សហរដ្ឋអាមេរិកទទួលស្គាល់ជាលើកដំបូងថា ខ្លួនបានដាក់ពង្រាយអាវុធក្នុងលំហអាកាស

សហរដ្ឋ​អាមេរិក​បាន​ទទួល​​ស្គាល់​​ថា ខ្លួន​បានដា​ក់​ពង្រាយ​អាវុធ​ក្នុង​​លំហ​អាកាស​​នៃ​​​​គន្លង​គោចរផែនដី ហើយ​នេះ​ជាលើកដំបូង ដែលអាមេរិក​បានទទួលស្គាល់ពីសមត្ថ​​ភាពវាយប្រហារតាម​លំហ​អាកាស​។ នេះបើ​យោងតាម​សេចក្តីរាយការណ៍​របស់​បណ្តាញ​ព័ត៌មាន​ BBC នៅ​ថ្ងៃ​ពុធនេះ។​

លោក ត្រយ ម៉េក (Troy Meink) រដ្ឋមន្ត្រីទទួល​បន្ទុក​កង​ទ័ពអាកាសអាមេរិក បានថ្លែង​ថា អាវុធដែលស្ថិតនៅក្នុង​គន្លងគោចរផែនដីនោះ គឺមានភាពចាំបាច់ ដើម្បីការ​ពារកងទ័ព​អាមេរិកពីសកម្មភាពបង្កហេតុ​របស់សត្រូវ។

ថ្លែងនៅក្នុងសន្និសីទស្តីពីអាកាសចរណ៍ លំហអាកាស និងប្រព័ន្ធ​អ៊ីនធើណិត​ កាល​ពីថ្ងៃចន្ទ លោក ត្រយ ម៉េក បានលើកឡើងថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចរាល់សម្រាប់ “ការគំរាមកំហែងដែលកំពុងវិវត្ត” ប៉ុន្តែលោក​មិន​បាន​​ផ្តល់​​ព័ត៌​​មាន​​លម្អិត​អំពីសមត្ថភាពនៃ​អាវុធទាំង​នោះ ឬថា​តើ​អាវុធទាំងនោះ ត្រូវ​បាន​ដាក់​ពង្រាយ​​តាម​គន្លង​​គោចរផែនដី​តាំងពី​​ពេលវេលានោះទេ។

មេដឹកនាំយោធាជាន់ខ្ពស់ជាច្រើន ​​ធ្លាប់បានលើកឡើងពីផែនការពង្រឹងសមត្ថភាពយោធា​នៅក្នុងលំហអាកាស ដោយលើកឡើង​អំពី​កម្មវិធីរបស់រុស្ស៊ី និងចិនដែល​កំ​ពុងអភិវឌ្ឍន៍​វិធីសាស្ត្រ ដើម្បី​វាយប្រហារ និងរំខានដល់ផ្កាយ​រណប​របស់សហរដ្ឋ​អាមេរិក​ក្នុងករណីមានជម្លោះនាពេលអនាគត។

កាល​​ពី​ថ្ងៃអង្គារ ប្រទេសចិនបានឆ្លើយតបដោយព្រមានចំពោះ​ “ការប្រណាំងប្រជែង​ផ្នែកអាវុធ” នៅក្នុងលំហ​កាស។

ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសចិន ដែល​បាននិយាយថា ចិន​ទទូច​ឱ្យភាគី​អាមេរិកបញ្ឈប់ការបង្កើន​សមត្ថភាពយោធា និងការត្រៀមខ្លួនសម្រាប់សង្គ្រាមនៅក្នុង​អវកាស។

ទោះបីជា​យ៉ាងណា ក្រុម​មន្ត្រីអាមេរិក មិន​បាន​លាតត្រដាង​ព័ត៌មានលម្អិតអំពី​របៀប​នៃប្រតិបត្តិការអាវុធប្រភេទ​​នេះទេ។

អ្នក​នាំពាក្យកងកម្លាំងអវកាសអាមេរិក បាននិយាយ​ថា “ការគ្រប់គ្រងលំហអាកាស គ្រប​​ដណ្ដប់​លើ​​តំបន់​​បេសក​កម្ម ដែល​​តម្រូវ​ឱ្យ​មាន​​ការ​​ប្រកួត​ប្រជែង និង​គ្រប់​គ្រង​ដែន​អា​កាស ហើយ​សមត្ថភាពទាំងនេះអាចត្រូវបានប្រើប្រាស់​សម្រាប់គោល​បំណងវាយលុក និងការពារ តាមការបញ្ជារបស់បញ្ជាការដ្ឋានប្រយុទ្ធ។

អ្នកជំនាញផ្នែកប្រើប្រាស់លំហអាកាស​សម្រាប់គោលបំណងយោធា​ បានកត់សម្គាល់​ថា មានព័ត៌មានតិចតួចបំផុត​ដែលត្រូវ​បានផ្សព្វផ្សាយ​ជាសាធារណៈ អំពីបច្ចេក​វិទ្យានេះ និង​បានប្រាប់បណ្តាញព័ត៌មាន​ BBC ថា អាចមាន​ប្រព័ន្ធ​អាវុធផ្សេងៗ​គ្នាជាច្រើនប្រភេទ។

លោកបណ្ឌិត ប្លេដឌីន បូវិន (Bleddyn Bowen) មកពីវិទ្យាស្ថានរ៉ូយ៉ាល់​យូណាយធីត​​សឺវីស​ (Royal United Services Institute) បានលើកឡើងថា លោកមិន​ដឹង​ច្បាស់​​ពី​ប្រភេទអាវុធនោះទេ​ ប៉ុន្តែសហរដ្ឋអាមេរិកអាចនឹងកំពុងសំដៅ​ទៅ​លើ “ប្រភេទ​សង្គ្រាមអេឡិចត្រូនិក ឬឧបករណ៍រំខានរលក​វិទ្យុ​” ណាមួយ។

លោក បូវិន​ បាននិយាយថា នោះគឺជាប្រភេទអាវុធដែលមានស្រាប់នៅលើផែនដី ហើយអាចរំខានដល់ការទំនាក់ទំនង​តាម​វិទ្យុ​បាន។

រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានលើកឡើងថា សមត្ថភាពប្រតិបត្តិការក្នុងលំ​ហអាកាស និងមីស៊ីលស្ទាក់ចាប់ គឺជាផ្នែកដ៏សំខាន់នៃប្រព័ន្ធការពារដែនអាកាស​​ហ្គោលឌិនដូម (Golden Dome) ដែលគ្រោងនឹងបង្កើតឡើង ដើម្បី​ការពារសហរដ្ឋអាមេរិកពីមីស៊ីល និងការគំរាមកំហែងផ្សេងទៀតតាមផ្លូវអាកាស។

កាល​ពីឆ្នាំមុន លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយ ដោយបញ្ជាក់យ៉ាងច្បាស់អំពីតួនាទី​​របស់កងកម្លាំងអវកាសសហរដ្ឋអាមេរិក ដែល​មិនត្រឹមតែការពារទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរ​តួ​ជា​កងកម្លាំង​វាយប្រហារទៀតផង៕

ប្រែសម្រួលអត្ថបទដោយ​៖ លោក អ៊ួច សូនី

អត្ថបទដែលជាប់ទាក់ទង