សភាអាមេរិកថា ការចំណាយក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់បានកើន​ដល់ ៣៨ពាន់លានដុល្លារ​ គិតត្រឹមដើមខែសីហា

ការិយាល័យ​ថវិកា​សភាអាមេរិក បាន​រាយការណ៍​កាល​ពីថ្ងៃអង្គារ​ថា​ សង្គ្រាម​អាមេរិក​​ប្រឆាំងនឹងអ៊ីរ៉ង់ ដែលមាន​រយៈ​ពេល ៦ខែ​​មក​​នេះ បានចំ​ណាយថវិកាអស់ ៣៨ ពាន់​លានដុល្លារ​ រួចទៅហើយ ហើយគេព្យាករថា ការ​ចំណាយ​នឹង​កើនឡើង ៣ពាន់​លានដុល្លារ​ក្នុងមួយខែ ខណៈរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងស្វែងរកវិធីបញ្ចប់ជម្លោះ និង​បើកឡើងវិញនូវច្រកសមុទ្រហ័រ​មូស (Strait of Hormuz)។ នេះបើ​តាម​សេចក្តីរាយការណ៍​របស់ទីភ្នាក់ងារ​រ៉យ​ទ័រ​នៅ​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២៦​នេះ។​

ជុំវិញ​​បញ្ហា​នេះ មជ្ឈដ្ឋាន​ជា​ច្រើន​​រំពឹង​ថា សង្រ្គាមនឹងបង្កើនអតិផរណាចំនួន០,៥% ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ​​២០២៧​ ​នេះ​បើ​យោងតាមគណនា​របស់​ការិយាល័យ​ថវិកាសភា ដែលបាន​បូក​សរុបការចំណាយដល់ថ្ងៃទី១ ខែសីហា។

ការកើនឡើងនៃការ​ចំណាយនេះ បានបង្កើត​សម្ពាធ​លើស្តុកគ្រាប់រំសេវរបស់សហរដ្ឋ​អាមេរិក និងធ្វើឱ្យតម្លៃថាម​ពល​កើន​​ឡើង ដែលបង្កជាក្តីបារម្ភអំពីសមត្ថភាពរបស់ប្រ​ទេសនេះ ក្នុងការឆ្លើយតបទៅនឹងជម្លោះដែលអាចកើត​មានផ្សេងទៀត ព្រមទាំងបង្កើនសម្ពាធលើថវិកាសហព័ន្ធ ដែលកំពុងស្ថិតក្នុងស្ថានភាពតានតឹងស្រាប់ទៅ​ហើ​យ​​​នោះ។

ការ​ចំណាយ​នេះ គឺប្រហាក់ប្រហែលនឹងទឹកប្រាក់ចំនួន ៣៧,៥ ពាន់លានដុល្លារ ដែលលោក ភីត ហ៊ែក​សិត (​Pete Hegseth) រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក​ បានរាយការណ៍នៅក្នុងពេល​ដេញដោល​នៅក្នុង​ព្រឹទ្ធសភា កាលពីថ្ងៃ​ទី​២១ ខែកក្កដា។

ការិយាល័យថវិកា បានឱ្យដឹងថា ការចំណាយភាគច្រើន គឺបណ្តាលមក​​ពីការ​ប្រើ​ប្រាស់​គ្រាប់រំសេវយ៉ាងឆាប់រហ័ស ដោយ​ប៉ាន់ប្រមាណថា អាចនឹងត្រូវចំណាយពេល ៥ឆ្នាំ ដើម្បី​​បំពេញស្តុក​គ្រាប់រំសេវ​របស់សហរដ្ឋអាមេរិកឡើងវិញ។

ទាក់ទិន​នឹង​ការប្រើប្រាស់គ្រាប់រំសេវយ៉ាងឆាប់រហ័ស ទីភ្នាក់​ងារព័ត៌មានរ៉យ​ទ័រ​បាន​រាយការណ៍កាលពីខែសីហាថា សហរដ្ឋអាមេរិកបានប្រើប្រាស់មីស៊ីលរយៈចម្ងាយ​ឆ្ងាយរបស់ខ្លួន «ស្ទើរតែទាំងអស់» អំឡុងសង្គ្រាម។

ការិយាល័យថវិកាសភា បានរាយការណ៍លើក​ឡើង​ផងដែរ​ថា ក្រសួងការពារជាតិ​មិន​បាន​សហការជាមួយអ្នកត្រួតពិនិត្យ​ផ្នែកហិរញ្ញវត្ថុរបស់សភាឡើយ។

ទោះបីជា​យ៉ាងណា លោកស្រី អានណា ខេលលី អ្នកនាំពាក្យសេតវិមាន បានហៅ​​​ការវាយប្រហាររបស់លោកប្រធានា​ធិបតី ដូណាល់ ត្រាំ​ ទៅលើប្រទេសអ៊ីរ៉ង់ថា ជាសកម្មភាពដ៏ម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ទីក្រុងតេអេរ៉ង់​មិនឱ្យបង្កគ្រោះថ្នាក់​ដល់​​បុគ្គលិក​យោធា​អាមេរិក​ ឬ​ផល​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក។

លោក​ស្រីបានលើកឡើងថា កងទ័ពអាមេរិកមាន «គ្រាប់រំសេវ គ្រឿងបំពាក់ និងស្តុក​សម្ភារៈយោធាគ្រប់គ្រាន់​លើស​ពី​តម្រូវ​ការ ដើម្បីបម្រើដល់គោលដៅយុទ្ធសាស្ត្រ​ទាំងអស់​របស់អគ្គមេបញ្ជាការ និងលើសពីនេះទៅទៀត»។

ស្រដៀង​គ្នា​នេះដែរ លោក ស៊ាន​ ផាណែល (Sean Parnell) អ្នកនាំពាក្យជាន់ខ្ពស់របស់មន្ទីរបញ្ចកោ​ណ ក៏​បានជំទាស់នឹង​ការរបាយការណ៍​ដែលថា មានការខ្វះខាតគ្រាប់រំសេវ ហើយថា អាមេរិក​មានអ្វីៗគ្រប់យ៉ាងដែលចាំបាច់ ដើម្បីធ្វើ​ការ​​វាយប្រហារទៅ​តាម​ពេលវេលា និងទីកន្លែងដែលប្រធានាធិបតីបានជ្រើសរើស​។

គួររំលឹក​ថា ការសួរ​ដេញ​ដោល​អំពីការចំណាយនេះ ត្រូវបានធ្វើឡើងតាមសំ​ណើរបស់លោក ប៊្រែនឌិន បយ (Brendan Boyle) សមា​ជិកសភា​ជាន់ខ្ពស់រដ្ឋ​ភែនស៊ីលវ៉ានៀ​មក​ពី​គណបក្សប្រជាធិបតេយ្យប្រចាំគណៈកម្មាធិការថវិកា​របស់សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក។

លោក ប៊្រែនឌិន បយ​ បានលើក​ឡើង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សង្គ្រាមដ៏​មហន្តរាយរបស់លោក ដូណាល់​ ត្រាំ​ នៅប្រទេសអ៊ីរ៉ង់ បានឆក់យកជីវិតយោ​ធា​អាមេរិកដ៏ក្លាហាន​ និងបណ្តាលឱ្យអ្នកផ្សេងទៀតរងរបួសច្រើន​នាក់​​រួចទៅហើយ​។

លោក​ ប៊ែនឌិន បយ បន្តងថា ក្រៅពីការបាត់បង់អាយុជីវិតមនុស្ស របាយការណ៍ពីការិយាល័យថវិកាសភា (CBO) ដែលមិនលំអៀងទៅលើគណបក្សនយោបាយណាមួយនេះ បានបង្ហាញយ៉ាងច្បាស់ថា សង្គ្រាមនេះក៏បានធ្វើឱ្យអ្នក​បង់​ពន្ធ​អាមេរិកត្រូវចំណាយប្រាក់រាប់សិបពាន់លានដុល្លារ ហើយការ​ចំណាយ​នេះនៅតែបន្តកើនឡើងថែមទៀត។ សូម​បញ្ជាក់​ថា យោធាអាមេរិកចំនួន ១៨ នាក់បានស្លាប់​នៅក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់​។

របាយការណ៍ដដែល​នេះ មិនបានរាប់បញ្ចូលការខាតបង់​កើតចេញពីការវាយប្រហារថ្មីៗ​ ទៅលើនាវាពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រហ័រមូស (Strait of Hormuz) និងការវាយប្រហារទៅលើមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅក្នុង​​តំបន់នោះទេ ហើយ​ក៏មិន​បាន​រាប់​បញ្ចូល​ប្រាក់កម្ចី​សម្រាប់ផ្តល់ហិរញ្ញប្បទានដល់សង្គ្រាមនេះដែរ ដែលអាចបន្ថែម​ទឹកប្រាក់រាប់សិបពាន់លានដុល្លារទៀត​ទៅលើការចំណាយសរុប។​

របាយការណ៍​របស់ការិយាល័យថវិកាសភាអាមេរិក បានរកឃើញថា សង្គ្រាមនេះ អាចបង្កផលវិបាកយ៉ាងខ្លាំង​ដល់ជំហរ​ការពារជាតិរបស់សហរដ្ឋអាមេរិក និងសេដ្ឋកិច្ចក្នុងស្រុក។

ការិយាល័យថវិការដ្ឋសភាអាមេរិក បន្ថែម​ទៀត​ថា ការខ្វះខាតគ្រាប់រំសេវសំខាន់ៗ រួមទាំងមីស៊ីលស្ទាក់ចាប់ផងដែរនោះ អាចបង្កហានិភ័យដល់សមត្ថភាពឆ្លើយ​តបរបស់មន្ទីរបញ្ចកោណក្នុងករណីមានជម្លោះធំមួយទៀត ដូចជាការ​ប៉ះ​ទង្គិច​គ្នា ដែលអាចកើតមានរវាងចិន និងតៃវ៉ាន់ ជាដើម៕

អត្ថបទប្រែសម្រួល​ដោយ៖ លោក អ៊ួច សូនី

អត្ថបទដែលជាប់ទាក់ទង