លោក ស៊ី ជីនពីង នឹងជំរុញឱ្យលោក ត្រាំ បញ្ឈប់ការលក់អាវុធឱ្យតៃវ៉ាន់ ស្របតាមកិច្ចព្រមព្រៀងឆ្នាំ១៩៨២

លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី​ចិន ត្រូវបានគេរំពឹងថា នឹងជំរុញឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បញ្ឈប់ការលក់អាវុធ​​ទៅឱ្យកោះតៃវ៉ាន់ ស្របតាមសេចក្តីថ្លែងការណ៍រួមឆ្នាំ​១៩៨២ អំឡុង​ពេលនៃ​ការបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះ ដោយលោកអាច​នឹង​លើកឡើងពីបញ្ហានេះ នៅឯបណ្ណសារជាតិអាមេរិក (US National Archives)។ នេះបើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌​មាន​​រ៉យ​​ទ័រ​ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ​២០២៦។

ប្រទេសចិន តែងតែ​លើក​ឡើង​អំពីបញ្ហាតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកជាទឹក​ដី​របស់ខ្លួននោះ ថា ជាបញ្ហាការ​ទូត​ដ៏រសើប និងសំខាន់បំផុតរបស់ខ្លួន ហើយ​បាន​អំពាវនាវម្តងហើយម្តងទៀតឱ្យបញ្ឈប់ការលក់អាវុធ។

សហរដ្ឋអាមេរិក មានកាតព្វកិច្ចតាមផ្លូវច្បាប់​ ក្នុងការផ្តល់មធ្យោបាយការពារខ្លួនដល់​​កោះតៃវ៉ាន់ ដែលគ្រប់គ្រងតាម​បែបប្រជាធិបតេយ្យ ទោះបីជាមិនមានទំនាក់ទំនងការទូតជាផ្លូវការក៏ដោយ។ រដ្ឋាភិបាលតៃវ៉ាន់ ច្រាន​ចោល​ការអះអាងរបស់ទីក្រុង​ប៉េកាំងដែលថា តៃវ៉ាន់ស្ថិត​​ក្រោម​អធិបតេយ្យភាពរបស់​ក្រុង​ប៉េកាំង​។

ប្រភពព័ត៌មាន​បី ដែលដឹងពីកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងចិន មុនពេ​ល​លោក ស៊ី ជិន​ពីង​ ធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍នេះ ដើម្បី​ជួប​​​កំពូលជាមួយលោក ត្រាំ បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យ​ទ័រ​ថា ប្រទេសចិនទំនងជានឹងលើកឡើងពីការបកស្រាយរបស់ខ្លួននៅក្នុង​​សេចក្តីថ្លែងការណ៍​រួម​ទី​៣ ​​នៃ​​សេចក្តីថ្លែងការណ៍​រួមទាំងបី ដែល​ប្រទេសទាំងពីរបានចុះហត្ថលេខានៅឆ្នាំ១៩៨២។

ក្រោមក្របខ័ណ្ឌនោះ សហរដ្ឋអាមេរិក បានបញ្ជាក់ថា ខ្លួនមានបំណងកាត់បន្ថយ​ការលក់អាវុធទៅឱ្យតៃវ៉ាន់ជាបណ្តើរៗ ហើយមិនមានបំណងលក់អាវុធរយៈ​ពេលវែងទៅឱ្យទីក្រុងតៃប៉ិនោះទេ។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងកំណត់ហេតុមួយដែលភ្ជាប់មកជាមួយនោះ ប្រ​ធានាធិបតីអាមេរិកនៅពេលនោះ គឺលោក រ៉ូណាល់ រីហ្គែន (Ronald Reagan) បានលើកឡើងថា ឆន្ទៈអាមេរិកក្នុងការកាត់បន្ថយការលក់អាវុធ គឺអាស្រ័យទាំង​ស្រុងទៅលើការបន្តប្តេជ្ញាចិត្តរបស់ប្រទេសចិនចំពោះដំណោះស្រាយដោយសន្តិវិធី ចំពោះការ​ខ្វែង​គំនិត​​​គ្នាជាមួយកោះតៃវ៉ាន់។

ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ប្រទេសចិនបានបង្កើនសកម្មភាពយោធារបស់​​​ខ្លួនយ៉ាងខ្លាំងនៅជុំវិញ​កោះ​តៃវ៉ាន់ រួមទាំងការធ្វើសមយុទ្ធយោធាដែលមានការ​សាកល្បងបាញ់មីស៊ីលគ្រាប់​ពិត​ផងដែរ។ កងកម្លាំងប្រដាប់អាវុធ​របស់ចិនធ្វើ​​ប្រតិបត្តិការនៅជុំវិញកោះតៃវ៉ាន់ស្ទើរតែជារៀងរាល់ថ្ងៃ។

ក្រសួង​ការបរទេសចិនបានថ្លែងថា រដ្ឋាភិបាលចិនប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះ​​ការលក់អាវុធរបស់សហរដ្ឋ​អាមេរិក​ទៅឱ្យកោះតៃវ៉ាន់ ហើយថា ការគោរពតាម​សេចក្តីថ្លែងការណ៍រួមទាំងបី និងការសន្យាពីមុនៗរបស់សហរដ្ឋ​អាមេរិក​ពាក់​​ព័ន្ធនឹងបញ្ហាតៃវ៉ាន់ គឺជាលក្ខខណ្ឌចាំបាច់ សម្រាប់កិច្ចអភិវឌ្ឍទំនាក់ទំនងប្រកប​ដោយស្ថិរភាព និង​ភាពល្អប្រសើរ។

លោក ស៊ី នឹងមកដល់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃពុធ ដោយកិច្ចពិភាក្សាជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ហើយ​ការទៅទស្សនាបណ្ណសារដ្ឋាននឹងធ្វើឡើង​នៅថ្ងៃសុក្រ។

មន្ត្រីសេតវិមានម្នាក់បាននិយាយថា លោក ត្រាំ បានថ្លែងថា លោកនឹងធ្វើការសម្រេចចិត្តលើកញ្ចប់លក់អាវុធថ្មីក្នុង​រយៈពេលដ៏ខ្លីខាងមុខ។

នៅក្នុងអាណត្តិទី​១ របស់គាត់ លោក ត្រាំ​ បានយល់ព្រមលក់អាវុធឱ្យតៃវ៉ាន់ច្រើន​​ជាងប្រធានាធិបតីដទៃទៀតក្នុង​​​ប្រវត្តិសាស្ត្រ ហើយក្នុងអាណត្តិទីពីររបស់លោក​ លោក ត្រាំ បានអនុម័តលក់​អាវុធនៅ​ឆ្នាំ​ដំបូង​នៃអាណត្តិ​របស់​លោក​​​ច្រើនជាងការយល់​ព្រម​ក្នុង​រយៈ​ពេល​៤ឆ្នាំក្រោមអាណត្តិ​ប្រធានាធិបតី ចូ បៃឌិន​ (Joe Biden) ទៅទៀត​។

ក្រសួងការបរទេសតៃវ៉ាន់ បានថ្លែងថា ខ្លួនបន្តតាមដានយ៉ាងដិតដល់នូវការវិវត្តនៃការផ្លាស់ប្តូរទំនាក់ទំនងកម្រិត​​ខ្ពស់រវាងសហរដ្ឋអាមេរិក និងចិន ស្របពេលដែលរក្សាការទំនាក់ទំនងយ៉ាងរឹងមាំជាមួយសហរដ្ឋអាមេរិក៕

ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

អត្ថបទដែលជាប់ទាក់ទង