រដ្ឋបាលលោក ត្រាំ អនុម័តយល់ព្រមលក់យន្តហោះចម្បាំង F-35 ទៅឱ្យ​អារ៉ាប៊ីសាអូឌីត

រដ្ឋបាលរបស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានស្នើទៅកាន់សមាជិក​សភាឱ្យអនុម័តលក់យន្ត​ហោះ​ចម្បាំង F-35 ចំនួន ៤៨ គ្រឿងទៅឱ្យ​ប្រទេស​អារ៉ាប៊ីសាអូឌីត ក្នុងតម្លៃប្រមាណ​ ២៤,៣ ពាន់លានដុល្លារ។ នេះបើ​តាម​សេចក្តីរាយការណ៍​របស់​បណ្តាញព័ត៌មាន​អាល់ចាហ្ស៊ីរ៉ា ​កាលពី​ថ្ងៃព្រហស្បតិ៍។​

ក្រសួងការបរទេសអាមេរិក បាន​ឱ្យ​ដឹង​តាម​រយៈ​សេចក្តីថ្លែង​ការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍​ថា ការលក់ដែលបានស្នើឡើងនេះ ​នឹងគាំទ្រដល់គោលនយោ​បាយ​​ការ​បរទេស និងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក តាមរយៈការពង្រឹង​​សន្តិ​សុខ​របស់​សម្ព័ន្ធមិត្តដ៏សំខាន់មួយ ដែលមិនមែនជាសមាជិកអង្គការណាតូ (NATO) ហើយដែលដើរតួនាទី​ជាកម្លាំងជំ​រុញ​ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ច​ក្នុងតំបន់ឈូងសមុទ្រ។

រដ្ឋបាលអាមេរិក បានលើកឡើងថា ការលក់យន្តហោះចម្បាំងទាំងនេះ ជាយន្តហោះ​ចម្បាំងទំនើបបំផុតរបស់សហរដ្ឋ​​អាមេរិក នឹងមិនផ្លាស់ប្តូរតុល្យ​ភាពយោធានៅក្នុងតំបន់នោះទេ ហើយ​ការ​ធ្វើ​បែបនេះ គឺស្របទៅនឹងគោល​នយោ​បាយ​ដ៏យូរ​អង្វែង​របស់សហរដ្ឋអាមេរិក ដែលបាន​កំណត់ថា អ៊ីស្រាអែលត្រូវតែមានឧត្តម​ភាព​ផ្នែកយោធា​លើគូប្រជែងដែលមានសក្តានុពលនៅក្នុងតំបន់។

សេចក្តីប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីក្រុមហ៊ូទី (Houthis) នៅក្នុងប្រទេសយេម៉ែន​​បានអះអាងកាលពីថ្ងៃ​ពុធ​ថា ពួកគេបានបាញ់ទម្លាក់យន្តហោះចម្បាំង F-15 របស់អារ៉ាប៊ីសាអូឌីត​មួយគ្រឿង នៅ​ក្រុងម៉ារីប (Marib) ជាទីក្រុងសំខាន់មួយនៅក្នុងការ​វាយ​ប្រហារ​របស់​ពួកគេ ប្រឆាំង​នឹង​កងកម្លាំងរដ្ឋាភិបាលយេម៉ែន ដែលគាំទ្រ​ដោយអារ៉ាប៊ី​សាអូឌីត។

ក្រុមសកម្មប្រយុទ្ធ​នេះ បានចេញផ្សាយវីដេអូដែលបង្ហាញពីក្រុមអ្នកប្រយុទ្ធនៅក្នុង​ទីក្រុងមួយ កំពុងឈរនៅពី​មុខ​បំណែក​ដែលកំពុងឆេះនៃអ្វីដែលគេ​មើលទៅដូចជា​ យន្តហោះចម្បាំង F-15 ផលិតនៅសហរដ្ឋអាមេរិក ដែលមានសញ្ញាសម្គាល់​របស់ប្រទេសអារ៉ាប៊ីសាអូឌីត។

ក្រុមហ៊ូទី ​អះអាងថា យន្តហោះនោះត្រូវបានបាញ់ទម្លាក់ដោយប្រើមីស៊ីលពីដីទៅ​អាកាសដែលផលិតក្នុងស្រុក។ ការណ៍​​នេះ​នឹងបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់មួយនៃ​សមត្ថភាពរបស់ក្រុមនេះក្នុងការធ្វើសង្គ្រាមក្នុងតំបន់។

រហូតមកដល់ពេលនេះ កងទ័ពអារ៉ាប៊ីសាអូឌីត មាន​ប្រៀប​ផ្នែកដែនអាកាសក្នុងកម្រិត​មួយដ៏ល្អប្រសើរ​ នៅក្នុងប្រទេសយេម៉ែន ហើយបានពឹងផ្អែកយ៉ាងខ្លាំងទៅ​លើ​សមត្ថភាពរបស់ខ្លួន ក្នុងការវាយប្រហារតាមផ្លូវអាកាសនៅក្នុងប្រទេសជិត​ខាងមួយនេះ។

ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូទី  ត្រូវបានរាយការណ៍ថា បាន​សម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ ក្នុងនោះមានកុមារ ៣នាក់ កាល​ពី​ថ្ងៃព្រហស្បតិ៍។

អារ៉ាប៊ីសាអូឌីត​​ បរាជ័យ​ក្នុង​ការ​ព្យាយាមធ្វើ​​ឱ្យទីក្រុងវ៉ាស៊ីនតោន​ដើរតួនាទីដោយ​ផ្ទាល់បន្ថែមទៀត នៅក្នុងជម្លោះរវាងព្រះរាជាណាចក្រនេះ និងកងកម្លាំងហ៊ូទី។ សហរដ្ឋអាមេរិក បានបញ្ជាក់ថា ខ្លួននឹងមិនចូលរួមអន្តរាគមន៍ដោយ​ផ្ទាល់នៅក្នុងជម្លោះរវាងក្រុមហ៊ូទី ដែលគាំទ្រដោយអ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងកង​កម្លាំង​​រដ្ឋាភិបាលយេម៉ែន ដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត​នោះ​ទេ។

ជុំវិញបញ្ហា​នេះដែរ ទីក្រុងវ៉ាស៊ីនតោន ​ក៏មានការព្រួយបារម្ភផងដែរអំពីលទ្ធភាព​ដែល​ប្រទេស​ចិន​អាច​ទទួលបាន​ព័ត៌មាន​សម្ងាត់ ពាក់ព័ន្ធនឹងយន្តហោះចម្បាំងទាំង​នោះ​។

កាសែត The New York Times បានរាយការណ៍នៅសប្តាហ៍នេះថា អ្នកវិភាគផ្នែក​ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋ​អាមេរិក​បានលើកឡើងពីលទ្ធភាពដែលទីក្រុងប៉េកាំងអាចទទួលបានបច្ចេកវិទ្យា F-35 តាមរយៈភាពជាដៃគូជាមួយទីក្រុងរីយ៉ាដ។

លោក រ៉ាចា គ្រីស្នាមូធី (Raja Krishnamoorthi) សមាជិកសភាអាមេរិក និងជាសមាជិក​គណបក្សប្រជាធិបតេយ្យប្រចាំគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ នៃសភា​តំណាងរាស្ត្រ បានជំទាស់នឹង​ការលក់យន្ត​ហោះចម្បាំង​នេះ ដោយផ្អែកលើហេតុផលទាំងនោះ។

លោកបានលើក​ឡើង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងនេះមិនគួរ​ត្រូវបានបន្តអនុវត្តឡើយ ខណៈ​ពេល​​ដែលបណ្តាញ​ស៊ើបការណ៍សម្ងាត់កំពុងព្រមានថា វាអាចធ្វើឱ្យបច្ចេកវិទ្យាយោធាដ៏សំខាន់បំផុតរបស់អាមេរិកធ្លាក់ទៅក្នុងដៃរបស់បក្សកុម្មុយនីស្តចិន។

គួរំលឹកថា កាលពីខែមុន ប្រទេសអារ៉ាប៊ីសាអូឌីតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិទៅវិញទៅមក ដែលមានឈ្មោះថា «កិច្ចព្រមព្រៀងក្រុងមេកា» (Mecca Agreement) ជាមួយប្រទេសប៉ាគីស្ថាន និងប្រទេស​តួក​គី។ នេះគឺជាសញ្ញាមួយបង្ហាញថា ប្រទេសទាំងបី​កំពុងស្វែងរកមធ្យោ​បាយ​ ដើម្បីផ្តល់​ការការពារគ្នា​ទៅវិញទៅ​មក ដោយពឹងផ្អែកលើទីក្រុងវ៉ាស៊ីនតោនតិចជាងមុន។

អារ៉ាប៊ីសាអូឌីតបានព្យាយាមទិញយន្តហោះចម្បាំង F-35 អស់រយៈពេលជាយូរមក​ហើយ ប៉ុន្តែក្រុម​មន្ត្រីមកពីប្រទេស​អ៊ីស្រាអែល ដែលជាប្រទេសតែមួយគត់នៅក្នុងតំបន់ ដែលមានយន្តហោះចម្បាំងប្រភេទនេះ បានបង្ហាញការ​​ព្រួយ​បារម្ភអំពីការលក់យន្តហោះទាំងនេះទៅឱ្យទីក្រុងរីយ៉ាដ ទោះបីជាមានការជំរុញឱ្យព្រះរាជាណាចក្រមួយនេះធ្វើ​ឱ្យ​ទំនាក់ទំនងមានភាពប្រ​ក្រតីឡើងវិញក៏ដោយ។

ប្រទេសតួកគី ដែលជាសមាជិកអង្គការណាតូ (NATO) និងបានចូលរួមក្នុងការអភិវឌ្ឍយន្តហោះចម្បាំង F-35 រួមគ្នាជាមួយប្រទេសជាច្រើនទៀតនោះ ត្រូវបានហាមឃាត់មិនឱ្យទទួលបានយន្តហោះទាំងនេះចាប់តាំងពីឆ្នាំ ២០១៩ មក បន្ទាប់ពីខ្លួនបានទិញមីស៊ីលប្រឆាំងយន្តហោះពីប្រទេសរុស្ស៊ី៕

ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

អត្ថបទដែលជាប់ទាក់ទង