉ុន្មាន​លើក​កន្លងមក បាន​ត្រឹម​តែទទួលរង​ការវាយ​ប្រហារ និងការដាក់ទណ្ឌកម្មប៉ុណ្ណោះ​ ខណៈ​ក្រុងតេហេ​រ៉ង់កំពុងរង់ចាំការឆ្លើយតបចំពោះសំណើថ្មី​បំផុត​របស់ខ្លួន ដើម្បីបញ្ចប់​សង្គ្រាម។ នេះបើ​តាម​សេចក្តី​រាយការណ៍​របស់​បណ្តាញ​ព័ត៌មាន​អាល់ចាហ្ស៊ីរ៉ានៅថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ២០០៦។

លោក ផេហ្សេសខ្យាន​ បានប្រាប់បណ្តាញព័ត៌មានអាល់ចាហ្ស៊ីរ៉ា​ ដែលមានមូលដ្ឋាននៅប្រទេសកាតា តាម​រយៈ​បទសម្ភាសន៍មួយដែល​​ចាក់ផ្សាយកាលពីថ្ងៃសៅរ៍នេះ ថា អ៊ីរ៉ង់​គ្មានទំនុកចិត្តលើភាគីអាមេរិកទេ ហើយក៏មិនដឹងថា តើត្រូវ​ប្រើ​មូលដ្ឋាន​អ្វី​ ដើម្បី​​សម្រេច​បាន​ការយោគយល់គ្នាជាមួយអាមេរិក​នោះដែរ​។​

លោក ផេហ្សេសខ្យាន​ និងលោក អាប់បាស អារ៉ាកជី (Abbas Araghchi) រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានធ្វើដំណើរទៅ​កាន់​សហរដ្ឋអាមេរិកនៅសប្តាហ៍នេះ ដើម្បីចូល​រួមក្នុងកិច្ចប្រជុំរបស់មេដឹកនាំពិភពលោកនៅអង្គការសហប្រជា​ជាតិ ហើយបាន​ស្នើឱ្យ​មាន​កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាក្នុងជម្លោះរវាងអ៊ីរ៉ង់ និងសម្ព័ន្ធភាព អាមេ​រិក-អ៊ីស្រាអែល ក៏ដូច​ជា​ការ​បើកច្រកសមុទ្រហ័រមូស​​ឡើងវិញក្នុងរយៈពេល ៧ថ្ងៃ។

គួររំលឹកថា លោក អារ៉ាកជី បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា ជំហានដំបូងៗនឹងប្រើពេលពី ៤ ទៅ ៥ថ្ងៃ ហើយច្រកសមុទ្រហ័រមូស​នឹងបើកដំណើរការឡើងវិញនៅថ្ងៃទី៦  ដោយឡែក​នៅថ្ងៃទី៧ គឺចាប់ផ្តើម​ការចរចាជាមួយ​សហរដ្ឋអាមេរិក​ ដើម្បីឈានទៅរកកិច្ចព្រមព្រៀងចុងក្រោយលើចំណុចនានា ដែលបានឯកភាពគ្នាទៅវិញទៅមក។

បើ​តាមផែនការនេះ ទីក្រុងវ៉ាស៊ីនតោននឹងលុបចោលការបិទខ្ទប់ផ្លូវទឹក​នៅតាមកំពង់ផែរបស់អ៊ីរ៉ង់ ដក​ទណ្ឌកម្មលើការលក់ប្រេងរបស់អ៊ីរ៉ង់ បញ្ឈប់​ការ​បង្កក​​មូល​និធិ​ ដែលមានទឹក​ប្រាក់​ប្រមាណ ១២ពាន់លានដុល្លារ និងគោរព​បទឈប់បាញ់​នៅក្នុង​តំបន់​ រួមទាំងប្រទេសលីបង់ និងយេម៉ែនផងដែរ។

ជាការឆ្លើយតបវិញ អ៊ីរ៉ង់នឹងបើកច្រកសមុទ្រហ័រមូសឡើងវិញ ដែល​ជាច្រកសម្រាប់ដឹកជញ្ជូនប្រេង និងឧស្ម័ន ដែល​មាន​ចំណែក​ប្រមាណមួយភាគប្រាំនៃបរិមាណជួញដូរទូទាំង​ពិភពលោកមុនពេលមានសង្គ្រាម ហើយក៏ជាចំណុចសំ​ខាន់ ដែលទីក្រុងតេហេ​រ៉ង់ប្រើប្រាស់ ដើម្បីបង្កើតឥទ្ធិពល ឬអំណាចចរចារបស់ខ្លួន​ផងដែរ។

ជុំវិញបញ្ហា​នេះដែរ ប្រធានាធិបតីអ៊ីរ៉ង់លោក ផេហ្សេសខ្យាន​ បានប្រាប់បណ្តាញព័ត៌មានអាល់ចាហ្ស៊ីរ៉ា​ថា ប្រទេស​កាតា និងប៉ាគីស្ថាន ដែលដើរតួជាអ្នកសម្របសម្រួល កំពុងបញ្ជូនសាររបស់អ៊ីរ៉ង់ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។

លោកបានបញ្ជាក់ថា ការចរចានេះ គឺផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលភាគីទាំងពីរបានសម្រេច​កាលពីខែមិថុនា ហើយសហរដ្ឋអាមេរិកត្រូវតែបញ្ជាក់ឱ្យច្បាស់អំពីជំហររបស់ខ្លួនលើកិច្ចព្រមព្រៀងនោះ ដែលបានផុតសុពលភាពកាលពីខែមុន​។

គួរ​រំលឹកថា សង្គ្រាមនៅតំបន់​មជ្ឈឹម​បូព៌ា​បានចាប់ផ្តើមកាល​ពី​ចុងខែកុម្ភៈ នៅពេល​ដែល​សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ដែលបានសម្លាប់មេដឹកនាំកំពូលលោក អាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei) របស់អ៊ីរ៉ង់​។

ជុំវិភាពចម្រូងចម្រាស​នេះ លោក ផេហ្សេសខ្យាន​ ក៏បានបដិសេធផងដែរថា អ៊ីរ៉ង់​មិនមែនជាអ្នកទទួលខុសត្រូវចំពោះ​ការបិទច្រកសមុទ្រហ័រមូស​នោះទេ ដោយលោក​បាន​បន្ទោស​ថា សហរដ្ឋអាមេរិក គឺជាអ្នកបិទផ្លូវទាំងនោះមុន។ លោកបាន​ចាត់ទុក​​ការ​បិទ​ច្រក​សមុទ្រហ័រមូស​ថា ជាប្រតិកម្មបែប​ធម្មជាតិមួយ នៅពេលដែលផ្លូវធ្វើដំណើររបស់អ៊ីរ៉ង់ត្រូវបានកាត់ផ្តាច់។

លោកបានសង្កត់​ធ្ងន់​ថា វិបត្តិអាចត្រូវបានដោះស្រាយតាមរយៈការចរចា ជាជាងការប្រើប្រាស់កម្លាំង ហើយថា ផ្លូវទឹកនោះនឹងបើកដំណើរការឡើងវិញសម្រាប់ការ​ដឹកជញ្ជូនពាណិជ្ជកម្ម ប្រសិនបើការចរចានាំទៅរកការបញ្ចប់សង្គ្រាម។

ជាងនេះទៅទៀត​ លោកបានហៅសហរដ្ឋអាមេរិកថា ជាអ្នកឈ្លាន​ពាននៅក្នុងជម្លោះនេះ ដោយអះអាង​ថា អ៊ីរ៉ង់ “មិនបានវាយប្រហារប្រទេស​ណាមួយឡើយ​ក្នុងរយៈពេល២០០​ឆ្នាំមក​នេះ​” ។ លោកបន្ថែម​ទៀត​ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានអូសប្រទេសក្នុងតំបន់ឱ្យ​ចូលក្នុងសង្រ្គាមនេះ ដោយជឿថា ប្រព័ន្ធដឹកនាំ​របស់​អ៊ីរ៉ង់ “នឹង​ដួល​រលំ​ក្នុង​រយៈ​ពេល​ត្រឹម​ប៉ុន្មានថ្ងៃប៉ុណ្ណោះ” ។

មេដឹកនាំ​អ៊ីរ៉ង់​រូបនេះ អះអាង​បន្ត​ទៀត​ថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានប្រើ​ប្រាស់​ដែនអាកាសនៃបណ្តាប្រទេស​ឥស្លាមមួយចំនួន ដើម្បី​វាយ​ប្រហារ​លើ​អ៊ីរ៉ង់​​ ហើយអ៊ីរ៉ង់បាន​កំណត់គោលដៅលើមូលដ្ឋាន ដែលកងកម្លាំងអាមេរិក​ប្រើប្រាស់នៅក្នុងតំបន់ ដោយសារប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់​ធ្វើឡើងចេញពីមូលដ្ឋានទាំងនោះ។

លោកថា ទីក្រុងតេហេ​រ៉ង់មិនបានធ្វើ​អ្វី ក្រៅពីក្របខ័ណ្ឌច្បាប់អន្តរជាតិនោះទេ ហើយខ្លួនគ្រាន់តែឆ្លើយតបនៅ​ពេល​ដែល​ភាគី​ផ្សេង​ទៀត​រំលោភ​លើច្បាប់ទាំងនោះប៉ុណ្ណោះ។

មេដឹកនាំរូបនេះ​ ក៏បានភ្ជាប់​ការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ ទៅនឹងយុទ្ធសាស្ត្រ ដែលអ៊ីស្រាអែលបាន​ប្រើប្រាស់នៅ​ក្នុង​សង្គ្រាម​ប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាផងដែរ៕

ប្រែសម្រួល​អត្ថបទដោយ៖ លោក អ៊ួច​ សូនី

អត្ថបទដែលជាប់ទាក់ទង