តម្លៃប្រេងកើនឡើង ខណៈការចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បន្តជាប់គាំង

នៅ​ថ្ងៃចន្ទនេះ តម្លៃប្រេងបានហក់​ឡើងវិញជាង ១% បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធកិច្ចព្រមព្រៀងសន្តិភាព ដែល​ស្នើ​ដោយ​ប្រ​ទេសអ៊ីរ៉ង់ ដើម្បីដោះស្រាយជម្លោះ និងបើកច្រកសមុទ្រហ័រមូស (Strait of Hormuz) ឡើងវិញ។ ការណ៍​នេះ​ ធ្វើឱ្យភាពតានតឹងក្នុង​តំបន់មជ្ឈិមបូព៌ានៅតែ​បន្ត​កើនឡើង។ នេះបើ​យោងតាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យ​ទ័រ​​នៅព្រឹកថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២៦នេះ។​

តម្លៃប្រេងឆៅនៅលើ​សន្ទស្សន៍ប្រ៊េ​ន (Brent) បានកើនឡើង ១,៣២ដុល្លារ​ ឬស្មើ​ ១,២៧​ភាគរយ​ ដល់តម្លៃ​ ១០៥,៦៤​ដុល្លារក្នុងមួយបារ៉ែល គិត​ត្រឹមម៉ោង ៧កន្លះព្រឹក​នៅកម្ពុជា​ ខណៈប្រេងឆៅនៅលើ​សន្ទស្សន៍​ វ៉េស តិចសាស អ៊ីនធើ​មីឌាត (West Texas Intermediate) របស់អាមេរិកមានតម្លៃ ៩៣,១១ដុល្លារក្នុងមួយបារ៉ែល គឺ​កើន​ឡើង ៧០សេន ឬស្មើ​ ០,៧៦% ។

កាលពីសប្តាហ៍មុន នៅឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក អ៊ីរ៉ង់បានប្រកាសពីសំណើសន្តិភាព​មួយ ដោយបញ្ជាក់ថា សំណើ​នេះ ត្រូវបានបញ្ជូនទៅកាន់ភាគីអាមេរិកតាមរយៈអ្នកសម្របសម្រួលមកពីប្រទេ​ស​​កាតា​។

កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានថ្លែងថា លោកបានបដិសេធផែនការនោះ ប៉ុន្តែបានប្រាប់សារព័ត៌មានអ៊ែកស៊ីអូ​ស (Axios) នៅក្នុងបទសម្ភា​ស​ន៍តាមទូរស័ព្ទកាលពីថ្ងៃអាទិត្យម្សិល​មិញ​ថា លោករំពឹងថា អ្នកចរចាអាមេរិកនឹងបន្តការចរចាបន្ថែមទៀតនៅក្នុងសប្តាហ៍នេះ។

អ្នកវិភាគរបស់ធនាគារ ANZ ជា​ធនាគារដ៏ធំមួយនៅអូស្ត្រាលី​បានលើកឡើងនៅក្នុងរបាយការណ៍មួយថា ហានិភ័យ​ផ្នែកភូមិសាស្ត្រនយោបាយនៅតែមានកម្រិតខ្ពស់ ខណៈក្រុមហ៊ូទី​ (Houthis) និងប្រទេសអ៊ីរ៉ង់បន្តវាយប្រហារ​លើប្រទេសអារ៉ាប៊ីសាអូឌីត ដែលធ្វើឱ្យខ្សែច្រវាក់​ផ្គត់ផ្គង់ក្នុងតំបន់ប្រឈមនឹងហានិភ័យ។

សម្ព័ន្ធភាពយោធា​​ដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានឱ្យ​ដឹង​កាល​ពី​ព្រឹកថ្ងៃសៅរ៍ថា ខ្លួនបានស្ទាក់ចាប់កាំជ្រួចផ្លោង​រយៈ​ចម្ងាយ​ឆ្ងាយ​ពីរគ្រាប់​ និងយន្តហោះគ្មានមនុស្សបើកចំនួនពីរ បាញ់ដោយក្រុមហ៊ូទី​ ដែលគាំទ្រដោយអ៊ីរ៉ង់មក​លើ​ព្រះរាជាណាចក្រអារ៉ាប់​នេះ។

កាលពីសប្តាហ៍មុន តម្លៃប្រេងតាម​សន្ទស្សន៍​ប៊្រេន​ (Brent) បានកើនឡើងបន្តិចបន្តួច​ គឺ​ ០,៤% ប៉ុន្តែតម្លៃប្រេងនៅលើ​សន្ទស្សន៍​ វ៉េស តិចសាស អ៊ីនធើមីឌាត (WTI) បានធ្លាក់ចុះ ៧,៩% ដោយសារក្តីបារម្ភថា សហរដ្ឋអាមេរិកអាចនឹងហាមឃាត់ការនាំចេញប្រេងម៉ាស៊ូត ដើម្បីកាត់បន្ថយតម្លៃ ដែលកំពុងឡើងដល់កម្រិតខ្ពស់បំផុតនេះ ហើយ​​វិធានការនេះ អាចនឹងកាត់បន្ថយផលិតកម្មនៃការចម្រាញ់ប្រេង​នៅក្នុងសហរដ្ឋអាមេរិក។

ក្រុម​អ្នកវិភាគរបស់ធនាគារ ANZ បានលើកឡើងថា ផលិតផលប្រេងដែលបានចម្រាញ់រួចនៅតែជាកត្តាបង្ក​​សម្ពាធ ដោយតម្លៃប្រេងម៉ាស៊ូតនៅសហរដ្ឋអាមេរិកបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ដែល​ការណ៍​នេះ ធ្វើឱ្យហានិភ័យនៃអតិផរណាកាន់តែធ្ងន់ធ្ងរ និងជំរុញឱ្យមានការពិភាក្សា​ឡើងវិញអំពីលទ្ធភាពនៃការដាក់​កម្រិតលើការនាំចេញនេះ​។

ក្រុម​អ្នក​វិភាគ​បានបន្ថែមថា រាល់ការរឹតត្បិតលើការនាំចេញប្រេងម៉ាស៊ូតរបស់សហ​រដ្ឋអាមេរិក នឹងធ្វើឱ្យការផ្គត់​ផ្គង់​នៅក្រៅសហរដ្ឋអាមេរិកមានភាពលំបាក​ ខណៈដែលតម្លៃប្រេងនៅអឺរ៉ុបនឹងប្រែប្រួល​ ដោយសារ​តែក្តីរំពឹង​នៃការ​ថយចុះការ​​ផ្គត់ផ្គង់របស់​អាមេរិក។

ទន្ទឹមនឹងនេះ ទិន្នន័យវិភាគ​បឋមពីក្រុមហ៊ុន​ខេភ្ល័រ​ (Kpler) ដែលបានចេញផ្សាយ​នៅ​ថ្ងៃចន្ទនេះ​ បានបង្ហាញថា ការនាំចេញប្រេងឆៅពីបណ្តាប្រទេសផលិតប្រេងសំខាន់ៗនៅតំបន់​មជ្ឈិមបូព៌ាបានកើន​ឡើងវិញនៅក្នុង​ខែកញ្ញានេះ​ ដោយកើន​ដល់កម្រិត ១២,៨ លានបារ៉ែលក្នុងមួយថ្ងៃ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង​កាល​​ពី​ខែកុម្ភៈ ខណៈប្រទេសអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមបានបង្កើនការ​នាំចេញរបស់ខ្លួនផងដែរ​។

ទិន្នន័យនេះ បានបង្ហាញថា ការកើនឡើងជា​ថ្មី​នេះបានកើតមាន​ បន្ទាប់ពីមានសក្ម​ភាព​ឡើងវិញនៃការដឹកជញ្ជូន​​ប្រេង​តាមច្រកសមុទ្រហ័រមូស​ ដែលគេរំពឹងថា នឹងកើនដល់ប្រហែល ៧,៤ លានបារ៉ែលក្នុងមួយថ្ងៃនៅក្នុង​ខែនេះ ខណៈ​ប្រទេ​ស​អារ៉ាប៊ីសាអូឌីតបានបង្វែរការនាំចេញពីកំពង់ផែយ៉ាន​ប៊ូ​ (Yanbu) នៅសមុទ្រក្រហម ទៅកាន់កំពង់​ផែរ៉ាស តានូរ៉ា (Ras Tanura) នៅភាគខាងកើតវិញ បន្ទាប់ពីមានការវាយប្រហារ ដែលបង្កការខូចខាតដល់បំពង់បង្ហូរប្រេងអ៊ីសវ៉េស​ (East-West) របស់ខ្លួននាពេលថ្មីៗនេះ​៕

ប្រែសម្រួលអត្ថបទដោយ៖ លោក​ អ៊ួច សូនី

អត្ថបទដែលជាប់ទាក់ទង