ប្រភពព័ត៌មានជាច្រើនថា អាមេរិកនឹងបើកមូលដ្ឋានយោធាថ្មីចំនួនពីរកន្លែងនៅតំបន់ហ្គ្រីនឡែន

យោងតាមប្រភពព័ត៌មាន​ចំនួនបីដែលដឹងរឿង​នេះ បាន​ឱ្យ​ដឹង​​ថា​ សហរដ្ឋអាមេរិក​​មានគម្រោងបង្កើតឡើងវិញ​ នូវមូលដ្ឋានយោធាសម័យសង្គ្រាមត្រជាក់នៅភាគ​​ខាង​ត្បូងនៃតំបន់​ហ្គ្រីន​ឡែន (Greenland) និងបង្កើតមូលដ្ឋានមួយ​ទៀត​នៅឆ្នេរសមុទ្រភាគខាងកើត ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងមួយ ដែលគ្រោងនឹងចុះហត្ថលេខាជាមួយ​ប្រទេសដាណឺម៉ាក និងកោះហ្គ្រីនឡែន​នៅថ្ងៃអង្គារនេះ​។ នេះបើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារព័ត៌​មាន​​​រ៉យ​ទ័រ ​នៅព្រឹក​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ២០២៦។

ប្រភព​​ព័ត៌មាន​ពីរនាក់ បានឱ្យដឹងថា ទីតាំងទាំងនោះរួមមានតំបន់​ណាសាស្វាក ( Narsarsuaq) ដែលចំនួនប្រជាជន​បានធ្លាក់ចុះមកនៅក្រោម​៦០​នាក់​ប៉ុណ្ណោះ ចាប់តាំងពីសហរដ្ឋអាមេរិកបានបិទមូលដ្ឋានយោធា​ប៊្លូវ៉េស​វ័ន (Bluie West One) របស់ខ្លួននៅក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ និងម៉េស្ទ័រស្វីក (Mestersvig) ដែលជាប៉ុស្តិ៍យោធាប្រើប្រាស់​ដោយក្រុមល្បាតប្រើរទេះអូសដោយសត្វឆ្កែ ដែលជាអង្គភាពកងកម្លាំងពិសេសរបស់ប្រទេសដាណឺម៉ាក។

ប្រទេសដាណឺម៉ាក ហ្គ្រីនឡែន និងសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី នៅ​ឯ​មហា​សន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក នៅវេលាម៉ោង ១០:៣០ ព្រឹក នៅថ្ងៃអង្គារនេះ។

ខ្លឹមសារនៃកិច្ចព្រមព្រៀងនេះមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយ​​ទេ ហើយមនុស្សបីនាក់ដែលដឹងពីដំណើរ​ការនៃកិច្ចព្រមព្រៀងនេះ និង​សុំមិនបញ្ចេញឈ្មោះ បាននិយាយថា ព័ត៌មានលម្អិតនឹងមិនទាន់ត្រូវបានកំណត់​ជាស្ថាពរ​នោះទេ រហូតទាល់តែមានការចុះហត្ថលេខារួច​រាល់​។

រដ្ឋាភិបាលនៃប្រទេសដាណឺម៉ាក និងហ្គ្រីនឡែន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការ​អត្ថាធិប្បាយ​របស់​ទីភ្នាក់​​ងារព័ត៌​មាន​រ៉យ​ទ័រ​ទេ។

អ្នកនាំពាក្យសេតវិមាន បានបដិសេធមិនធ្វើអត្ថាធិប្បាយលើព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះ ដោយបាន​បញ្ជាក់​​ឡើងវិញ​នូវសេចក្តីថ្លែងការណ៍លើក​មុនថា ការ​​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃអង្គារនេះ នឹង “ធានា និងការពារសន្តិសុខរបស់កោះហ្គ្រីនឡែន និងសហរដ្ឋអាមេរិក”។

ប្រទេសដាណឺម៉ាក ​បានលើកឡើងថា កិច្ចព្រមព្រៀងនេះដាក់បញ្ហាសន្តិសុខនៅតំបន់អាក់​ទិក (Arctic) ឱ្យស្ថិតក្រោម​ការឃ្លាំមើលរបស់អង្គការណាតូ (NATO) ដែលជា​សម្ព័ន្ធភាពការពារផ្នែក​យោធា ជាជាងទុកឱ្យស្ថិតនៅក្រោម​ការទទួលខុសត្រូវ​របស់សហរដ្ឋអាមេរិក និងដាណឺម៉ាកទាំង​ស្រុងនោះ​​។

កិច្ចព្រមព្រៀងនេះកើតឡើង បន្ទាប់ពីមានការដាក់សម្ពាធអស់រយៈពេលជាច្រើនខែពីសំណាក់ប្រធានាធិបតីអាមេ​​រិក លោក ដូណាល់ ត្រាំ ដែលបានលើកឡើងជា​យូរមកហើយថា លោកចង់ឱ្យសហរដ្ឋអាមេរិកគ្រប់គ្រងដែន​ដី​ហ្គ្រីន​ឡែន ហើយ​ពេលខ្លះលោកថែមទាំងមិនបានបដិសេធលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធា ឬវិធានការសេដ្ឋ​កិច្ច ដើម្បីទទួលបានដែនដីរបស់ប្រទេសដាណឺម៉ាកដែល​​មានស្វ័យភាពពាក់​កណ្តាល​នេះទៀតផង។

ទោះបីជា​យ៉ាងណា លទ្ធផលស្ទង់មតិបង្ហាញថា គំនិតនេះត្រូវបានបដិសេធដោយប្រជាជនហ្គ្រីនឡែនភាគច្រើន​លើសលប់។

ការគំរាមកំហែងរបស់លោក ត្រាំ ដែលបានឈានដល់កម្រិតកំពូលនៅខែមករា បាន​បង្កឱ្យមានវិបត្តិការទូតនៅក្នុងអង្គការណាតូ (NATO) និងជំរុញឱ្យប្រទេសដាណឺម៉ាក និងដែនដីហ្គ្រីន​ឡែនចូលរួមក្នុងការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន ក្នុង​គោលបំណងបន្ធូរបន្ថយសម្ពាធ។

សូម​បញ្ជាក់ថា អំឡុងសង្គ្រាមត្រជាក់ សហរដ្ឋអាមេរិកមាន​មូលដ្ឋានយោធាចំនួន ១៧កន្លែង​ និងកងទ័ពជាង ១០,០០០ នាក់​ នៅក្នុងទឹកដីហ្គ្រីនឡែន។ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ មានតែមូលដ្ឋានអវកាសប៊ីឌូហ្វីក (Pituffik) ប៉ុណ្ណោះដែលនៅសេសសល់ ដោយមានបុគ្គលិកយោធាអាមេរិកប្រហែល ១៥០នាក់៕

ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច​ សូនី

អត្ថបទដែលជាប់ទាក់ទង