ក្រុមហ៊ូទីបង្កើនការវាយប្រហារលើទីក្រុងរីយ៉ាដរបស់អារ៉ាប៊ីសាអូឌីត
ក្រុមសកម្មប្រយុទ្ធហ៊ូទី (Houthis) នៅប្រទេសយេម៉ែនបានអះអាងថា ពួកគេបានវាយប្រហារទីតាំង “សំខាន់ៗ” មួយចំនួននៅក្នុងទីក្រុងរីយ៉ាដ (Riyadh) ដែលជារដ្ឋធានីរបស់អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃសៅរ៍ ដោយប្រើប្រាស់មីស៊ីល និងដ្រូន។ ការវាយប្រហារនេះបានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីអណ្តាតភ្លើង និងផ្សែងហុយយ៉ាងខ្លាំងត្រូវបានគេឃើញឆាប់ឆេះនៅក្បែរព្រលានយន្តហោះសំខាន់របស់ទីក្រុងនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃសៅរ៍។
អារ៉ាប៊ីសាអូឌីតបានជូនដំណឹងកាលពីរំលងអធ្រាត្រអំពីហានិភ័យដែលអាចកើតមាននៅជុំវិញទីក្រុងរីយ៉ាដ ខណៈដែលការវាយប្រហារដោយក្រុមហ៊ូទី មកលើព្រះរាជាណាចក្រអារ៉ាប់នេះមានការកើនឡើងជាបន្តបន្ទាប់។
វីដេអូ និងរូបភាពរបស់ទីភ្នាក់ងាររ៉យទ័របានបង្ហាញអំពីផ្សែងខ្មៅដ៏ធំមួយដែលហុយឡើងលើ រួមទាំងបង្ហាញអំពីផ្លូវហាយវេភ្ជាប់ទៅព្រលានយន្តហោះ អគារចំណត និងកន្លែងផ្សេងៗទៀតនៅផ្នែកខាងមុខព្រលានយន្តហោះ។ ត្រង់ចំណុចមួយក្នុងវីដេអូ គេឃើញអណ្តាតភ្លើងកំពុងឆាបឆេះពីផ្នែកខាងក្រោយ ដែលមើលទៅដូចជាស៊ីទែនប្រេង។
ខណៈពេលក្រុមហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់ បានបើកការវាយប្រហារជាបន្តបន្ទាប់មកលើប្រទេសអារ៉ាបីសាអូឌីតចាប់តាំងពីខែកក្កដាមក ការអះអាងកាលពីថ្ងៃសៅរ៍ហាក់ដូចជាការវាយប្រហារលើកដំបូងរបស់ពួកគេលើទីក្រុងរីយ៉ាដ ដែលត្រូវបានរាយការណ៍ចាប់តាំងពីកើតមានភាពតានតឹងបច្ចុប្បន្ន។
ក្រុមហ៊ូទីមិនបានបញ្ជាក់ឱ្យច្បាស់ថា ពួកគេបានផ្តោតគោលដៅវាយប្រហារលើអ្វីខ្លះនៅក្នុងទីក្រុងរីយ៉ាដនោះទេ ប៉ុន្តែពួកគេបាននិយាយថា ពួកគេក៏បានវាយប្រហារលើទីតាំងមួយរបស់ក្រុមហ៊ុនប្រេងអារាំកូ (Aramco) នៅក្នុងទីក្រុងយ៉ានប៊ូ (Yanbu) ដែលស្ថិតនៅជាប់សមុទ្រក្រហម និងជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការនាំចេញប្រេងរបស់អារ៉ាប៊ីសាអូឌីត។
ក្រុមសកម្មប្រយុទ្ធហ៊ូទី អះអាងថា ប្រតិបត្តិការនេះធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារមួយនៅក្នុងទីក្រុងសាណា ដែលជារដ្ឋធានីរបស់ប្រទេសយេម៉ែន។
សម្ព័ន្ធយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទីបានឱ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបំផ្លាញមីស៊ីលមួយគ្រាប់ ដែលក្រុមសកម្មប្រយុទ្ធបានបាញ់ឆ្ពោះទៅកាន់ទីក្រុងរីយ៉ាដ កាលពីព្រឹកព្រលឹមថ្ងៃសៅរ៍។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ សម្ព័ន្ធភាពនេះក៏បានបញ្ជាក់ផងដែរថា ខ្លួនបានរារាំងការវាយប្រហារដែលកំណត់គោលដៅលើជនស៊ីវិលនៅក្នុងទីក្រុងប៊ីស (Bish) និងហ្វារ៉ាសាន (Farasan) ភាគនិរតី នៃប្រទេសអារ៉ាប៊ីសាអូឌីត និងទីក្រុងថាយអ៊ីហ្វ (Taif) ភាគខាងលិចប្រទេស ព្រមទាំងទីក្រុងយ៉ានប៊ូ (Yanbu) នៅឆ្នេរសមុទ្រក្រហម។ សេចក្តីថ្លែងការណ៍នោះមិនបានបញ្ជាក់ថា តើមានការខូចខាតដែរឬយ៉ាងណាទេ។
អាជ្ញាធរការពារជនស៊ីវិលរបស់អារ៉ាប៊ីសាអូឌីតបានផ្ញើសារជូនដំណឹងតាមទូរស័ព្ទតាំងពីពេលយប់ អំពីហានិភ័យនៃការវាយប្រហារតាមផ្លូវអាកាសនៅក្នុងទីក្រុងរីយ៉ាដ និងទីក្រុងអាល់ខា (Al-Kharj) ដែលស្ថិតនៅភាគខាងកើតនៃរដ្ឋធានីនេះ មុនពេលប្រកាសថា ស្ថានភាពបានត្រឡប់មកធម្មតាវិញកាលពីព្រឹកថ្ងៃសៅរ៍។
ទោះបីជាមានការចេញការព្រមានមួយចំនួននៅទីក្រុងរីយ៉ាដនៅក្នុងឆ្នាំនេះ បន្ទាប់ពីសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចាប់ផ្តើមឡើង ប៉ុន្តែសារព្រមានទាំងនេះ គឺជាលើកដំបូងហើយចាប់តាំងពីមានភាពតានតឹងជាមួយក្រុមហ៊ូទីកាលពីខែកក្កដា។
ការប្រយុទ្ធគ្នារវាងក្រុមហ៊ូទី និងអារ៉ាប៊ីសាអូឌីត បានក្លាយជាសមរភូមិថ្មីមួយនៅក្នុងជម្លោះដ៏រាលដាល ដែលបានចាប់ផ្តើមឡើង ដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ។
ទោះបីជាយ៉ាងណា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធសំណើរបស់អារ៉ាប៊ីសាអូឌីត ដែលស្នើសុំឱ្យសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍យោធាដោយផ្ទាល់ប្រឆាំងនឹងក្រុមហ៊ូទី។
កាលពីថ្ងៃសៅរ៍ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញការព្រមានអំពីសន្តិសុខសម្រាប់ជនជាតិអាមេរិកដែលកំពុងស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយលើកឡើងពីការវាយប្រហាររបស់ក្រុមហ៊ូទី។ ក្រសួងបានជំរុញឱ្យពលរដ្ឋអាមេរិកនៅក្នុងតំបន់នេះ “បង្កើនការប្រុងប្រយ័ត្នខ្ពស់” ហើយបានណែនាំថា ជនជាតិអាមេរិកដែលនៅក្រៅតំបន់មជ្ឈិមបូព៌ា “គួរតែពិចារណាឡើងវិញយ៉ាងម៉ត់ចត់មុនធ្វើដំណើរទៅកាន់ ឬឆ្លងកាត់តំបន់នេះ”៕
អត្ថបទប្រែសម្រួលដោយ៖ លោក អ៊ួច សូនី

