ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់ដាក់ចេញលក្ខខណ្ឌថ្មី ដើម្បីបញ្ចប់សង្គ្រាមជាមួយអាមេរិក
លោក ម៉ូសេន រ៉េហ្សាអ៊ី (Mohsen Rezaei) ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរបស់អ៊ីរ៉ង់ បានដាក់ចេញនូវលក្ខខណ្ឌថ្មីរបស់ទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមជាមួយសហរដ្ឋអាមេរិក។ នេះបើតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានអាល់ចាហ្ស៊ីរ៉ានៅថ្ងៃអាទិត្យនេះ។
នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយបណ្តាញព័ត៌មានអាល់ចាហ្ស៊ីរ៉ា (Al Jazeera) កាលពីថ្ងៃសៅរ៍ លោក រ៉េហ្សាអ៊ី បានថ្លែងថា ទីក្រុងតេអេរ៉ង់បានបញ្ជូនលក្ខខណ្ឌរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិកតាមរយៈក្រុមអ្នកសម្របសម្រួលមកពីប្រទេសកាតា ប៉ុន្តែលោកបានបន្ថែមថា បច្ចុប្បន្ននេះ ទីក្រុងតេអេរ៉ង់មានភាពរឹងមាំ និងមានបទពិសោធន៍ក្នុងការប្រយុទ្ធកាន់តែខ្លាំងជាងមុន បើធៀបនឹងរយៈពេល ៤០ ថ្ងៃដំបូងនៃសង្គ្រាម ដែលបានចាប់ផ្តើមកាលពីចុងខែកុម្ភៈ បន្ទាប់ពីមានការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលមកលើប្រទេសអ៊ីរ៉ង់។
លោក រ៉េហ្សាអ៊ី បាននិយាយថា អ៊ីរ៉ង់នឹងប្រឈមមុខជាមួយអាមេរិកដោយប្រើកម្លាំងខ្លាំងជាងមុន ព្រមទាំងធ្វើការវាយប្រហារញឹកញាប់ជាងមុន និងបង្កការឈឺចាប់ខ្លាំងជាងមុន។
ទោះបីជាការប្រយុទ្ធគ្នាក្នុងកម្រិតពេញលេញត្រូវបានផ្អាកអស់រយៈពេលជាច្រើនខែមកហើយក៏ដោយ ក៏ភាគីទាំងពីរនៅមិនទាន់សម្រេចបានសន្តិភាពនៅឡើយ។ អនុស្សរណៈនៃការយោគយល់គ្នា (MoU) រយៈពេល ៦០ ថ្ងៃ ដែលបានចុះហត្ថលេខានៅថ្ងៃទី ១៧ ខែមិថុនា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានផុតសុពលភាពកាលពីខែមុន។
ចាប់តាំងពីពេលនោះមក ការវាយប្រហារបានកើនឡើង ជាពិសេសនៅតំបន់ច្រកសមុទ្រហ័រមូស (Strait of Hormuz) ដែលអ៊ីរ៉ង់បានបិទមិនឱ្យមានការធ្វើដំណើរឆ្លងកាត់ ខណៈដែលសហរដ្ឋអាមេរិកនៅតែបន្តដាក់ការហ៊ុំព័ទ្ធកំពង់ផែភាគខាងត្បូងរបស់អ៊ីរ៉ង់។
គួរកត់សម្គាល់ផងដែរថា ការកើនឡើងនៃការវាយប្រហារទៅលើនាវាដឹកប្រេងដែលព្យាយាមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស និងការគ្រប់គ្រងរបស់ក្រុមហ៊ូទីលើច្រកសមុទ្រក្រហម ដែលអារ៉ាប៊ីសាអូឌីតធ្លាប់ប្រើប្រាស់សម្រាប់ការនាំចេញប្រេងនោះ បានធ្វើឱ្យតម្លៃប្រេងកើនឡើងលើស ១០០ ដុល្លារក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
លោក តូហ៊ីដ អាសាឌី (Tohid Asadi) នៃបណ្តាញព័ត៌មានអាល់ចាហ្ស៊ីរ៉ា ដែលរាយការណ៍ពីទីក្រុងតេអេរ៉ង់ បានចាត់ទុកការលើកឡើងរបស់លោក រ៉េហ្សាអ៊ី ថា ជា “សារដែលបង្កប់ន័យពីរ ដែលអ៊ីរ៉ង់បានប្រកាន់យក អំឡុងជម្លោះនេះ ពោលគឺបើកចំហចំពោះការទូត និងបន្តត្រៀមខ្លួនសម្រាប់សង្គ្រាមផងដែរ។
លក្ខខណ្ឌដែលលោក រ៉េហ្សាអ៊ី បានដាក់ចេញរួមមាន ១. បញ្ចប់សង្គ្រាមនៅគ្រប់សមរភូមិ រួមទាំង ជាពិសេសនៅប្រទេសលីបង់ ២. បើកដំណើរការមូលនិធិដែលត្រូវបានបង្កករបស់ខ្លួន ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ៣. បញ្ចប់ការបិទខ្ទប់ផ្លូវសមុទ្រនៅតាមកំពង់ផែរបស់អ៊ីរ៉ង់ទាំងអស់ ៤. បញ្ចប់ការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសអ៊ីរ៉ង់ ៥. បញ្ចប់កិច្ចសហប្រតិបត្តិការជាមួយ “ពួកអ្នកប្រឆាំងនឹងបដិវត្តន៍របស់ខ្លួន” ៦. បញ្ចប់រាល់ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទឹកដីអ៊ីរ៉ង់។
ប្រធានផ្នែកសន្តិសុខជាតិអ៊ីរ៉ង់រូបនេះបញ្ជាក់ទៀតថា វាជាផលប្រយោជន៍របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលយកលក្ខខណ្ឌទាំងនេះ។ ការគំរាមកំហែងរបស់លោក ត្រាំ នឹងមិនទទួលបានលទ្ធផលអ្វីឡើយ ហើយអ៊ីរ៉ង់បានត្រៀមខ្លួនរួចរាល់សម្រាប់សង្គ្រាមផ្តាច់ព្រ័ត្រផងដែរ។
ដោយឡែក នៅព្រឹកថ្ងៃអាទិត្យនេះ លោក ម៉ូហាមម៉ាដ បាហ្គ័រ ហ្គាលីបាហ្វ (Mohammad Bagher Ghalibaf) ប្រធានសភាអ៊ីរ៉ង់ បានបញ្ជាក់ជាថ្មីនូវជំហររបស់ទីក្រុងតេហេរ៉ង់ពាក់ព័ន្ធនឹងច្រកសមុទ្រហ័រមូស ដោយលើកឡើងថា ផ្លូវទឹកដ៏សំខាន់នេះ នឹងនៅតែបន្តបិទ រហូតទាល់តែសហរដ្ឋអាមេរិកបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួន។
លោក ហ្គាលីបាហ្វ បាននិយាយថា លុះត្រាតែលក្ខខណ្ឌទាំងនេះត្រូវបានបំពេញ សិទ្ធិស្របច្បាប់របស់ប្រជាជាតិអ៊ីរ៉ង់ត្រូវបានទទួលស្គាល់ និងការប្តេជ្ញាចិត្តរបស់អាមេរិកត្រូវបានអនុវត្ត បើមិនដូច្នេះទេ នឹងមិនមានលទ្ធភាពសម្រាប់ការវិលត្រឡប់ទៅរកស្ថានភាពចរចាពីមុន ឬការបើកឡើងវិញនូវច្រកសមុទ្រហ័រមូសឡើយ។
គួររំលឹកផងដែរថា លក្ខខណ្ឌថ្មីៗរបស់អ៊ីរ៉ង់មានចំណុចស្រដៀងគ្នាទៅនឹងការទាមទាររបស់ខ្លួន ដែលមានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានចុះហត្ថលេខានៅក្នុងខែមិថុនាកន្លងមក។ កិច្ចព្រមព្រៀងនេះ ក៏បានបញ្ចូលផងដែរនូវការបញ្ចប់សង្គ្រាមនៅគ្រប់សមរភូមិទាំងអស់ រួមទាំងនៅក្នុងប្រទេសលីបង់ ការគោរពអធិបតេយ្យភាពរបស់ភាគីនីមួយៗ និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការបញ្ចប់ការបិទផ្លូវសមុទ្រដោយភាគីទាំងពីរ និងការបើកដំណើរការឡើងវិញនូវមូលនិធិរបស់អ៊ីរ៉ង់ដែលត្រូវបានបង្កក។
អនុស្សរណៈនៃការយោគយល់គ្នានេះ ក៏បានអំពាវនាវឱ្យមានផែនការស្ដារឡើងវិញដែលមានទឹកប្រាក់ ៣០០ពាន់លានដុល្លារអាមេរិក ដែលគាំទ្រដោយសហរដ្ឋអាមេរិក ខណៈដែលភាគីទាំងពីរក៏បានឯកភាពគ្នាថា អ៊ីរ៉ង់នឹងមិនទិញ ឬអភិវឌ្ឍអាវុធនុយក្លេអ៊ែរឡើយ ហើយថា ក្រុងតេហេរ៉ង់នឹងបើកច្រកសមុទ្រហ័រមូស សម្រាប់ការធ្វើដំណើរតាមនាវាដោយសុវត្ថិភាព៕
អនុស្សរណៈនេះ ក៏តម្រូវឱ្យសហរដ្ឋអាមេរិកយល់ព្រមឱ្យមានការនាំចេញប្រេងឆៅរបស់អ៊ីរ៉ង់ និងសេវាកម្មផ្សេងៗទៀត មិនដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ និងមិនដាក់ពង្រាយកងកម្លាំងអាមេរិកបន្ថែមនៅក្នុងតំបន់នោះ។
នៅក្នុងបទសម្ភាសន៍នោះ លោក រ៉េហ្សាអ៊ី មិនបានលើកឡើងអំពីសំណងសង្គ្រាមពីសហរដ្ឋអាមេរិក ដូចដែលទីក្រុងតេហេរ៉ង់ធ្លាប់បានទាមទារពីមុនមកនោះទេ។
លោក អាដេល អាបដេល ហ្គាហ្វា (Adel Abdel Ghafar) ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកមជ្ឈិមបូព៌ានៃវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី (Australian Strategic Policy Institute) បានលើកឡើងថា ទោះបីជាខ្លឹមសារនៃសំណើរបស់អ៊ីរ៉ង់មិនសូវមានអ្វីថ្មីក៏ដោយ ប៉ុន្តែអ្វីដែលបានផ្លាស់ប្តូរនោះ គឺពេលវេលា និងបណ្តាញដែលសំណើទាំងនោះត្រូវបានបញ្ជូនមក។
លោក អាបដេល ហ្គាហ្វា បានប្រាប់បណ្តាញព័ត៌មានអាល់ចាហ្ស៊ីរ៉ាថា ដោយសារអនុស្សរណៈយោគយល់គ្នា (MoU) នៅទីក្រុងអ៊ីស្លាម៉ាបាដបានបរាជ័យ ហើយលោក រ៉េហ្សាអ៊ី បានបញ្ជូនលក្ខខណ្ឌនានាតាមរយៈប្រទេសកាតា នោះមានន័យថា ប្រទេសអ៊ីរ៉ង់កំពុងតែផ្ទេរការទទួលខុសត្រូវត្រឡប់ទៅឱ្យទីក្រុងវ៉ាស៊ីនតោនវិញ ហើយធ្វើបែបនេះជាសាធារណៈ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់បំផុត។
លោកបានពន្យល់ថា ភាគីទាំងពីរស្ថិតក្នុងស្ថានភាពជាប់គាំង ដោយសហរដ្ឋអាមេរិកអាចបន្តការបិទខ្ទប់ផ្លូវសមុទ្រ និងមានឧត្តមភាពផ្នែកដែនអាកាស ប៉ុន្តែមិនអាចបង្ខំឱ្យអ៊ីរ៉ង់ចុះចាញ់ឡើយ៕
អត្ថបទប្រែសម្រួលដោយ៖ លោក អ៊ួច សូនី

