លោក ត្រាំ និងលោក ស៊ី បង្ហាញភាពស្និទ្ធស្នាលក្នុងពិធីជប់លៀងផ្លូវរដ្ឋ ប៉ុន្តែមានវឌ្ឍនភាពតិចតួចលើបញ្ហាសំខាន់ៗ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន ស៊ី ជីន​ពីង បានផ្លាស់ប្តូរពាក្យសម្ដីយ៉ាងរាក់​ទាក់​ នៅក្នុងពិធីលាង​សាយ​ភោជន៍​​នា​ពេលល្ងាចដ៏អធឹក​​អធម​​មួយ នៅសេតវិមាន ប៉ុន្តែបាន​បង្ហាញតិចតួចណាស់អំពីវឌ្ឍនភាពលើបញ្ហា​បន្ទាន់​​មួយ​ចំនួន​។ នេះបើ​តាម​សេចក្តី​រាយការណ៍​របស់​បណ្តាញ​ព័ត៌មាន​ BBC នៅរសៀល​ថ្ងៃទី២៥ ខែ​កញ្ញា ឆ្នាំ​២០២៦។​

លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់ថា ប្រទេសនានាគួរតែធានាថា AI នៅតែស្ថិតនៅ​ក្រោមការគ្រប់គ្រងរបស់មនុស្ស និងធ្វើសកម្មភាពក្នុងនាម​ជាប្រទេសធំៗ ដែលមានការ​ទទួល​​ខុសត្រូវ ខណៈពេលលោក ត្រាំ​ បានអបអរសាទរ​ចំពោះ​អនា​គត​នៃភាព​សុខ​ដុមរមនា សន្តិភាព និងភាពជោគជ័យ សម្រាប់ប្រទេសទាំងពីរ។

ទោះបីជាមានភាព​ល្អូក​ល្អើ​ន​ផ្នែក​ការទូតក៏ដោយ ប៉ុន្តែភាពតានតឹងនៅតែកើត​មាន រួមទាំងបញ្ហាតៃវ៉ាន់ផងដែរ ដោយលោក ស៊ី បានជំរុញលោកត្រាំតាំងពីព្រឹក​ថ្ងៃ​​ព្រហ​ស្បតិ៍​ ឱ្យប្រកាន់យកជំហរត្រឹមត្រូវ​លើដែន​កោះ ដែល​គ្រប់គ្រង​ដោយខ្លួនឯង ដែលក្រុងប៉េកាំងអះអាងថា ជាទឹកដី​របស់ខ្លួន ចំពេលលោក ត្រាំ បាន​ផ្អាក​​កញ្ចប់​អាវុធដ៏ធំ​មួយ​សម្រាប់តៃវ៉ាន់នោះ​​។

មេដឹកនាំ​អាជីវកម្ម​មហាសេដ្ឋី មន្ត្រី​រដ្ឋបាល​លោក ត្រាំ​ និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក ស្ថិត​ក្នុង​ចំណោម​ភ្ញៀវ​កិត្តិយស​ដែល​ចូល​រួម​នៅក្នុង​​ពិធី​ជប់លៀង​នេះដែរ​។

ទោះជាយ៉ាងណា ការមកដល់របស់ពួកគេ ត្រូវបានស្វាគមន៍​ដោយក្រុម​បាតុករ ដែលស្រែកពីខាងក្រៅ ហើយ​មានអ្នកខ្លះក្នុង​ចំណោម​នោះ ត្រូវបានចាប់ខ្លួន​​។

ថ្លែងទៅកាន់អ្នកតវ៉ា​ដែលបានប្រមូលផ្តុំគ្នានៅល្ងាចថ្ងៃព្រហស្បតិ៍នោះ​ លោក ត្រាំ​ បានថ្លែងអំណរគុណដល់លោក ស៊ី​ ចំពោះការធ្វើដំណើរផ្លូវ​ឆ្ងាយមកកាន់សហរដ្ឋអា​មេរិក ហើយបាននិយាយថា ទំនាក់ទំនងរវាង​មេដឹកនាំ​ទាំងពីរ គឺរឹងមាំ។ លោក ត្រាំ បាននិយាយ​ថា ដូចជា​គ្មាន​ពេលណាដែល​លោក​ទាំង​ពីរ​ចុះសម្រុងគ្នាបានល្អជាងពេល​នេះទេ។

លោក​បាន​សរសើរ​ប្រវត្តិសាស្ត្រ​ដ៏​យូរអង្វែង​នៃ​ទំនាក់ទំនង​អាមេរិក-ចិន ខណៈ​ពេល​​លោក​បានឆ្លៀត​ពេល​​ងាក​ទៅ​អួតសរសើរ​​គម្រោង​សាងសង់សាល​ប្រជុំដ៏ធំ​របស់​លោក​​​ ដែល​កំពុង​ដំណើរការសាងសង់​​។

ថ្លែង​ដោយ​គ្មាន​ការ​ព្រៀង​ទុក លោក ត្រាំ ​បាន​និយាយ​ថា ជាការ​ទទួល​ស្វាគមន៍​ពិសេស។ មេដឹកនាំ​ចិន និង​ភរិយា​របស់​​លោក ​អាច​ជា​មនុស្ស​ដំបូង​គេ ​ដែល​ចូល​ទៅ​​​សាលប្រជុំ​ ដែល​នៅ​សល់​រយៈ​ពេល​មួយ​ឆ្នាំ​ទៀត​ទើប​បញ្ចប់ការ​សាងសង់​។

លោក ត្រាំ​ ក៏បានប្រគល់ជូនលោក ស៊ី នូវរូបចម្លាក់ឥន្ទ្រី ជានិមិត្តរូបជាតិរបស់អាមេរិក ដោយលោកនិយាយថា វាតំណាងឱ្យស្មារតីសេរី និងភាព​ស្វាហាប់របស់អាមេរិក​។

ទន្ទឹមនឹងនេះ លោក ស៊ី បានថ្លែងអំណរគុណដល់លោក​ ត្រាំ​ ដែលបានស្វាគមន៍លោក និងភរិយារបស់លោកដោយការយកចិត្តទុកដាក់ និងការពិចារណាយ៉ាងល្អិតល្អន់ ដែលធ្វើឱ្យ​លោក​និងភរិយា​ មានអារម្មណ៍ដូចនៅផ្ទះយ៉ាងពិត​ប្រាកដ។

លោក​បាន​និយាយ​​ថា មេដឹកនាំ​ទាំង​ពីរ​កំពុងបង្កើត​ប្រវត្តិសាស្ត្រ​ក្នុង​ទំនាក់ទំនង​​ទ្វេ​ភាគី​។

លោក ស៊ី បាន​បន្ថែម​​ថា លោក​និង​លោក ត្រាំ បានព្រមព្រៀងគ្នាកសាងទំនាក់ទំ​នង​ចិន-អាមេរិក ដែលមានស្ថិរភាពជាយុទ្ធសាស្ត្រ និងបែប​ស្ថាបនា ដោយបន្ថែម​ថា ប្រទេសទាំងពីរបានចែករំលែកការផ្លាស់ប្តូរដោយស្មោះត្រង់ និង​ស៊ីជម្រៅ ដែលនឹងជួយ​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

មិន​ខុស​ពី​​លោក ត្រាំ​ ដែរ ការថ្លែង​​របស់លោក ស៊ី​ គឺ​ផ្តោត​លើ​ការសរសើរ​គ្នា​យ៉ាងខ្លាំង ដោយ​ផ្តោតលើ​ទំនាក់ទំនង​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​រួម​រវាង​សហរដ្ឋអាមេរិក និង​ចិន។

នៅចុងបញ្ចប់នៃសុន្ទរកថា​ លោកស៊ី បាននិយាយថា គោលដៅរបស់សហរដ្ឋអាមេរិក និងចិនអាចពង្រឹងគ្នាទៅវិញទៅ​មក។ លោកបានជំរុញឱ្យភាគីទាំងពីរស្វែងរក​វិធីសាស្រ្តថ្មីសម្រាប់ប្រទេសធំៗ ដើម្បីចុះសម្រុងគ្នា។

សេតវិមានបានអញ្ជើញមន្ត្រីអាមេរិកជាច្រើននាក់ ព្រម​ទាំង​ប្រព័ន្ធផ្សព្វផ្សាយបែប​អភិរក្ស ម្ចាស់​ក្រុមហ៊ុន​ឧស្សាហ​កម្ម​បច្ចេកវិទ្យា នាយកប្រតិបត្តិប្រព័ន្ធផ្សព្វ​ផ្សាយសង្គម និងនាយកប្រតិបត្តិសាជីវកម្មល្បីផ្សេងទៀត៕

ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

អត្ថបទដែលជាប់ទាក់ទង