បារាំងសន្យាថា នឹងចាត់វិធានការសមស្រប បន្ទាប់ពីអ៊ីរ៉ង់បិទមជ្ឈមណ្ឌលភាសាបារាំងក្នុងទីក្រុងតេហេរ៉ង់
ក្រសួងការបរទេសបារាំង បានប្រកាសនៅថ្ងៃអាទិត្យ ទី២០ ខែកញ្ញានេះថា ប្រទេសបារាំងនឹងកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ហើយចាត់វិធានការសមស្រប ដើម្បីឆ្លើយតប បន្ទាប់ពីអាជ្ញាធរអ៊ីរ៉ង់បានបិទមជ្ឈមណ្ឌលភាសាបារាំងមួយកន្លែង ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ស្ថានទូតបារាំងប្រចាំទីក្រុងតេហេរ៉ង់។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ កាលពីថ្ងៃច័ន្ទ។
អ្នកនាំពាក្យក្រសួងការបរទេសបារាំង លោក ប៉ាស្កាល់ កុងហ្វារ៉ូ (Pascal Confavreux) បានឱ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍មួយថា “ការវាយប្រហារថ្មីនេះប្រឆាំងនឹងវត្តមានវប្បធម៌របស់បារាំងនៅក្នុងប្រទេសអ៊ីរ៉ង់ និងក្រោយពីមានការវាយដំលើបុគ្គលិកស្ថានទូតបារាំងពីរនាក់កាលពីខែកក្កដាឆ្នាំមុន គឺមិនសមហេតុផល និងមិនអាចទទួលយកបានទេ” ។
ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានភាពតានតឹងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការដែលទីក្រុងតេហេរ៉ង់បានឃុំខ្លួនពលរដ្ឋបារាំងមួយចំនួន។
ទោះបីជាទំនាក់ទំនងមានភាពប្រសើរឡើងវិញ បន្ទាប់ពីការដោះលែងជនជាតិបារាំងទាំងនោះ ហើយក្រុងប៉ារីសផ្តាច់ខ្លួនចេញពីសង្រ្គាមរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ក៏ដោយ ក៏ស្ថានភាពកាន់តែអាក្រក់ទៅៗនៅរដូវក្តៅនេះ បន្ទាប់ពីអ្នកការទូតពីររូបត្រូវបានចាប់ខ្លួន និងត្រូវបានបណ្តេញចេញជាបន្តបន្ទាប់។ បារាំងបានធ្វើតបទៅវិញដែរ។
ទីភ្នាក់ងារព័ត៌មានតាស្នីម (Tasnim) របស់អ៊ីរ៉ង់ ជាទីភ្នាក់ងារពាក់កណ្តាលផ្លូវការ បានរាយការណ៍កាលពីព្រឹកថ្ងៃអាទិត្យថា អាជ្ញាធរបានបិទមជ្ឈមណ្ឌលភាសាបារាំងមួយកន្លែង បន្ទាប់ពីមានដីកាបង្គាប់ពីការិយាល័យព្រះរាជអាជ្ញាក្រុងតេហេរ៉ង់។
អាជ្ញាធរបានអះអាងថា មជ្ឈមណ្ឌលនេះបានដំណើរការអស់រយៈពេលជាច្រើនឆ្នាំ ក្រោមលេសនៃការបង្រៀនភាសាបរទេស ទោះបីជាមានការព្រមានជាច្រើនដងឱ្យស្នើសុំអាជ្ញាបណ្ណក៏ដោយ។
អាជ្ញាធរបានចោទប្រកាន់មជ្ឈមណ្ឌលនេះថា បានធ្វើសកម្មភាពប្រឆាំងនឹងវប្បធម៌ និងសន្តិសុខជាតិរបស់ប្រទេសអ៊ីរ៉ង់ ដែលរួមមានការស្វែងរក និងការកសាងបណ្តាញទំនាក់ទំនង ព្រមទាំងការសម្របសម្រួលឱ្យជនជាតិអ៊ីរ៉ង់ដែលមានជំនាញចាកចេញពីប្រទេស។
កាលពីពេលកន្លងទៅ ប្រទេសបារាំងបានច្រានចោលការចោទប្រកាន់បែបនេះ ដោយលើកឡើងថា មានសកម្មភាពគំរាមកំហែងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នៅពេលទីក្រុងប៉ារីសព្យាយាមបង្កើនការគាំទ្រ និងការពង្រឹងទំនាក់ទំនងជាមួយសង្គមស៊ីវិលក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមានការបង្ក្រាបទៅលើការតវ៉ានានានៅដើមឆ្នាំនេះ។
ក្រុមអ្នកការទូតបានលើកឡើងថា ប្រទេសអ៊ីរ៉ង់ក៏មានការមិនពេញចិត្តផងដែរចំពោះការបង្ហោះសារថ្មីៗនេះនៅលើបណ្តាញសង្គមដោយរដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់ ណូអែល បារ៉ូ (Jean-Noel Barrot) ដើម្បីរំលឹកខួប៤ឆ្នាំ នៃការស្លាប់របស់នាង ម៉ាសា អាមីនី (Mahsa Amini) ដែលបណ្តាលឱ្យមានការតវ៉ាទូទាំងប្រទេសនោះ។
ជាការឆ្លើយតបកាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបបាស អារ៉ាជី (Abbas Araqchi) បានហៅការបង្ហោះនោះថា ជា “ការសម្តែង” ហើយបានចោទប្រកាន់ទីក្រុងប៉ារីសថាបានសម្លាប់ប្រជាជនអាល់ហ្សេរីចំនួន ១,៥ លាននាក់ អំឡុងសង្គ្រាមដណ្តើមឯករាជ្យ។
លោក អាបបាស បន្តថា ភាពស្ងៀមស្ងាត់របស់អ្នកនៅពេលដែលសហរដ្ឋអាមេរិកបានសម្លាប់សិស្សសាលារបស់យើងយ៉ាងរង្គាល បានបង្ហាញឱ្យឃើញច្បាស់នូវអ្វីៗទាំងអស់ ដោយលោកសំដៅទៅលើការវាយប្រហារមួយមកលើប្រទេសអ៊ីរ៉ង់ ដែលទីក្រុងតេហេរ៉ង់ជឿជាក់ថា សហរដ្ឋអាមេរិកជាអ្នកទទួលខុសត្រូវ។
រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ គ្រោងនឹងជួបគ្នានៅថ្ងៃអង្គារ នៅក្រៅកិច្ចប្រជុំប្រចាំឆ្នាំរបស់មេដឹកនាំពិភពលោក នៅអង្គការសហប្រជាជាតិ៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

