មនុស្សពីរនាក់បានស្លាប់ បន្ទាប់ពីអ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេងរបស់រុស្សី

អាជ្ញាធររុស្ស៊ី​បានឱ្យដឹងនៅថ្ងៃអាទិត្យថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន)​ ទ្រង់ទ្រាយ​ធំ​បំ​ផុត​របស់អ៊ុយក្រែនមកលើតំបន់ជុំវិញ​ក្រុង​មូស្គូ​មកទល់ពេលនេះ បានបណ្តាលឱ្យមនុស្សពីរនាក់​ស្លាប់ និងធ្វើ​ឱ្យ​ខូច​ខាត​​ផ្នែក​ខ្លះ​នៃរោងចក្រចម្រាញ់ប្រេងនៅក្នុងក្រុង​នេះ​ ខណៈរុស្ស៊ីកំពុងឈានចូលដល់ថ្ងៃចុងក្រោយនៃការបោះ​ឆ្នោត​សភា​តំណាង​រាស្ត្រ​។ នេះបើ​តាម​សេចក្តី​រាយការណ៍​របស់ទីភ្នាក់ងារ​ព័ត៌មាន​រ៉យ​ទ័រ​នៅ​រសៀល​ថ្ងៃអាទិត្យ​នេះ។​

អ៊ុយក្រែន និងរុស្ស៊ី នៅតែបន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់គ្នាទៅវិញទៅមក ទោះបីជាមានការប្រកាស​ពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទថា ភាគីទាំងពីរបានព្រមព្រៀងបញ្ឈប់សកម្ម​ភាព​នេះក៏ដោយ។

លោក សឺហ្គេ សូប៊ីយ៉ានីន (Sergei Sobyanin) អភិបាលក្រុងមូស្គូ បានបង្ហោះសារ​តាម​បណ្តាញ​សង្គម​ Telegram ថា ប្រទេស​រុស្ស៊ីបានបាញ់ទម្លាក់ដ្រូនច្រើនជាង ១ ៦០០ គ្រឿង ចាប់តាំងពីថ្ងៃសៅរ៍មក ដែលក្នុងនោះមាន ៤៥០ គ្រឿង​កំពុង​ហោះ​ឆ្ពោះ​មក​​កាន់ទីក្រុងមូស្គូ។

លោក​អះអាងថា ការវាយប្រហារដែលមិនធ្លាប់មានពីមុនមកនេះ ត្រូវបានរៀបចំឡើងយ៉ាងច្បាស់​លាស់ក្នុងគោល​បំណង​រំខាន​ដល់​ការ​បោះ​ឆ្នោត ប៉ុន្តែ​សត្រូវ​មិនបានសម្រេចគោលបំណងរបស់ខ្លួន​ឡើយ ដោយ​បាន​បន្ថែម​ថា ដ្រូន​មួយចំនួនបានទៅដល់បរិវេណរោងចក្រចម្រាញ់ប្រេង ហើយមួយគ្រឿងបានបុកចំអគារអាផាតមិនមួយកន្លែង​។

នៅភូមិសូហ្វីយីណូ (Sofyino) ភាគខាងត្បូងទីក្រុងមូស្គូ សាកសពរបស់មនុស្ស​ម្នាក់ ដែលគ្របដោយភួយក្នុង​សភាព​ប្រឡាក់ប្រឡូស បានដេកនៅមុខអគារអាផាតមិន ដែលរងការខូចខាត ហើយបង្អួចជាន់លើរបស់អាគារ​នេះ ក៏​ត្រូវ​បាន​ផ្ទុះរបើកចេញអស់ដែរ​។

ទីភ្នាក់ងារព័ត៌មានអ៊ីនធើហ្វាកស៍ (Interfax) បានរាយការណ៍ថា អភិបាលក្រុងលោក សឺហ្គេ សូប៊ីយ៉ានីន បានទទួល​​ស្គាល់​ថា ទីតាំងមួយនៅឯរោងចក្រចម្រាញ់ប្រេងនៅ​ក្រុងមូស្គូបានរងការខូចខាតនៅក្នុងការវាយប្រហារនេះ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

ការវាយប្រហាររបស់អ៊ុយក្រែនបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សមត្ថភាពចម្រាញ់ប្រេងរបស់​រុស្ស៊ី ដែលបង្កឱ្យមាន​ការខ្វះខាតផលិតផលប្រេង ការឡើងថ្លៃប្រេងឥន្ធនៈ និងការតម្រង់​ជួរ​​រក​ចាក់​​ប្រេង​នៅតាមស្ថានីយប្រេងឥន្ធនៈ​ក្នុងតំបន់ជាច្រើនទូទាំងប្រទេសផងដែរ​។

ទិន្នន័យថ្មីបំផុត​បង្ហាញថា រោងចក្រនៅទីក្រុងមូស្គូនេះ ដែលបានក្លាយជាគោលដៅនៃការ​វាយប្រហារជាច្រើនលើក​មក​នោះ​ បាន​ចម្រាញ់ប្រេងចំនួន ១១,៦ លានតោនក្នុងឆ្នាំ២០២៤ ដោយផលិតបានប្រេង​សាំងចំនួន ២,៩ លាន​តោន និងប្រេងម៉ាស៊ូតចំនួន ៣,២ លានតោន។

អ៊ុយក្រែនមិនបានធ្វើអត្ថាធិប្បាយលើការវាយប្រហារទាំងនេះទេ។ ប៉ុន្តែ​ភាគីទាំងពីរអះអាងថា ពួកគេមិនផ្តោត​គោល​ដៅ​លើជនស៊ីវិលឡើយ។

លោកអភិបាល អ៊ែនដ្រេ វ៉ូរ៉ូបយ៉ូវ (Andrei Vorobyov) បានឱ្យដឹងថា នៅក្នុងតំបន់ជុំវិញទីក្រុងមូស្គូ ក្រៅពីករណីស្លាប់​មនុស្ស ២ នាក់នេះ ​មនុស្សចំនួន ៤០០ នាក់ (ក្នុងនោះមានកុមារ ៧០ នាក់) ត្រូវបានជម្លៀសចេញពីអគារ​អាផាត​មិន​កម្ពស់ ២១ជាន់មួយកន្លែងក្នុងស្រុក​រ៉ាម៉េនស្កយ​ (Ramenskoye) ហើយផ្ទះមួយចំនួនក៏បានរងការ​ខូច​ខាត​ផង​ដែរ៕

ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

អត្ថបទដែលជាប់ទាក់ទង