ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកបាត់ខ្លួន ១២៩នាក់ បន្ទាប់ពីឧប្បត្តិហេតុលិចនាវាដឹកអ្នកដំណើរនៅឥណ្ឌូនេស៊ី
នៅថ្ងៃចន្ទនេះ ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូនេស៊ីរាប់រយនាក់ រួមទាំងកងការពារឆ្នេរសមុទ្រ និងកងទ័ពជើងទឹក បានប្រញាប់ប្រញាល់ឡើងទៅលើនាវាដឹកអ្នកដំណើរមួយគ្រឿង ដែលបានលិចនៅក្នុងសមុទ្រចាវា (Java Sea) កាលពីចុងសប្តាហ៍ ដើម្បីស្វែងរកមនុស្សចំនួន ១២៩នាក់ ដែលនៅបាត់ខ្លួន ខណៈចំនួនអ្នកស្លាប់ត្រូវបានគេរាយការណ៍ថា មាន ៦នាក់នៅពេលនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅថ្ងៃច័ន្ទនេះ។
ទីភ្នាក់ងារជួយសង្គ្រោះបានឱ្យដឹងថា នាវាវើហ្គោ ត្រែនស្ប៉ត 8 (Virgo Transport 8) ដែលដឹកអ្នកដំណើរ ២៤៣នាក់ បានបាត់ការទាក់ទងនៅក្នុងស្ថានភាពអាកាសធាតុមិនល្អ កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ។ រហូតមកដល់ពេលនេះ អាជ្ញាធរបានជួយសង្គ្រោះមនុស្សចំនួន ១០៨ នាក់ ចេញពីនាវានោះ ដែលធ្វើដំណើរពីទីក្រុងសឺរ៉ាបាយ៉ា (Surabaya) ក្នុងតំបន់អ៊ីសចាវ៉ា (East Java) ទៅកាន់ទីក្រុងបានចាម៉ាស៊ីន (Banjarmasin) ក្នុងតំបន់កាលីម៉ានតានភាគត្បូង (South Kalimantan)។
លោក ម៉ូហាម៉ាដ ស៊ីយ៉ាហ្វី (Mohammad Syafii) ប្រធានទីភ្នាក់ងារជួយសង្គ្រោះជាតិ បានឱ្យដឹងថា ស្ថានភាពទឹកដែលមានរលកខ្ពស់បន្តបន្ទាប់ និងខ្យល់បក់ខ្លាំង បានបង្កការលំបាកដល់ប្រតិបត្តិការស្វែងរកមនុស្សនៅថ្ងៃចន្ទនេះ។
លោក ស៊ីយ៉ាហ្វី បានអះអាងថា ទីភ្នាក់ងារជួយសង្គ្រោះ បានដាក់ពង្រាយបុគ្គលិកយ៉ាងហោចណាស់ ៦២២នាក់ នាវាសង្គ្រោះ ១៧គ្រឿង ព្រមទាំងឧទ្ធម្ភាគចក្រ និងយន្តហោះចំនួន ៥គ្រឿង ដើម្បីស្វែងរកអ្នកដំណើរដែលបានបាត់ខ្លួន។
លោកបានបញ្ជាក់ថា នាវាខ្លះបានទៅដល់ទីតាំងកើតហេតុហើយ ប៉ុន្តែក្រុមអ្នកជួយសង្គ្រោះជួបការលំបាកក្នុងការចូលទៅក្នុងនាវាដែលបានក្រឡាប់មួយផ្នែកចូលក្នុងទឹកនោះ។
លោកបានមានប្រសាសន៍ថា អង្គភាពរបស់លោកក៏ចង់ដាក់ពង្រាយបុគ្គលិកដែលមានជំនាញជួយសង្គ្រោះក្រោមទឹកផងដែរ ប៉ុន្តែស្ថានភាពជាក់ស្តែងនៅពេលនេះ មិនអនុញ្ញាតឱ្យក្រុមការងារធ្វើដូច្នេះបានឡើយ។
បើតាមលោក ស៊ីយ៉ាហ្វី ថា ខណៈពេលកំពុងរង់ចាំឱ្យស្ថានភាពអាកាសធាតុប្រ សើរឡើង ក្រុមការងារកំពុងស្វែងរកបុគ្គលិក ដែលមានជំនាញពិសេសបន្ថែមទៀតឱ្យមកជួយ ដោយបានបន្ថែមថា ចំនួនអ្នកស្លាប់នៅត្រឹម៦នាក់ដដែលនៅពេលនេះ។
នៅក្នុងរូបភាពវីដេអូមួយ ដែលត្រូវបានចែករំលែកដោយទីភ្នាក់ងារជួយសង្គ្រោះ បានបង្ហាញថា នាវាដ៏ធំមួយ ដែលមានពណ៌ក្រហមលាយខ្មៅបានក្រឡាប់ និងលិចមួយផ្នែកទៅក្នុងទឹកសមុទ្រ ដោយផ្នែកបាតនាវា ដែលលាបពណ៌ក្រហមនោះ បានងើបឡើងផុតពីផ្ទៃទឹក។
ជាមួយគ្នានោះដែរ គេឃើញទូកតូចៗចំនួនពីរ ដែលសុទ្ធតែមានមនុស្សជិះ កំពុងអណ្តែតនៅលើផ្ទៃទឹកដែលមានរលកបោកបក់ខ្លាំង នៅក្បែរកប៉ាល់ដែលបានក្រឡាប់នោះ។
មន្ត្រីម្នាក់នៅទីភ្នាក់ងារជួយសង្គ្រោះបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ទីតាំងដែលនាវាបានលិចនោះ គឺស្ថិតនៅចម្ងាយប្រហែល ១៥០ គីឡូម៉ែត្រពីមជ្ឈមណ្ឌលនៃកំពង់ផែទ្រីសាក់ទី (Trisakti) ក្នុងទីក្រុងបេនចាម៉ាស៊ីន (Banjarmasin)។ មន្ត្រីមួយរូប បានបន្តថា ស្ថានភាពនៅទីនោះមានខ្យល់បក់ខ្លាំង ដែលធ្វើឱ្យនាវាលំបាកក្នុងការចូលចត។
បើតាមលោក ស៊ីយ៉ាហ្វី ប្រធានទីភ្នាក់ងារជួយសង្គ្រោះជាតិ បាននិយាយថា អាកាសធាតុមានសភាពអាក្រក់ខ្លាំងនៅពេលកើតហេតុ ដោយមានរលកកម្ពស់រហូតដល់ ៣ ម៉ែត្របោកបក់មកលើនាវា។
គួរបញ្ជាក់ថា ការធ្វើដំណើរពីកំពង់ផែទ្រីសាក់ទី ប្រើពេលប្រហែល ៥ ម៉ោង ដើម្បីដល់គោលដៅ ក្នុងស្ថានភាពអាកាសធាតុល្អ ប៉ុន្តែអាចត្រូវការពេលរហូតដល់ ៩ ម៉ោង ប្រសិនបើស្ថានភាពអាកាសធាតុមិនល្អ។
ជុំវិញករណីលិចនាវានេះ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក ឌូឌី ពូវ៉ាហ្គានឌី (Dudy Purwagandhi) បាននិយាយថា នាវាដែលបានលិចនោះ មានសមត្ថភាពផ្ទុកអ្នកដំណើរបាន ៥០០នាក់ ដូច្នេះវាមិនមែនជាបញ្ហា នៃការផ្ទុកលើសកម្រិតនោះទេ។
ប្រទេសឥណ្ឌូនេស៊ីពឹងផ្អែកលើការធ្វើដំណើរតាមផ្លូវទឹក ដើម្បីភ្ជាប់ទំនាក់ទំនងទូទាំងកោះចំនួន ១៧.០០០របស់ខ្លួន ហើយមួយផ្នែកដោយសារការធ្វើដំណើរតាមផ្លូវសមុទ្រមានតម្លៃធូរថ្លៃ និងងាយស្រួលជាងការធ្វើដំណើរតាមយន្តហោះ ប៉ុន្តែក៏មានគ្រោះថ្នាក់ជាច្រើនលើកមកហើយដែរ៕
អត្ថបទប្រែសម្រួលដោយ៖ លោក អ៊ួច សូនី

