ក្រុមហ៊ុនអ៊ែនស្រូភិកកំពុងពង្រីកកម្មវិធីដោយប្រើ AI ដើម្បីស្រាវជ្រាវនិងផលិតឱសថ

ក្រុមហ៊ុនអ៊ែន​ស្រូភិក​ (Anthropic) បាន​បង្កើតមន្ទីរពិសោធន៍​មួយ​​ដោយស្ងាត់ៗ ដើម្បី​ធ្វើការងារផ្នែកជីវសាស្ត្រ​ជាក់​ស្តែង ខណៈខ្លួនកំពុងជំរុញ​មហិច្ឆតាផ្នែកបញ្ញា​សិប្ប​និម្មិត (AI) ចូលទៅក្នុងវិស័យផលិត​ឱសថ​។ នេះបើ​យោងតាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យ​ទ័រ​ កាល​ពីរសៀល​​ថ្ងៃសុក្រ​។​​

ចំពេលដែលសាធារណជនកំពុងមានការព្រួយបារម្ភអំពីបច្ចេកវិទ្យា AI ក្រុមហ៊ុនអ៊ែនស្រូភិក​បានបង្កើតមន្ទីរពិសោធន៍​ជីវសាស្ត្រ ឬកន្លែងសម្រាប់ធ្វើការពិសោ​ធន៍​​ជាក់ស្តែងមួយនៅក្នុងតំបន់សាន់ហ្វ្រានស៊ីស្កូ​បេយ (San Francisco Bay Area) នេះ​បើយោងតាមប្រភពព័ត៌មានពីអ្នក​ដែលដឹងរឿង​នេះ។

ក្រុមហ៊ុនអ៊ែនស្រូភិក​ បានបញ្ជាក់ថា ខ្លួនមានបំណងស្វែងរកវិធីព្យាបាលជំងឺកម្រ​​នានា ហើយការងារផ្នែកជីវ​សាស្ត្រ​របស់​ខ្លួន​បានបោះជំហានហួសពីការវាយតម្លៃ​តាមរយៈកុំព្យូទ័រទៅហើយ។

តាម​រយៈ​បទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានរ៉យ​ទ័រ ​កាលពីថ្ងៃអង្គារ លោក អេរិក ខូឌ័ររើ​ អាប្រាមស៍ (Eric Kauderer-Abrams) ជាប្រធានផ្នែកវិទ្យាសាស្ត្រជីវសាស្ត្រ​របស់ក្រុមហ៊ុនអ៊ែនស្រូភិក​ បានទទួល​ស្គាល់​ថា ក្រុម​ហ៊ុន​នេះ​ពិត​ជា​មាន​មន្ទីរពិសោធន៍ជីវសាស្ត្រមែន​។

លោក អេរិក បាន​និយាយថា ការសិក្សាផ្នែកជីវសាស្ត្រ​ ការធ្វើតេស្តចុងក្រោយ គឺនៅតែជាការងារពិសោធន៍ជាក់ស្តែង​នៅក្នុងមន្ទីរពិសោធន៍។ ​សព្វថ្ងៃនេះ ក្រុម​ការ​​​ងារ​​ពិតជាកំពុងអនុវត្តវិធីសាស្ត្រនេះ ហើយអាចនិយាយបានថា វិធី​សាស្ត្រ​​នេះ​​ គឺស្រដៀងគ្នាទៅនឹងអ្វី ដែលគេបាន​ឃើញជាទូទៅនៅតាម​ក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រភាគច្រើន​។ ពោល​គឺអនុវត្តការងារមួយផ្នែកនៅក្នុងបរិវេណក្រុមហ៊ុន​របស់ផ្ទាល់ និងមួយផ្នែកទៀត គឺធ្វើឡើងតាមរយៈកិច្ច​សហប្រតិបត្តិការជាមួយដៃគូខាងក្រៅ។

​ក្រោយមក អ្នកនាំពាក្យម្នាក់​ បានបញ្ជាក់ថា មន្ទីរពិសោធន៍របស់ក្រុមហ៊ុនអ៊ែនស្រូ​ភិក​ មិនមែនបង្កើតឡើងសម្រាប់​តែការស្វែងរកឱសថ​ថ្មីនោះទេ ដោយ​អ្នក​នាំពាក្យ​រូបនេះ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។

ទោះបីជា​យ៉ាងណា ប្រភព​ម្នាក់ក្នុងចំណោមអ្នកដឹងរឿងនេះ បាននិយាយថា វិធាន​ការ​នេះ គឺជាជំហានតូចមួយឆ្ពោះ​ទៅរកមហិច្ឆតាដ៏ធំធេងរបស់ក្រុមហ៊ុន អ៊ែន​ស្រូភិក​ ក្នុងការដោះស្រាយបញ្ហាជំងឺនានា ដែលខ្លួនយល់ថា ត្រូវបានឧស្សា​ហកម្មផលិត​ឱសថមើលរំលង ហើយថា ការងារ​នេះ ត្រូវ​ធ្វើ​ឱ្យ​បាន​មុនពេលដែល​បុគ្គ​លិក និងសា​ធារណ​ជន​បាត់បង់ជំនឿលើ​បច្ចេកវិទ្យា AI ដោយសារ​ពួកគេ​​បារម្ភ​​ថា AI ដណ្តើម​ការងារ ឬអាច​បង្ក​ផល​ប៉ះពាល់ដល់អាយុ​ជីវិត​មនុស្ស។

គេមិន​ប្រាកដថា កម្មវិធីផលិត​ឱសថ ដែលក្រុមហ៊ុនអ៊ែនស្រូភិក​កំពុង​អនុវត្តនេះ នឹង​ទទួល​បាន​ជោគជ័យ​នោះទេ​ ដោយសារឱសថភាគច្រើនបរាជ័យក្នុងដំណាក់​កាល​ធ្វើ​តេស្ត​ផ្នែកសុវត្ថិភាព និងប្រសិទ្ធភាព។

ដោយឡែក​​សម្រាប់​ លោក ដារីយ៉ូ អាម៉ូដេ (Dario Amodei) ជានាយកប្រតិបត្តិក្រុមហ៊ុន​អ៊ែនស្រូភិក ​យល់​ថា កិច្ចប្រឹង​ប្រែងនេះ គឺមាន​សារៈសំខាន់​ចំពោះ​លោក​ផ្ទាល់​។

នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយថ្មីៗនេះ លោក អាម៉ូដេ បានលើកឡើងថា ឪពុករបស់លោកបានទទួល​មរណភាពដោយសារជំងឺមួយប្រភេទ ត្រឹមតែប៉ុន្មាន​ឆ្នាំមុន​ពេលថ្នាំព្យាបាលជំងឺនេះ​ ត្រូវបានគេ​រកឃើញ។ លោក ខូឌ័ររើ អាប្រាមស៍ ក៏យល់ស្របចំពោះរឿងនេះផងដែរ។

លោក ខូឌ័ររើ អាប្រាមស៍ បាននិយាយ​ថា បេសកកម្មរបស់ក្រុមហ៊ុន គឺការអភិ​វឌ្ឍ​​បច្ចេកវិទ្យា AI ដ៏មានឥទ្ធិពល ក្នុងទម្រង់មួយ ដែលផ្តល់ផលប្រយោជន៍ដល់ពិភពលោក ហើយថា រហូតមកទល់ពេលនេះ គ្រប់គ្នា​មើលឃើញថា វិស័យ​វិទ្យាសាស្ត្រផ្នែកជីវសាស្ត្រ គឺជាឱកាសដ៏ធំបំផុតសម្រាប់សម្រេច​គោលដៅនេះ ហើយ​វា គឺជាកត្តាជំរុញសកម្ម​ភាព​ទាំង​អស់ ដែលកំពុងអនុវត្ត៕

ប្រែសម្រួល​អត្ថបទដោយ​៖ លោក​ អ៊ួច សូនី

អត្ថបទដែលជាប់ទាក់ទង