ចិន និងអាមេរិកព្រមព្រៀងកាត់បន្ថយពន្ធគយដែលមានទំហំទឹកប្រាក់ ៣០ពាន់លានដុល្លារ និងចាប់ផ្តើមជជែកអំពីបញ្ញាសិប្បនិម្មិត (AI)
កាលពីថ្ងៃសៅរ៍ ប្រទេសចិនបានប្រកាសថា ខ្លួនបានឯកភាពជាមួយសហរដ្ឋអាមេរិកលើកិច្ចព្រមព្រៀងកាត់បន្ថយពន្ធបដិការក្នុងទំហំទឹកប្រាក់ ៣០ពាន់លានដុល្លារ និងចាប់ផ្តើមជជែកអំពីបញ្ញាសិប្បនិម្មិត (AI) ស្របតាមកិច្ចព្រមព្រៀង៨ចំណុច ដែលសម្រេចបាន អំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ស៊ី ជីនពីង ទៅកាន់ទីក្រុងវ៉ាស៊ីនតោននាពេលថ្មីៗនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦។
ក្រសួងការបរទេសចិនបានឱ្យដឹងថា ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្ម និងពង្រីកលទ្ធផលនៃការចរចា ដែលបានធ្វើឡើងកាលពីពេលមុននៅទីក្រុងគូឡាឡាំពួរផងដែរ។
គួររំលឹកថា កិច្ចព្រមព្រៀងនេះធ្វើឡើងបន្ទាប់ពីមានការសម្រេចចិត្តពីសំណាក់ប្រទេសទាំងពីរ ដែលមានសេដ្ឋកិច្ចធំជាងគេក្នុងពិភពលោក ក្នុងការបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មរយៈពេល ២ខែទៀត ដែលគ្រោងនឹងត្រូវផុតកំណត់នៅថ្ងៃទី១០ ខែវិច្ឆិកា ខាងមុខនេះ។
ការសម្រេចចិត្តនេះផ្តល់ពេលវេលាបន្ថែមទៀតសម្រាប់ការចរចាឈានទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលអាចនឹងមានទំហំធំជាងមុន។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក ស្កុត បេសសិន (Scott Bessent) កាលពីថ្ងៃពុធ។
កិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃរវាងលោក ស៊ី និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ចប់កាលពីថ្ងៃសុក្រ និងបានបង្ហាញពីការពង្រឹងទំនាក់ទំនងផ្ទាល់ខ្លួន ច្រើនជាងការសម្រេចបាននូវលទ្ធផលធំដុំជាសាធារណៈ។
លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីក្រសួងការបរទេសចិន បានឱ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍មួយថា ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ បានពង្រឹងទំនាក់ទំនងបែបស្ថាបនា និងមានស្ថិរភាពរវាងចិន និងសហរដ្ឋអាមេរិក ថែរក្សាស្ថិរភាពរួមនៃទំនាក់ទំនងទ្វេភាគី បើកទំព័រថ្មីមួយនៅក្នុងទំនាក់ទំនងចិន-អាមេរិក និងមានឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់សន្តិភាព និងការអភិវឌ្ឍពិភពលោក។
ក្រសួងការបរទេសចិនបានឱ្យដឹងទៀតថា ពាក់ព័ន្ធបញ្ហាបញ្ញាសិប្បនិម្មិត (AI) ភាគីទាំងពីរបានឯកភាពគ្នាធ្វើកិច្ចសន្ទនាអំពីហានិភ័យ និងអត្ថប្រយោជន៍នៃបច្ចេកវិទ្យានេះ ដោយកិច្ចពិភាក្សានៅជុំបន្ទាប់ គ្រោងធ្វើឡើងនៅខែវិច្ឆិកា ព្រមទាំងបានឯកភាពបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ករណីផ្សេងៗដែលពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិតផងដែរ។
ក្រសួងការបរទេសចិនក៏បានឱ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយផងដែរថា ក្រុងប៉េកាំងឱ្យតម្លៃចំពោះការដែលក្រុងវ៉ាស៊ីនតោនប្រើប្រាស់ពាក្យថា «បញ្ញាដ៏អស្ចារ្យ» ជំនួសឱ្យពាក្យថា «បញ្ញាសិប្បនិម្មិត»។
សេចក្តីថ្លែងការណ៍នោះបានបន្តថា នៅពេលដែលបច្ចេកវិទ្យា AI បន្តរីកចម្រើន ភាគីទាំងពីរគួរតែបង្កើនការផ្លាស់ប្តូរ និងខិតខំស្វែងរកការឯកភាពគ្នាស្របតាមការវិវត្តថ្មីៗ។
ជាងនេះទៅទៀត ភាគីទាំងពីរក៏បានឯកភាពគាំទ្រគ្នាទៅវិញទៅមកក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) និងកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G20 ដោយមេដឹកនាំទាំងពីរមានគម្រោងនឹងចូលរួមក្នុងកិច្ចប្រជុំ ដែលភាគីម្ខាងទៀតធ្វើជាម្ចាស់ផ្ទះ។
ដោយឡែក ពាក់ព័ន្ធនឹងគោលនយោបាយការបរទេសវិញ ក្រសួងការបរទេសចិនបានឱ្យដឹងថា មេដឹកនាំទាំងពីរបានឯកភាពគ្នាថា អ៊ីរ៉ង់គួរតែគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ហើយមិនគួរមានប្រទេស ឬស្ថាប័នណាមួយកំណត់កម្រៃសេវាសម្រាប់ការធ្វើដំណើរឆ្លងកាត់ផ្លូវទឹកអន្តរជាតិនោះទេ។
ស្ថានទូតអាមេរិកប្រចាំទីក្រុងប៉េកាំងមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពីទីភ្នាក់ងារព័ត៌មានរ៉យទ័រនោះទេ៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

