ក្រុមហ៊ុន OpenAI ផ្អាកការចាប់ផ្តើមលក់ភាគហ៊ុនដំបូងជាសាធារណៈ ដោយសារកង្វល់អំពីហានិភ័យបង្កឡើងដោយ AI

លោក សាម អាល់មែន (Sam Altman) នាយក​​ប្រតិបត្តិក្រុម​ហ៊ុន OpenAI បានថ្លែង​​​នៅថ្ងៃសៅរ៍​ថា ក្រុមហ៊ុន OpenAI នឹងមិនចាប់ផ្តើម​លក់ភាគហ៊ុនដំបូង​ជា​សាធារណៈ​នៅឆ្នាំ២០២៦ នេះ​ទេ ដោយសារតែមាន​​កង្វល់អំពី​សុវត្ថិភាពពាក់ព័ន្ធនឹងបញ្ញា​សិប្បនិម្មិត (AI) ដោយ​លោកអះអាងថា លទ្ធភាពនៃហានីភ័យ​​​ត្រឹម​តែ ១០% ដែលថា AI ​អាចបង្ក​វិនាសកម្ម​ដល់​មនុស្សជាតិ​ នៅត្រឹមដំណាច់​ទស​វត្សរ៍នេះ គឺ​ជារឿងដែល​​មិន​អាចទទួលយក​បាន​ឡើយ​​។ នេះបើ​តាម​សេចក្តីរាយការណ៍​​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យ​ទ័រ​ ​កាលពី​ព្រឹកថ្ងៃអាទិត្យ​នេះ។​

ការអះអាង​របស់​លោក​​ ធ្វើ​ឡើងស្របពេលដែលសមាជិកសភាអាមេរិកកាន់តែច្រើន​​​ឡើងកំពុងជំរុញឱ្យមានការដាក់​ចេញនូវវិធានថ្មីៗ ដើម្បីគ្រប់គ្រងប្រព័ន្ធ AI បន្ទាប់​ពីមានការព្រមានដ៏គួរ​ឱ្យ​ភ័យខ្លាច ​​ពីអ្នកស្រាវជ្រាវពីររូបមកពីក្រុមហ៊ុនអែន​ស្រូភិក (Anthropic) ដែលជាគូប្រជែងរបស់ក្រុមហ៊ុន OpenAI បង្ហើប​​ថា បច្ចេកវិទ្យា AI ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ អាចនាំទៅ​រក​ការសាបសូន្យ​នៃ​​មនុស្សជាតិនៅពេលអនាគតដ៏ខ្លីខាងមុខ។

លោក អាល់មែន បានប្រាប់ទស្សនាវដ្ដីហ្វតធ្យូន (Fortune) ថា ដោយសារតែបញ្ហា​​​ផ្សងៗ ដែលកំពុងកើតឡើងពាក់ព័ន្ធនឹងសុវត្ថិភាព ពេលនេះមិនមែនជាពេលវេលាដ៏ស័ក្តិ​សម ក្នុងការដែល​ក្រុម​ហ៊ុនរបស់​លោក​ហក់​ចូលទីផ្សារភាគហ៊ុននោះទេ។

ទោះបីជាយ៉ាងណា នៅពេលត្រូវបានសួរថា តើ AI ពិតជា​មានលទ្ធភាពត្រឹម​ ១០% ដែល​​អាចបង្កវិនាសកម្ម​ដល់​មនុស្សជាតិមែនឬយ៉ាងណានោះ​ លោកបាននិយា​យ​​​ថា លោកមិនដឹងថា គេធ្វើការប៉ាន់ប្រមាណ​តាម​របៀបណានោះទេ ប៉ុន្តែលោកបានព្រមានថា ហានិភ័យនេះ គឺធ្ងន់ធ្ងរខ្លាំងណាស់​ ហើយ​ថា ក្រុមហ៊ុន AI និង​រដ្ឋាភិបាលនានា មិន​គួរ​ព្រងើ​យ​កន្តើយនឹង​រឿង​នេះ​​ឡើយ​។

លោក អាល់មែន​ បានបន្ថែមថា មិនថា ហានិភ័យ​មាន​ត្រឹម​ ១០ភាគរយ ឬ ៨ភាគរយ ឬ ៦ភាគរយ​ នោះ​​​ទេ អ្វី​ដែល​សំខាន់ គឺគ្រប់​គ្នាមានការទទួលខុសត្រូវដ៏ធំធេង ហើយគេ​មិនគួរ​មាន​អំណួត​ ឬចង់បានតែ​ប្រាក់ចំណេញ ហើយ​បណ្តោយឱ្យ​អ្វីផ្សេងៗទៀតមកបង្អាក់ការ​ងារ​ការ​ពារ​សុវត្ថិភាពប្រជាពលរដ្ឋ​​នោះទេ​ ហើយ​ត្រូវចាត់វិធានការដើម្បី​ធានាថា គ្រប់គ្នា​មិនប្រឈមនឹងហានិភ័យទាំងនោះ ដោយ​​លោកមាន​ជំនឿ​ថា គ្រប់គ្នា​អាចធ្វើបាន។

ជុំវិញបញ្ហា​នេះដែរ អ្នកនយោបាយ​មកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង និងបានអំពាវនាវឱ្យមានវិធា​ន​​​ការបន្ថែមទៀត បន្ទាប់ពីមានករណី ដែល​​ប្រព័ន្ធសូហ៊្វែ​រ​ AI បាន​ដំណើរការហួស​​​ពីដែន​កំណត់​របស់ខ្លួន​រហូតដល់លួចចូលប្រព័ន្ធ​កុំព្យូទ័រ​ខាងក្រៅ និង​ករណី ដែលអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាព AI បានលាលែងពីការងារនៅក្រុមហ៊ុនរបស់ពួកគេ ដោយសារតែបារម្ភអំពីហានិភ័យនៃបច្ចេកវិទ្យានេះ។

កាលពីខែមិថុនា កាសែតញ៉ូវយ៉កថាមស៍ (New York Times) បានរាយការណ៍ថា ក្រុមហ៊ុន OpenAI ដែលមានមូលដ្ឋាននៅទីក្រុង San Francisco កំពុងពិ​ចារណាថា តើគួរពន្យារពេលរហូតដល់ឆ្នាំក្រោយឬយ៉ាងណា ចំពោះការបោះផ្សាយលក់​ភាគ​ហ៊ុនជាសាធារណៈលើកដំបូង (IPO) ដែលអាចមានតម្លៃរហូតដល់ទៅមួយពាន់ពាន់លានដុល្លារនោះ។

នៅពេលនោះដែរ​ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Space X របស់លោក អេឡិន​ ម៉ាស( Elon Musk) កំពុងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានការកើនឡើងយ៉ាងគំហុក ដែលបានរុញច្រានតម្លៃទីផ្សាររបស់ក្រុមហ៊ុននេះ ឱ្យឡើងដល់ ១,៨ ពាន់ពាន់លានដុល្លារ។

បើតាម​ទស្សនាវដ្តី Fortune លោក អាល់មែន​ បានអះអាង​ផងដែរ​ថា ក្រុមហ៊ុន​OpenAI និងក្រុមហ៊ុន AI ឈានមុខគេផ្សេងទៀត អាចនឹងជិតឈានដល់ការប្រ​កាសកិច្ចព្រមព្រៀងមួយ ដើម្បីបន្ថយល្បឿននៃការអភិវឌ្ឍ AI ហើយ​សហការគ្នាដោះស្រាយហានិភ័យផ្នែកសុវត្ថិភាព។

ជុំវិញសុវត្ថិភាព AI នេះដែរ កាលពីថ្ងៃសៅរ៍ លោក ដារីយ៉ូ អាម៉ូដេ (Dario Amodei) នាយក​ប្រតិបត្តិក្រុមហ៊ុន Anthropic បានទទូច​ឱ្យក្រុមហ៊ុននានាដែលអភិវឌ្ឍន៍​បច្ចេកវិទ្យា AI អនុវត្តវិធីសាស្ត្រ ដែលមានការគិតគូរល្អិតល្អន់​ និងប្រុងប្រយ័ត្នជាងមុននៅក្នុងដំណើរការអភិវឌ្ឍរបស់ខ្លួន​។

លោក អាម៉ូដេ​ បានសរសេរនៅលើ​បណ្តាញសង្គម X ថា គ្រប់គ្នា​ត្រូវបន្ថយល្បឿន​នៃការបង្កើនសមត្ថភាពគំរូ AI។

ជុំវិញការលើកឡើង​របស់លោក អាម៉ូដេ នេះ លោក អាល់មែន​ ក៏​បានបង្ហោះសារយល់ស្របនឹងទស្សនៈនេះដែរ​ ដោយ​​លោក​អះអាងថា គ្រប់គ្នា​ចាំបាច់ត្រូវ​កំណត់​ល្បឿន​នៃការអភិវឌ្ឍ​បច្ចេកវិទ្យា​ឈាន​មុខគេនេះ ហើយ​ថា នេះ​គឺ​ជា​​ប្រធាន​​បទ​​សំខាន់​​នៃ​កិច្ច​ពិភាក្សា​ ដែល​ក្រុមហ៊ុន​ OpenAI របស់​លោក​បាន​ធ្វើ​កាលប៉ុន្មាន​សប្តាហ៍ថ្មីៗនេះ។​

ទោះបីជាយ៉ាងណា ក្តីបារម្ភអំពីសុវត្ថិភាពនេះ មិនបានធ្វើឱ្យផែនការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន Anthropic មានភាព​យឺតយ៉ាវនោះទេ។

ប្រភពដែលស្និទ្ធ​នឹង​រឿង​នេះបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យ​ទ័រ​​នៅខែនេះថា ក្រុមហ៊ុន Anthropic ត្រូវគេរំពឹងថា នឹងចាប់ផ្តើមផ្សព្វផ្សាយអំពីការលក់ភាគហ៊ុនរបស់ខ្លួននៅពាក់កណ្តាលខែតុលា យ៉ាងឆាប់បំផុត និងបញ្ចប់ការចុះបញ្ជីភាគហ៊ុន​នៅប៉ុន្មានថ្ងៃមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ៕​

ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

អត្ថបទដែលជាប់ទាក់ទង