អ៊ីរ៉ង់ និងអាមេរិក ចាប់ផ្តើមគំរាមដាក់គ្នាជាថ្មី បន្ទាប់ពីការវាយប្រហាររបស់ក្រុមហ៊ូទីធ្វើឱ្យជម្លោះក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើង

ប្រទេស​អ៊ីរ៉ង់ និង​សហរដ្ឋ​អាមេរិក បាន​គំរាមដាក់គ្នាជា​ថ្មី​ នៅថ្ងៃអាទិត្យ ទី​២០ ខែកញ្ញា​ ឆ្នាំ​២០២៦ ដោយ​ប្រធា​​នា​ធិបតី​អាមេ​រិក​ លោក​ ដូណាល់ ត្រាំ បាន​ព្រមាន​ថា អ៊ីរ៉ង់​នឹង​ជួប​បរា​ជ័យ​ផ្នែក​សេដ្ឋ​កិច្ច ឬ​ប្រឈម​នឹង​​កា​របា​ត់​​ប​ង់​​​ថ្នាក់​ដឹកនាំ​របស់​ខ្លួន ប្រសិន​បើមិន​ព្រម​សម្រេច​​កិច្ច​ព្រម​ព្រៀង​ណា​មួយ ប៉ុន្តែ​​យោ​​ធា​​អ៊ីរ៉ង់​បាន​ប្រកាស​ថា ខ្លួន​នឹង​សង​សឹក​យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​រាល់​ការ​វាយ​ប្រហារ​ថ្មីៗ​ណាមួយ​។ នេះ​បើ​​តាម​​សេចក្តី​រាយ​ការណ៍​​របស់​​ទីភ្នាក់​ងារ​​ព័ត៌​មាន​​រ៉យ​​ទ័រ​​កាល​ពីថ្ងៃ​​អា​ទិត្យ​។

ជម្លោះនេះហាក់ដូចជាជាប់គាំងអស់រយៈពេលជាច្រើនខែមកហើយ ដោយគ្មានសញ្ញាណាមួយបង្ហាញ​ថា ភាគីណា​មួយព្រមធ្វើការសម្របសម្រួលឡើយ ទោះបីជាសង្គ្រាម​នេះ បានធ្វើឱ្យ​វិបត្តិ​ថាមពលសកលកាន់តែធ្ងន់ធ្ងរ បំផ្លាញផ្នែក​សំខាន់ៗនៃសេដ្ឋកិច្ចអ៊ីរ៉ង់ និងបង្កឱ្យមានការកើនឡើងនៃភាពតានតឹងថ្មីៗនៅក្នុងតំបន់ក៏ដោយ។

នៅ​ក្នុង​បទសម្ភាស​តាម​ទូរស័ព្ទ​ជាមួយ​អ្នកយកព័ត៌មានរបស់បណ្តាញព័ត៌មាន​ Fox News លោក ត្រាំ បាននិយា​យ​ថា មេដឹកនាំអ៊ីរ៉ង់គួរតែសម្រេចកិច្ចព្រមព្រៀង បើមិនដូច្នោះទេ ពួកគេនឹងត្រូវរលាយហិនហោចផ្នែកសេដ្ឋកិច្ច ឬត្រូវកម្ទេច​ចោលតែម្តង។

ទោះជាយ៉ាងណាក៏ដោយ ស្របពេល​ដែល​ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ផេហ្សេសខ្យាន​ (Masoud Pezeshkian) ត្រូវបានគេរំពឹងថា នឹងមកដល់ទីក្រុងញូវយ៉កនៅសប្តាហ៍នេះ ដើម្បីចូល​រួមមហាសន្និបាត​អង្គ​ការ​សហ​ប្រជា​ជាតិនោះ លោក ត្រាំ​ បាននិយាយថា លោកបើកចំហចំពោះការជួបជាមួយមេដឹកនាំរូបនេះ។

លោក ត្រាំ បានគំរាមកំហែងម្តងហើយម្តងទៀតដោយមិនបញ្ជាក់ច្បាស់​លាស់ អំពី​ការ​បង្កើន​សកម្មភាព​​​​​​យោធាទ្រង់​ទ្រាយធំ អំឡុងពេលនៃជម្លោះដែលបានចាប់ផ្តើម​ដោយ​ការវាយប្រ​ហារ​​របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលកាល​ពី​ថ្ងៃទី ២៨ ខែកុម្ភៈ ប៉ុន្តែលោកមិនបានអនុវត្តតាម​ការគំរាមកំហែងទាំងនោះឡើយ។

មុននេះ បញ្ជាការដ្ឋានកណ្តាលនៃកងទ័ពអ៊ីរ៉ង់បានថ្លែងថា ការវាយប្រហារថ្មីណាមួយនឹងបង្កឱ្យមានការសងសឹកជាបន្តបន្ទាប់ទៅលើមូលដ្ឋាន និងផលប្រយោជន៍របស់សហរដ្ឋអាមេរិក​ហើយ​​សម្ព័ន្ធមិត្តក្នុងតំបន់របស់ទីក្រុងវ៉ាស៊ីនតោននឹងត្រូវចាត់ទុកថា ជាភាគីនៃជម្លោះនេះដែរ​។

កងទ័ពអ៊ីរ៉ង់បានបន្ថែមថា ខ្លួនទទួល​បាន​ព័ត៌មានអំពីការរៀបចំធ្វើការវាយប្រហារមួយ ប៉ុន្តែមិនបានបញ្ជាក់លម្អិតថា ជា​ព័ត៌មានអ្វីខ្លះ​នោះទេ​។

គួរ​កត់សម្គាល់ផងដែរថា សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឈូងសមុទ្របានរងផលប៉ះពាល់យ៉ាងធ្ងន់​ធ្ងរ​រួច​ទៅ​ហើយ ដោយសារសង្គ្រាម បន្ទាប់ពី​សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារដោយគ្មានការ​ព្រមាន​ទុក​​ជាមុន​ទៅលើ​អ៊ីរ៉ង់​​។ ការណ៍​នេះ​បាន​ធ្វើឱ្យទីក្រុងនានារបស់សម្ព័ន្ធមិត្ត​រងការវាយប្រហារពីសំណាក់អ៊ីរ៉ង់វិញ​ និងធ្វើឱ្យសេដ្ឋកិច្ចរបស់​ពួកគេរងការខូចខាតយ៉ាងខ្លាំង ដោយសារតែការបិទផ្លូវទឹកដ៏សំខាន់ គឺច្រកសមុទ្រ​ហ័រ​មូស (Strait of Hormuz)។

កាល​ពី​ថ្ងៃសៅរ៍ ស្ថានភាពលំបាករបស់ពួកគេកាន់តែធ្ងន់ធ្ងរឡើង ខណៈដែលក្រុមហ៊ូទីនៅ​ប្រ​ទេស​យេម៉ែន ដែលមាន​ការគាំទ្រពីអ៊ីរ៉ង់ បានបន្ត​បាញ់មីស៊ីល និងប្រើ​ប្រាស់ដ្រូន​វាយប្រហារទៅលើរដ្ឋធានីរបស់អារ៉ាប៊ីសាអូឌីត បន្ទាប់​​ពីមាន​ប្រៀប​យ៉ាងឆាប់រហ័សក្នុងសង្គ្រាមស៊ីវិលនៅយេម៉ែន ដែលបានផ្ទុះឡើងវិញកាលពីដើមខែនេះ។

វីដេអូរបស់ទីភ្នាក់ងារព័ត៌មានរ៉យ​ទ័រ​បានបង្ហាញពីផ្សែងខ្មៅយ៉ាងក្រាស់​ ដែលហុយចេញពីតំបន់អាកាសយានដ្ឋានអន្តរ​ជាតិ​ដ៏​សំខាន់របស់ទីក្រុងរីយ៉ាដ បន្ទាប់ពីមានសំឡេងផ្ទុះ​នៅពេលយប់។

ក្រសួងការបរទេសអាមេរិកបានចេញសេចក្តីជូនដំណឹងអំពីសុវត្ថិភាព ដោយលើកឡើងពីសកម្មភាពឃោរឃៅ​របស់ក្រុមហ៊ូទី។ សេចក្តីជូនដំណឹងនោះបានបញ្ជាក់ថា មានលទ្ធភាពនៃការកើនឡើងភាពតានតឹងជាយថាហេតុនៅក្នុង​តំបន់មជ្ឈិមបូព៌ា ហើយប្រជាពលរដ្ឋអាមេរិកគួរតែបង្កើនការប្រុងប្រយ័ត្ន និងត្រៀមខ្លួនចំពោះលទ្ធភាពនៃ​ការ​លុប​ចោល​​ជើង​ហោះ​ហើរ និងការបិទដែនអាកាស។

ប្រទេសអារ៉ាប៊ីសាអូឌីតមិនបានធ្វើអត្ថាធិប្បាយលើហេតុការណ៍នេះទេ ប៉ុន្តែសម្ព័ន្ធភាពដឹកនាំដោយអារ៉ាប៊ី​សាអូឌីត ដែលកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទី បានឱ្យដឹងថា ខ្លួនបានរារាំងការវាយប្រហារផ្សេងទៀតមកលើព្រះ​រាជា​ណា​ចក្រនេះ៕

ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

អត្ថបទដែលជាប់ទាក់ទង