អ៊ីរ៉ង់ទទូចឱ្យមានដំណោះស្រាយការទូត បន្ទាប់ពីលោក ត្រាំ បដិសេធផែនការសន្តិភាព

កាលពីថ្ងៃអាទិត្យ​ អ៊ីរ៉ង់បានទទូចថា មានតែយន្ត​ការ​ការទូតប៉ុណ្ណោះ​ ដែលអាចដោះ​ស្រាយជម្លោះជាមួយសហរដ្ឋ​អាមេ​រិក និង​អ៊ីស្រាអែលបាន​ បន្ទាប់ពីប្រ​ធានាធិប​តីអាមេរិកលោក​ ដូណាល់ ត្រាំ បដិសេធសំណើរបស់អ៊ីរ៉ង់ ដើម្បី​បើក​ច្រក​សមុទ្រ​ហ័រមូសឡើងវិញ និងបញ្ចប់ការប្រយុទ្ធគ្នា​។ នេះបើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យ​ទ័រ​​នៅ​ថ្ងៃអាទិត្យ​នេះ​។​

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស អារ៉ាកជី (Abbas Araqchi) បានបង្ហោះសារ​តាម​បណ្តាញ​ផ្សព្វផ្សាយសង្គម​ថា លក្ខខណ្ឌរបស់​អ៊ីរ៉ង់ គឺច្បាស់លាស់ ហើយការ​បោះជំហាន​ណា​មួយឆ្ពោះទៅរកការបើកច្រកសមុទ្រហ័រមូស​ឡើង​វិញ គឺអា​ស្រ័យ​លើការ​បំពេញ​តាម​លក្ខខណ្ឌទាំងនេះ។ លោក​ថា មានតែដំណោះស្រាយតាម​ការ​ចរចាប៉ុណ្ណោះ ទើប​អាចចាក​ចេញពីភាពជាប់គាំងបាន​។

គួររំលឹកថា អ៊ីរ៉ង់បានប្រកាសសំណើសន្តិភាពមួយកាលពីសប្តាហ៍មុននៅឯមហា​សន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ដោយអះអាង​ថា ខ្លួន​បានបញ្ជូនសំណើរ​នេះ​ទៅឱ្យ​អាមេរិកតាមរយៈអ្នកសម្របសម្រួលមក​ពី​ប្រទេស​​កាតា​។​ ប៉ុន្តែ​លោក ត្រាំ​ បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកបានបដិសេធផែន​ការ​នេះ ហើយអះអាងថា ភាព​អស់សង្ឃឹមកំពុងជំរុញឱ្យអ៊ីរ៉ង់ស្វះស្វែង​រក​កិច្ចព្រមព្រៀងលើផ្លូវទឹកដ៏សំខាន់នេះ​។

លោក ត្រាំ​ បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា អ៊ីរ៉ង់​ចង់សម្រេច​កិច្ចព្រម​ព្រៀងមួយ ដើម្បី​បើក​ច្រក​សមុទ្រ​ហ័រ​មូស​​​ភ្លាមៗ ពីព្រោះពួកគេកំពុងចាញ់យ៉ាង​ធ្ងន់​ធ្ងរ។

ទោះបីជាមានការ​ថ្លែងជាសាធារណៈរបស់លោក ត្រាំ​ ក៏ដោយ ក៏​អ្នកសម្រប​​សម្រួលដែលកំពុង​សម្របសម្រួលកិច្ចចរចា​របស់អ៊ីរ៉ង់ជាមួយសហរដ្ឋអាមេរិកមិនបានបង្ហាញជាផ្លូវការអំពី​ការបដិសេធរបស់សហរដ្ឋអាមេរិកចំពោះ​ផែន​ការនេះទេ​។

សហរដ្ឋអាមេរិកបានបិទផ្លូវសេដ្ឋកិច្ចរបស់​អ៊ីរ៉ង់ ដើម្បីដាក់សម្ពាធលើទីក្រុងតេហេ​រ៉ង់ ឱ្យបញ្ឈប់ការវាយប្រហារទៅ​លើ​នាវាដឹកទំនិញ​តាម​​ច្រកសមុទ្រហ័រមូស ដែលធ្វើ​ឱ្យ​ការដឹកជញ្ជូនឆ្លងកាត់តំបន់នោះធ្លាក់​ចុះ​យ៉ាងខ្លាំង ទោះ​បីជា​លោក ត្រាំ​ អះអាងម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកគ្រប់គ្រងផ្លូវទឹកនេះក៏ដោយ។

កាសែតវ៉លស្ទ្រីតជឺណល (Wall Street Journal) បានរាយការណ៍មុន​គេ​ថា លោក ត្រាំ​ បានបដិសេធសំណើរបស់អ៊ីរ៉ង់ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះ។

កាសែតវ៉លស្ទ្រីតជឺណល បានសរសេរ​ថា លោក ត្រាំ​ មានការសង្ស័យជុំវិញ​ការ​ណ៍ដែល​ថា អ៊ីរ៉ង់នឹងបំពេញតាមការទាមទាររបស់លោក​ ហើយបានប្រាប់មន្ត្រី​របស់លោក​ថា យុទ្ធនាការទម្លាក់គ្រាប់បែក​ទំនងជាបន្ត​ឡើងវិញ​ បន្ទាប់​ពី​ការ​បោះ​ឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិកនៅខែវិច្ឆិកាខាងមុខ​។

មន្ត្រីអាមេរិកម្នាក់បាននិយាយមុននេះថា កិច្ច​ពិភាក្សាជាមួយអ៊ីរ៉ង់តាមរយៈអ្នកសម្របសម្រួល គឺមាន​លក្ខណៈ​វិជ្ជមាន និងបែប​ស្ថាបនា។

អ៊ីរ៉ង់ក៏បានទាក់ទង​​ជាមួយគូប្រជែងអារ៉ាប៊ីសាអូឌីតផងដែរ​ទាក់ទងនឹងច្រកសមុទ្រហ័រមូស​ ដោយគូសបញ្ជាក់​ពី​ហានិភ័យ​នៃជម្លោះរយៈពេលប្រាំពីរខែនេះ ដែលបានរំខានដល់លំហូរប្រេងតាមផ្លូវដឹកជញ្ជូនដ៏សំខាន់នេះ និងបាន​ប៉ះ​ពាល់​ដល់សេដ្ឋកិច្ចពិភពលោក។

ជាមួយគ្នានេះដែរ លោក អារ៉ាកជី​ បានប្រាប់អ្នកយកព័ត៌មាននៅអង្គការសហប្រ​ជាជាតិកាលពីថ្ងៃសុក្រថា កិច្ចព្រមព្រៀងដែលបានស្នើឡើងនេះ នឹងមានការរាប់ថយក្រោយរយៈពេលប្រាំពីរថ្ងៃ ដើម្បីបើកច្រកសមុទ្រឡើងវិញ និងការផ្អាកការប្រយុទ្ធគ្នាក្នុងតំបន់។

លោក អារ៉ាកជី បានបន្ត​ថា ប្រសិនបើមានភាពប្រាកដប្រជា​ពី​ភាគី​អាមេរិកក្នុងការឈានទៅ​រក​កិច្ចព្រមព្រៀង និងការ​បើកច្រកសមុទ្រហ័រមូស​ឡើងវិញ នោះ​អ្វីៗគ្រប់យ៉ាង នៅពេលនេះ ត្រូវបានរៀបចំរួចរាល់ហើយ។ ប្រសិនបើសហរដ្ឋអាមេរិកយល់ព្រម ភាគីជម្លោះអាចចាប់ផ្តើមការចរចាកាន់តែទូលំទូលាយលើប្រ​ធានបទដែលបានព្រមព្រៀងគ្នា។

ទោះបីជា​យ៉ាងណា កិច្ច​ព្រមព្រៀង​ណាមួយ​នោះអាចរួមបញ្ចូលការពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយ​លោក ត្រាំ ធ្លាប់​និយាយ​ថា ទីក្រុងតេហេ​រ៉ង់មិន​ត្រូវទទួលបានគ្រាប់បែកនុយក្លេអ៊ែរឡើយ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់​បានប្រាប់ទីភ្នាក់ងារ​ព័ត៌មាន​រ៉យ​ទ័រ​ថា អ៊ីរ៉ង់នឹងមិនដក​ថយ​ឡើយជុំវិញ​កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ទោះ​បី​ជាសហរដ្ឋ​អាមេរិក​ទទួល​យក​កិច្ចព្រមព្រៀងសន្តិភាពរបស់ខ្លួនក៏ដោយ។

មន្ត្រីរូបនេះបាននិយាយថា អ៊ីរ៉ង់នឹងមិនផ្តល់សម្បទានណាមួយលើសិទ្ធិរបស់ខ្លួនឡើយ រួមទាំងការចម្រាញ់​ជាតិអ៊ុយ​រ៉ាញ៉ូម ឬ​ការដឹកជញ្ជូនជាតិអ៊ុយរ៉ាញ៉ូមដែលចម្រាញ់​បាន​របស់ខ្លួនចេញពីប្រទេស៕

ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

អត្ថបទដែលជាប់ទាក់ទង