នាយកក្រុមហ៊ុន Nvidia ថា AI នឹងមិនវិវត្តដល់កម្រិតបំផ្លាញពិភពលោកនៅត្រឹមឆ្នាំ២០៣០ទេ

នាយកប្រតិបត្តិក្រុមហ៊ុនផលិតបន្ទះឈីបអ៊ែនវីឌា (Nvidia) ដ៏ល្បីល្បាញ​ បានលើក​ឡើងថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នឹងមិនវិវត្តដល់កម្រិតដែលធ្វើ​ឱ្យមនុស្សជាតិផុតពូជក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះទេ ដោយលោក​បានច្រានចោលការអះអាងទាំង​នោះ​ថា គ្រាន់តែ​ជា “រឿងនិទាន​អំពីអវសាន​នៃ​​ពិភព​លោក​” ដែលត្រូវបានគេ​បំផ្លើសហួសហេតុ។ នេះបើ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​ The Guardian នៅថ្ងៃច័ន្ទ​នេះ។​

លោក ជិនសិន ហ័ង (Jensen Huang) ជាសហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនផលិតបន្ទះឈីប AI បាននិយាយ​ថា ការអះអាងដែល​ធ្វើ​ឡើង​ដោយ​លោក ចាកុប ខកសិន (Jacob Coxon) អតីត​អ្នក​ស្រាវជ្រាវនៅ​ក្រុម​ហ៊ុន​អែន​​ស្រូ​ភិក (Anthropic) ថា AI អាច​ក្លាយ​ជា “កំពូល​មនុស្ស” និងសម្លាប់មនុស្សក្នុងទសវត្សរ៍នេះ គឺជា​ការលើកឡើង​​ដែល​ “គ្មានការទទួលខុសត្រូវ”។

លោក ជិនសិន ហ័ង​ បាន​លើកឡើង​នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញ​ព័ត៌មាន​ CBS News ថា ឆ្នាំ២០៣០ នឹងមិន​មែន​ជាទីបញ្ចប់នៃពិភពលោក​នោះទេ​។ ឱកាសដែល​ថា វានឹងក្លាយជាទីបញ្ចប់នៃពិភពលោកនោះ គឺស្មើសូន្យភាគរយ​។ ការធ្វើឱ្យមនុស្សភ័យខ្លាច គឺជារឿងមិនចាំបាច់ ហើយវាជាទង្វើដែលខ្វះការទទួលខុសត្រូវ។

ការលើកឡើងរបស់ លោក ខកសិន​ ដែលត្រូវ​បាន​គាំទ្រដោយ​អ្នកស្រាវជ្រាវពីររូបផ្សេង​ទៀត មកពី​ក្រុមហ៊ុន​ Claude ដែល​បង្កើត​ប្រព័ន្ធ AI បានបង្កឱ្យមានការជជែកដេញដោល​ជាលក្ខណៈអន្តរជាតិ អំពីហានិភ័យ និងកង្វះការត្រួតពិនិត្យ​លើ​បច្ចេកវិទ្យា AI ខណៈក្រុមហ៊ុននានាកំពុងប្រជែងគ្នាអភិវឌ្ឍគំរូ​ AI ដែលមានសមត្ថភាពកាន់តែខ្លាំងឡើងៗ។

ស្របពេលជាមួយគ្នានេះដែរ សមាជិកសភាអាមេរិក បានរិះគន់ក្រុមហ៊ុនបច្ចេកវិទ្យា AI ពាក់ព័ន្ធនឹងហានិភ័យនានា ខណៈ​ដែលក្រុមហ៊ុនអ៊ែនស្រូភិក​ បានចេញផ្សាយរបាយការណ៍ស្តីពីការគំរាមកំហែង ដែលបង្ហាញលម្អិតអំពីរបៀបដែលឧក្រិដ្ឋជន ក្រុមដែលទទួលបានការគាំទ្រពីរដ្ឋ អ្នកលក់កម្មវិធីប្រមូលទិន្នន័យ​ (spyware) អ្នកវិទ្យា​សាស្ត្រ និងអ្នក​ឃោសនា​បានព្យាយាមប្រើប្រាស់គំរូ AI ដែល​មានសមត្ថភាពខ្ពស់របស់ខ្លួន ដើម្បីបង្កើត​មីស៊ីល និងគ្រាប់​បែក បង្កើតវីរុស​ដ៏កាច​សាហាវ និងធ្វើចារកម្មលើក្រុមអ្នកប្រឆាំង។

លោក ដារីយ៉ូ អាម៉ូដេ (Dario Amodei) នាយកប្រតិបត្តិក្រុមហ៊ុនអ៊ែនស្រូភិក​ លោក សាំ អាល់មែន (Sam Altman) ប្រធាន​ក្រុមហ៊ុន OpenAI (ដែលជាក្រុមហ៊ុន​បង្កើត ChatGPT) និងលោក អេឡុន​ ម៉ាស់​ (Elon Musk) បានអំពាវ​នាវ​ឱ្យ​មាន​ការ​បន្ថយ​ល្បឿន​នៃ​ការអភិវឌ្ឍ​បច្ចេកវិទ្យានេះ។

ទោះជាយ៉ាងណាក៏ដោយ លោក ដូណាល់ ត្រាំ បានច្រានចោលការព្រួយបារម្ភជុំវិញការអភិវឌ្ឍបច្ចេកវិទ្យា AI ដោយចាត់​ទុកថា វាជា “រឿងបោកបញ្ឆោត” និង “ការ​សមគំនិត” ដោយ​បានបន្ថែមថា ការបន្ថយល្បឿននៃការអភិវឌ្ឍនេះ អាចផ្តល់​ផលចំណេញ ឬភាពជាអ្នកនាំមុខដល់ប្រទេសចិនទៅវិញ​។

កាលពីថ្ងៃអាទិត្យ លោក ស្កុត បេសសិន (Scott Bessent) រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក បានថ្លែងថា សហរដ្ឋ​អាមេរិក និងចិនបានព្រមព្រៀងគ្នាបង្កើត​យន្តការសន្ទនាអំពីបញ្ញាសិប្បនិម្មិត (AI) ដើម្បីជូនដំណឹងទៅ​វិញ​ទៅ​មក ក្នុងគោលបំណងជួយទប់ស្កាត់ហានិភ័យ ដែលអាចកើតមានពីបច្ចេកវិទ្យានេះ។

ទោះបីជា​យ៉ាងណា លោក ជិនសិន ហ័ង​  បានលើកឡើងថា ការព្យាករអំពីព្រឹត្តិ​ការ​ណ៍ដែលបង្កឱ្យមានការសាបសូន្យ​នៃ​មនុស្ស​ជាតិ​ ដោយសារតែបញ្ញាសិប្បនិម្មិត (AI) នោះ គឺ “គ្មានមូលដ្ឋានផ្នែកវិទ្យាសាស្ត្រ” ទេ។

លោក ហ័ង​ ក៏បានអះអាងដែរថា ការអំពាវនាវនាពេលថ្មីៗនេះ​របស់ក្រុមហ៊ុនបច្ចេកវិទ្យា AI ឱ្យមានការដាក់ចេញនូវ​បទប្បញ្ញត្តិសុវត្ថិភាពទាំងក្នុងកម្រិតជាតិ និង​អន្តរជាតិ គឺមានគោលបំណងគេចវេះពីច្បាប់ដែលមានស្រាប់ ដែល​តម្រូវឱ្យពួកគេទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន។

ដោយលើកឡើងពីករណីថ្មីៗដែលក្រុមហ៊ុន AI មួយ​ចំនួន​ រួមទាំងក្រុមហ៊ុន​ Anthropic និង OpenAI បានបង្កឱ្យមានបញ្ហាសន្តិសុខ​សាយប័រ​ អំឡុងពេលធ្វើតេស្តនោះ​ លោក ហ័ង បានអះអាង​ថា មានច្បាប់ជាច្រើនរួចទៅហើយសម្រាប់ដោះស្រាយបញ្ហាទាំងនេះ ដោយ​លោកបន្តថា ឥឡូវនេះ ចូរពិនិត្យមើលឱ្យស៊ីជម្រៅទៅលើអ្វីដែលពួកគេចង់និយាយ។ តាមពិតទៅ ពួកគេមិនបានស្នើសុំឱ្យមានច្បាប់បន្ថែមទៀតនោះទេ ប៉ុន្តែពួកគេកំពុងស្នើសុំឱ្យមានការលើកលែង ឬដកចេញនូវច្បាប់ដែលមានស្រាប់។ ហើយ នោះគឺជាបញ្ហា។

ជុំវិញ​បញ្ហា​នេះដែរ កាលពីថ្ងៃចន្ទ វិទ្យាស្ថានស្រាវជ្រាវ ថូនីប្លែរ អ៊ីនស្ទីតស្យូត​ Tony Blair Institute (TBI) បានចេញផ្សាយរបាយការណ៍មួយដែលលើកឡើងថា បណ្តាប្រទេសជា​ច្រើន​នឹងប្រឈមមុខនឹងហានិភ័យនៃការ​ចាញ់​ប្រៀប​ធ្ងន់ធ្ងរ និងកាន់តែធ្ងន់ធ្ងរឡើង ប្រសិនបើពួកគេខកខាន​ក្នុងការទទួលយកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ហើយពួកគេ​នឹង​បោះជំហាន​យឺត​ជាង​ប្រ​ទេសដទៃទៀត៕

ប្រែសម្រួលអត្ថបទ​ដោយ៖ លោក អ៊ួច សូនី

អត្ថបទដែលជាប់ទាក់ទង