Gemini លួចចូលប្រព័ន្ធរបស់ក្រុមហ៊ុនចំនួនបី ជាករណីដំបូងដែល AI របស់ក្រុមហ៊ុន Google ចាកចេញពីដែនកំណត់
គំរូបញ្ញាសិប្បនិម្មិត Gemini របស់ក្រុមហ៊ុន Google បានចូលប្រើអ៊ីនធឺណិត និងបានលួចចូលប្រព័ន្ធទិន្នន័យរបស់ក្រុមហ៊ុនផ្សេងៗទៀត អំឡុងពេលធ្វើតេស្តសមត្ថភាពសន្តិសុខសាយប័ររបស់វា ដែលនេះ គឺជាករណីដំបូងដែលគេដឹងថា ប្រព័ន្ធ AI របស់ក្រុមហ៊ុននេះ បានធ្វើសកម្មភាពបែបនេះដោយស្វ័យប្រវត្តិ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅថ្ងៃសៅរ៍នេះ។
ការលួចចូលប្រព័ន្ធទាំងនេះ បានកើតឡើងកាលពីខែឧសភា អំឡុងពេលធ្វើតេស្តសន្តិសុខសាយប័រ ដែលរៀបចំធ្វើឡើងដោយក្រុមហ៊ុន Irregular ជាក្រុមហ៊ុនឯករាជ្យ ដែលធ្វើការវាយតម្លៃលើសន្តិសុខសាយប័រ។
លោកស្រី ហ៊ីធ័រ អាដឃីន (Heather Adkins) អនុប្រធានផ្នែកវិស្វកម្មសន្តិសុខរបស់ក្រុមហ៊ុន Google បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា អំឡុងពេលនៃការធ្វើតេស្តវាយតម្លៃស្តង់ដារមួយ Gemini បានរកឃើញព័ត៌មានសាធារណៈតាមអនឡាញ ហើយបានសាកល្បងទាយព័ត៌មានសម្ងាត់ ដើម្បីចូលទៅកាន់គេហទំព័រចំនួន៣ ដែលវាគិតថា ស្ថិតនៅក្នុងវិសាលភាពនៃការធ្វើតេស្តរបស់វា។
លោកស្រី អាដឃីន បាននិយាយថា ក្រុមហ៊ុនទាំងបីនេះ នឹងត្រូវជូនដំណឹង ហើយក្រុមការងារបានធ្វើការជាមួយដៃគូបណ្តុះបណ្តាលលើការកែប្រែ ដែលពួកគេបានអនុវត្តនៅក្នុងដំណើរការធ្វើតេស្ត។
លោកស្រីបន្តថា ករណីទាំងនេះ បានបង្ហាញយ៉ាងច្បាស់អំពីសារៈសំខាន់នៃការបណ្តុះបណ្តាលគំរូ AI ដែលមានសមត្ថភាពខ្ពស់ ឱ្យដំណើរការប្រកបដោយការទទួលខុសត្រូវ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Irregular បានលើកឡើងថា ហេតុការណ៍នេះពាក់ព័ន្ធនឹងបញ្ហាតែមួយ ដែលបានប៉ះពាល់លើមន្ទីរពិសោធន៍ AI ផ្សេងទៀត ហើយថា មន្ទីរពិសោធន៍ពាក់ព័ន្ធទាំងអស់ ត្រូវបានជូនដំណឹងរួចហើយកាលពីចុងខែកក្កដា។ អ្នកនាំពាក្យរូបនោះ បានបន្តថា បញ្ហាទាំងអស់ដែលយើងបានរកឃើញ ត្រូវបានដោះស្រាយរួចរាល់អស់ហើយ កាលពីប៉ុន្មានសប្តាហ៍មុន។
ករណីស្រដៀងគ្នាដែលពាក់ព័ន្ធនឹងក្រុមហ៊ុន Irregular ត្រូវបានបង្ហាញជាសាធារណៈដោយក្រុមហ៊ុន Meta ក្រុមហ៊ុន Anthropic និងក្រុមហ៊ុន OpenAI ។
ក្រុមហ៊ុន Meta បានអះអាងកាលពីខែសីហាថា ករណីនេះមិនពាក់ព័ន្ធនឹងការគេចចេញពីតំបន់សាកល្បងដែលមានការកំណត់ ឬការវាយប្រហារតាមអ៊ីនធឺណិតដ៏ស្មុគស្មាញនោះទេ ខណៈដែលក្រុមហ៊ុន Irregular លើកឡើងថា ខ្លួនកំពុងធ្វើការងារលើវិធីសាស្ត្រល្អៗ សម្រាប់ធ្វើការវាយតម្លៃសន្តិសុខសាយប័រដែលប្រើ AI ប្រកបដោយសុវត្ថិភាព។
ករណីទាំងនេះ បានបណ្តាលឱ្យមានការចោទសួរអំពីវិធានការការពារដែលចាំបាច់ នៅពេលភ្នាក់ងារ AI កាន់តែមានស្វ័យភាព និងអាចចូលប្រើប្រព័ន្ធអ៊ីនធឺណិត និងប្រព័ន្ធកុំព្យូទ័របានកាន់តែទូលំទូលាយនោះ។
ករណីមួយក្នុងចំណោមករណីទាំងនោះ គំរូ Gemini បានសាកទាយពាក្យសម្ងាត់ជាបន្តបន្ទាប់ រហូតដល់វាអាចចូលប្រើប្រព័ន្ធដែលមានការការពារបាន។ ក្នុងករណីពីរផ្សេងទៀត គំរូនេះបានរកឃើញព័ត៌មានសម្ងាត់ សម្រាប់ចូលប្រើប្រាស់នៅក្នុងឃ្លាំងទិន្នន័យសាធារណៈមួយ ដែលអនុញ្ញាតឱ្យវាអាចចូលទៅកាន់ប្រព័ន្ធដែលមានការការពារ។ នេះបើយោងតាមកាសែត ឌឹ វ៉លស្ទ្រីតជើណល (The Wall Street Journal) ជាសារព័ត៌មានដំបូងគេ ដែលបានរាយការណ៍អំពីព័ត៌មាននេះ កាលពីថ្ងៃសុក្រ៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

