ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់ដាក់ចេញលក្ខខណ្ឌថ្មី ដើម្បីបញ្ចប់សង្គ្រាមជាមួយអាមេរិក

លោក ម៉ូសេន រ៉េហ្សាអ៊ី (Mohsen Rezaei) ប្រធានក្រុម​ប្រឹក្សា​សន្តិសុខជាតិ​របស់អ៊ីរ៉ង់ បានដាក់​ចេ​​ញ​នូវលក្ខខណ្ឌថ្មី​របស់ទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមជាមួយសហរដ្ឋអាមេរិក។ នេះបើ​តាម​សេចក្តី​រាយការណ៍​របស់​បណ្តាញព័ត៌​មាន​​អាល់​ចាហ្ស៊ីរ៉ា​នៅថ្ងៃ​អាទិត្យ​នេះ។​

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយបណ្តាញព័ត៌មានអាល់ចាហ្ស៊ីរ៉ា​ (Al Jazeera) កាលពីថ្ងៃសៅរ៍ លោក រ៉េហ្សាអ៊ី បាន​ថ្លែងថា ទីក្រុងតេអេរ៉ង់បានបញ្ជូនលក្ខខណ្ឌរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិកតាមរយៈក្រុម​អ្នកសម្របសម្រួល​មកពីប្រទេសកាតា ប៉ុន្តែលោកបានបន្ថែមថា បច្ចុប្បន្ននេះ ទីក្រុងតេអេរ៉ង់មានភាពរឹងមាំ និងមានបទពិសោធន៍​ក្នុងការប្រយុទ្ធកាន់តែខ្លាំងជាងមុន បើធៀបនឹងរយៈពេល ៤០ ថ្ងៃដំបូងនៃសង្គ្រាម ដែលបានចាប់ផ្តើម​កាល​​ពី​​ចុងខែកុម្ភៈ បន្ទាប់ពីមានការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលមកលើប្រទេសអ៊ីរ៉ង់។

លោក រ៉េហ្សាអ៊ី បាននិយាយ​ថា អ៊ីរ៉ង់​នឹងប្រឈមមុខជាមួយអាមេរិកដោយប្រើកម្លាំងខ្លាំងជាងមុន ព្រមទាំងធ្វើការ​វាយ​ប្រហារញឹកញាប់ជាងមុន​ និងបង្ក​ការ​ឈឺចាប់ខ្លាំងជាងមុន។

ទោះបីជាការប្រយុទ្ធគ្នាក្នុងកម្រិតពេញលេញត្រូវបានផ្អាកអស់រយៈពេលជាច្រើនខែមកហើយក៏ដោយ ក៏ភាគីទាំងពីរនៅ​មិន​ទាន់​សម្រេចបានសន្តិភាពនៅឡើយ។ អនុស្សរណៈនៃ​ការ​យោគ​យល់គ្នា (MoU) រយៈពេល ៦០ ថ្ងៃ ដែលបាន​ចុះហត្ថលេខានៅថ្ងៃទី ១៧ ខែមិថុនា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានផុតសុពលភាពកាលពីខែមុន។

ចាប់តាំងពីពេលនោះមក ការវាយប្រហារបានកើនឡើង ជាពិសេសនៅតំបន់ច្រកសមុទ្រហ័រមូស (Strait of Hormuz) ដែលអ៊ីរ៉ង់បានបិទមិនឱ្យមានការធ្វើដំណើរឆ្លងកាត់ ខណៈដែលសហរដ្ឋអាមេរិកនៅតែបន្តដាក់ការហ៊ុំ​ព័ទ្ធ​កំពង់ផែភាគខាងត្បូងរបស់អ៊ីរ៉ង់។

គួរកត់សម្គាល់ផងដែរថា ការកើនឡើងនៃការវាយប្រហារទៅលើនាវាដឹកប្រេងដែលព្យាយាមធ្វើដំណើរឆ្លងកាត់ច្រក​សមុទ្រហ័រមូស​ និងការគ្រប់គ្រងរបស់ក្រុមហ៊ូទី​លើច្រក​សមុទ្រក្រហម ដែលអារ៉ាប៊ីសាអូឌីតធ្លាប់ប្រើប្រាស់សម្រាប់​ការនាំចេញប្រេងនោះ បានធ្វើឱ្យតម្លៃប្រេងកើនឡើងលើស ១០០ ដុល្លារក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

លោក តូហ៊ីដ អាសាឌី (Tohid Asadi) នៃបណ្តាញព័ត៌មាន​អាល់ចាហ្ស៊ីរ៉ា​ ដែលរាយការណ៍ពីទីក្រុងតេអេរ៉ង់ បានចាត់ទុក​ការលើកឡើងរបស់លោក រ៉េហ្សាអ៊ី​ ថា ជា “សារដែលបង្កប់​ន័យ​ពីរ​​ ដែលអ៊ីរ៉ង់បានប្រកាន់យក​ អំឡុង​ជម្លោះនេះ ពោលគឺបើកចំហចំពោះការទូត និងបន្តត្រៀមខ្លួនសម្រាប់សង្គ្រាមផងដែរ​។

លក្ខខណ្ឌ​ដែល​លោក​ រ៉េហ្សាអ៊ី បាន​ដាក់ចេញ​រួម​មាន​ ១. បញ្ចប់សង្គ្រាមនៅគ្រប់សមរភូមិ រួមទាំង ជាពិសេសនៅប្រទេស​លីបង់ ២. បើក​ដំណើរ​ការ​មូលនិធិដែលត្រូវបានបង្កករបស់ខ្លួន ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារអាមេ​រិក ៣. បញ្ចប់ការបិទខ្ទប់ផ្លូវសមុទ្រនៅតាមកំពង់ផែរបស់អ៊ីរ៉ង់ទាំង​អស់​ ៤. បញ្ចប់ការជ្រៀតជ្រែករបស់សហរដ្ឋ​អាមេរិកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសអ៊ីរ៉ង់ ៥. បញ្ចប់កិច្ចសហប្រតិបត្តិការជាមួយ “ពួកអ្នកប្រឆាំងនឹងបដិ​វត្តន៍​របស់ខ្លួន” ​៦. បញ្ចប់រាល់ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទឹកដីអ៊ីរ៉ង់​។​

ប្រធាន​ផ្នែក​សន្តិសុខ​ជាតិ​អ៊ីរ៉ង់​រូបនេះបញ្ជាក់ទៀត​ថា វាជាផលប្រយោជន៍របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួល​យក​លក្ខ​ខណ្ឌ​ទាំងនេះ។ ការគំរាមកំហែងរបស់លោក ត្រាំ នឹងមិនទទួលបានលទ្ធផលអ្វីឡើយ ហើយ​អ៊ីរ៉ង់​បានត្រៀម​ខ្លួនរួចរាល់សម្រាប់សង្គ្រាមផ្តាច់ព្រ័ត្រ​ផងដែរ​។

ដោយ​ឡែក​ នៅព្រឹកថ្ងៃអាទិត្យនេះ លោក ម៉ូហាមម៉ាដ បាហ្គ័រ ហ្គាលីបាហ្វ (Mohammad Bagher Ghalibaf) ប្រធាន​សភាអ៊ីរ៉ង់ បានបញ្ជាក់ជាថ្មីនូវជំហររបស់ទីក្រុងតេហេ​រ៉ង់ពាក់ព័ន្ធនឹងច្រកសមុទ្រហ័រមូស​ ដោយលើកឡើងថា ផ្លូវទឹកដ៏សំខាន់នេះ នឹងនៅតែបន្តបិទ រហូតទាល់តែសហរដ្ឋអាមេរិកបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួន។

លោក ហ្គាលីបាហ្វ បាននិយាយ​ថា លុះត្រា​តែលក្ខខណ្ឌទាំងនេះត្រូវបានបំពេញ សិទ្ធិស្របច្បាប់របស់ប្រជាជាតិអ៊ីរ៉ង់ត្រូវ​បានទទួលស្គាល់ និងការប្តេជ្ញាចិត្តរបស់អាមេរិកត្រូវបានអនុវត្ត បើមិន​ដូច្នេះ​ទេ នឹងមិនមានលទ្ធភាពសម្រាប់​ការ​វិលត្រឡប់ទៅរកស្ថានភាពចរចាពីមុន ឬការបើកឡើងវិញនូវច្រកសមុទ្រហ័រមូស​ឡើយ។

គួរ​រំលឹកផងដែរថា លក្ខខណ្ឌថ្មីៗរបស់អ៊ីរ៉ង់មានចំណុចស្រដៀងគ្នាទៅនឹងការទាមទារ​របស់ខ្លួន​ ដែលមានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានចុះហត្ថលេខានៅក្នុង​ខែ​មិថុនាកន្លង​មក​។ កិច្ចព្រមព្រៀងនេះ​ ក៏បានបញ្ចូលផងដែរនូវការបញ្ចប់សង្គ្រាមនៅគ្រប់សមរភូមិទាំង​អស់​ រួមទាំងនៅក្នុងប្រទេសលីបង់ ការគោរពអធិប​តេយ្យភាពរបស់ភាគីនីមួយៗ និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការ​បញ្ចប់ការបិទផ្លូវសមុទ្រដោយភាគីទាំង​ពីរ និងការបើក​ដំណើរ​ការឡើងវិញ​នូវ​​មូលនិធិរបស់អ៊ីរ៉ង់ដែលត្រូវបានបង្កក​។

អនុស្សរណៈនៃការយោគយល់គ្នានេះ ក៏បានអំពាវនាវឱ្យមានផែនការស្ដារឡើងវិញដែលមានទឹកប្រាក់​ ៣០០​ពាន់​លាន​ដុល្លារ​អាមេរិក ដែលគាំទ្រដោយសហរដ្ឋអាមេរិក ខណៈដែលភាគីទាំងពីរក៏បានឯកភាពគ្នាថា អ៊ីរ៉ង់នឹងមិន​ទិញ ឬអភិវឌ្ឍអាវុធនុយក្លេអ៊ែរឡើយ ហើយថា ក្រុងតេហេ​រ៉ង់នឹងបើកច្រកសមុទ្រហ័រមូស សម្រាប់ការធ្វើដំណើរតាម​​នាវា​ដោយសុវត្ថិភាព៕

អនុស្សរណៈនេះ ក៏តម្រូវឱ្យសហរដ្ឋអាមេរិកយល់​ព្រម​ឱ្យ​មាន​ការនាំចេញប្រេងឆៅរបស់អ៊ីរ៉ង់ និងសេវាកម្មផ្សេងៗទៀត មិនដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ និងមិនដាក់ពង្រាយកងកម្លាំងអាមេរិកបន្ថែមនៅក្នុងតំបន់នោះ។

នៅក្នុងបទសម្ភាសន៍នោះ លោក រ៉េហ្សាអ៊ី មិនបានលើកឡើងអំពីសំណងសង្គ្រាមពីសហរដ្ឋអាមេរិក ដូចដែលទីក្រុង​តេហេ​រ៉ង់​ធ្លាប់បានទាមទារពីមុនមកនោះទេ។

លោក អាដេល អាបដេល ហ្គាហ្វា (Adel Abdel Ghafar) ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកមជ្ឈិមបូព៌ា​នៃ​វិទ្យាស្ថាន​គោល​នយោបាយ​យុទ្ធសាស្ត្រអូស្ត្រាលី (Australian Strategic Policy Institute) បានលើកឡើងថា ទោះបីជាខ្លឹមសារនៃសំណើរបស់អ៊ីរ៉ង់មិនសូវមានអ្វីថ្មីក៏ដោយ ប៉ុន្តែអ្វីដែលបានផ្លាស់ប្តូរនោះ គឺពេលវេលា និងបណ្តាញដែលសំណើទាំង​នោះត្រូវបានបញ្ជូនមក​។

លោក អាបដេល ហ្គាហ្វា បានប្រាប់បណ្តាញ​ព័ត៌មានអាល់ចាហ្ស៊ីរ៉ា​ថា ដោយសារអនុស្សរណៈយោគយល់គ្នា (MoU)​ នៅ​ទីក្រុង​អ៊ីស្លាម៉ា​បាដ​បានបរាជ័យ ហើយលោក រ៉េហ្សាអ៊ី បានបញ្ជូនលក្ខខណ្ឌនានាតាមរយៈប្រទេសកាតា នោះមានន័យថា ប្រទេស​អ៊ីរ៉ង់កំពុងតែផ្ទេរការទទួលខុសត្រូវត្រឡប់ទៅឱ្យទីក្រុងវ៉ាស៊ីនតោនវិញ ហើយធ្វើបែបនេះជាសាធារណៈ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់បំផុត។

លោកបានពន្យល់ថា ភាគីទាំងពីរស្ថិតក្នុងស្ថានភាពជាប់គាំង ដោយសហរដ្ឋអាមេរិកអាចបន្តការបិទខ្ទប់ផ្លូវសមុទ្រ និងមាន​ឧត្តមភាពផ្នែក​ដែនអាកាស ប៉ុន្តែមិនអាចបង្ខំឱ្យអ៊ីរ៉ង់ចុះចាញ់ឡើយ៕​

ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

អត្ថបទដែលជាប់ទាក់ទង