នាយកប្រតិបត្តិក្រុមហ៊ុន OpenAI និង Anthropic ត្រូវបានកោះហៅឱ្យចូលបំភ្លឺនៅអូស្ត្រាលីជុំវិញការស៊ើបអង្កេតពាក់ព័ន្ធ AI

ប្រធាន​ក្រុម​ស៊ើបអង្កេត​បាន​និយាយ​កាលពីថ្ងៃអាទិត្យ​ថា នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន OpenAI និងអ៊ែនស្រូភិក (Anthropic) ត្រូវបាន​កោះហៅ​ឲ្យ​ចូល​បង្ហាញខ្លួន​នៅក្នុង​ការស៊ើបអង្កេត​របស់​ព្រឹទ្ធសភា​អូស្ត្រាលី​លើ​បញ្ញាសិប្បនិម្មិត (AI) តែ​ប៉ុន្មានថ្ងៃ​បន្ទាប់ពី​មាន​ការបង្ហាញថា បូតអូភិន​អេអាយ​ (OpenAI bot) ​បាន​លួច​ចូល​មូលដ្ឋាន​ទិន្នន័យ​នៃ​​ប្រព័ន្ធ​សុខាភិបាល​របស់​ប្រទេសអូស្ត្រាលី​។ នេះបើ​យោងតាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យ​ទ័រ​កាលពីថ្ងៃ​អាទិត្យ​។​

​​នាយករដ្ឋមន្ត្រីអូស្ត្រាលី​ អ៊ែនថូនី អាល់បានីស (Anthony Albanese) បាន​ថ្កោល​ទោស​ការ​ជ្រៀត​ចូល​ប្រព័ន្ធ​សុខាភិ​បាល​នេះ ហើយ​បាន​ហៅករណី​នេះថា ជា​ឧប្បត្តិហេតុ​ដ៏​លេច​ធ្លោ​បំផុត​មួយ​ពាក់​ព័ន្ធ​នឹង​ភ្នាក់ងារ AI ដែល​ចូល​លុក​លុយ​​​ប្រព័ន្ធ​ព័ត៌មាន​ខាង​ក្រៅ​នៃ​​ទឹក​ដីអាមេរិក។

លោក សាំ អាល់​មែន (Sam Altman) ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ OpenAI និងលោក ដារីយ៉ូ អាម៉ូដេ​ (Dario Amodei) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អ៊ែនស្រូភិក​ ត្រូវបានកោះអញ្ជើញ​តាម​រយៈ​លិខិត​ជាលាយ​លក្ខណ៍អក្សរ ដើម្បីបង្ហាញ​ខ្លួននៅក្នុងការសាកសួរ​​ ដែលនឹងធ្វើឡើងនៅរដ្ឋធានីកង់បេរ៉ានៅថ្ងៃព្រហស្បតិ៍ខាងមុខ។​​ នេះ​បើយោងតាម​អ្នកនាំពាក្យរបស់សមា​ជិក​ព្រឹទ្ធសភា សារ៉ា ហានសិន​ យ៉ាំង​ (Sarah Hanson-Young) មកពីគណបក្សឆ្វេងនិយម អូស្ត្រាលីហ្គ្រីន (Australian Greens Party) ដែលជាប្រធានក្រុម​ដឹកនាំ​ការស៊ើបអង្កេតនេះ​។

ក្រុមហ៊ុន OpenAI និងក្រុមហ៊ុន​ Anthropic មិនបានឆ្លើយតបភ្លាមៗចំពោះសំ​ណើសុំការអត្ថាធិប្បាយជុំវិញ​បញ្ហា​នេះ​បានទេ។

ទោះបីជា​យ៉ាងណា អ្នកជំនាញគោលនយោបាយបច្ចេកវិទ្យានិយាយថា ការជ្រៀត​ជ្រែក​ដោយ​ភ្នាក់​ងារ AI របស់​ក្រុមហ៊ុន​ OpenAI ទៅលើស្ថាប័នមួយ​ក្នុងចំណោ​ម​ស្ថាប័ន​​​រដ្ឋ​ ដែលមាន​អ្នក​ប្រើប្រាស់សេវា​ច្រើនបំផុតរបស់ប្រទេសនេះ អាចជំរុញឱ្យរដ្ឋាភិបាលរបស់​គណបក្ស​ពលកររបស់​លោក អាល់បានីស រឹតបន្តឹង​ច្បាប់ជាក់លាក់បន្ថែមទៀត​ទាក់​ទង​នឹង​បច្ចេក​វិទ្យា​ AI ហើយ​ករណី​នេះ​អាច​បន្ថែមសម្ពាធដល់ទំនាក់ទំនងអូស្ត្រាលី-សហរដ្ឋអាមេរិក ដែលត្រូវបាន​សាក​​ល្បង​រួចមកហើយ​តាម​រយៈ​ការដាក់ចេញ​បម្រាម​របស់ទីក្រុងកង់បេរ៉ា​មិន​ឱ្យ​ក្មេង​ជំទង់​ប្រើប្រាស់​បណ្តាញ​សង្គម​។

ការស៊ើបអង្កេតរបស់ព្រឹទ្ធសភាកំពុងពិនិត្យមើលផលប៉ះពាល់ដែលអាចកើតមាន​នៃបញ្ញាសិប្បនិម្មិត (AI) និងមជ្ឈ​មណ្ឌលទិន្នន័យទៅលើសហគមន៍ ឧស្សា​ហកម្ម វិស័យ​ធនធាន​ទឹក និងថាមពលនៅ​ក្នុង​ប្រទេសអូស្ត្រាលី។ វាគឺ​ជា​ការស៊ើប​អង្កេតមួយក្នុងចំណោមការស៊ើបអង្កេតជាច្រើនរបស់រដ្ឋ និងសហព័ន្ធទៅលើបញ្ញាសិប្បនិម្មិត AI។

លោកស្រី ហានសិន យ៉ាំង​ បានសង្កត់​ធ្ងន់​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មាន​សំ​ណួរធ្ងន់ៗជាច្រើនសម្រាប់លោក សាំ អាល់មែន ដែល​ត្រូវ​ឆ្លើយអំពីការលួចជ្រៀត​ចូលគេហទំព័ររបស់រដ្ឋាភិបាលអូស្ត្រាលីដោយក្រុមហ៊ុន​ OpenAI។

លោកស្រីបាននិយាយថា លោក អាល់មែន​ និងលោក អាម៉ូដេ​ ត្រូវតែបង្ហាញខ្លួន ដើម្បី​ប្រឈមមុខនឹងសំណួររបស់ព្រឹទ្ធសភា និងធ្វើការសន្ទនាដោយស្មោះត្រង់អំពីអ្វីដែលជា​បទប្បញ្ញត្តិមានប្រសិទ្ធភាព និងយូរអង្វែង ដែលគួរ​មាន​សម្រាប់​ឧស្សាហកម្មបច្ចេកវិទ្យា​មួយ​នេះ។

កាល​ពីថ្ងៃព្រហស្បតិ៍ លោក អាល់បានីស​ បាន​បង្ហើបឱ្យ​ដឹង​​អំ​ពីការជ្រៀត​​ចូល​មូលដ្ឋាន​ទិន្នន័យនៃ​​ប្រ​ព័ន្ធ​សុខាភិ​បាល​ដែល​​កើត​មាន​តាំង​ពីខែមិថុនា ដោយ​លោក​បាន​ហៅករណីនេះ​ថា មិនអាចទទួលយកបាន និង​បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងទៅកាន់លោក អាល់មែន។

ក្រុមហ៊ុន OpenAI អះអាង​ថា ខ្លួនទើបតែបានដឹងអំពីការជ្រៀតចូល​​មូលដ្ឋាន​ទិន្នន័យ​របស់​ក្រសួង​សុខាភិបាល​អូស្ត្រាលី​​​​កាលពីខែ​សីហាកន្លងទៅនេះ​​ ​ជា​ករណី​មួយក្នុងចំណោមករណីជ្រៀតចូល​គេហទំព័ររបស់​រដ្ឋាភិបាល​អូស្ត្រាលី​យ៉ាង​ហោច​ណាស់​​បួន​ ប៉ុន្តែ​​​ថា ឧប្បត្តិហេតុនេះមិនមែនជាចេតនានោះ​ទេ ហើយវាក៏​មិនបានធ្វើឱ្យប៉ះពាល់ដល់ព័ត៌មាន​ឯកជនណាមួយ​ដែរ​៕

ប្រែសម្រួលអត្ថបទដោយៈ លោក អ៊ួច សូនី

អត្ថបទដែលជាប់ទាក់ទង