អារ៉ាប៊ីសាអូឌីតបិទបំពង់បង្ហូរប្រេង ខណៈក្រុមហ៊ូទីពង្រឹងការកាន់កាប់ច្រកដឹកជញ្ជូននៅសមុទ្រក្រហម

ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេច​បិទបំពង់បង្ហូរប្រេងអ៊ីសវ៉េស (East-West) របស់ខ្លួន បន្ទាប់ពីបំពង់បង្ហូរប្រេងដ៏សំខាន់នេះ រងការវាយប្រហារតាមផ្លូវអា​កា​ស ខណៈ​​ជម្លោះនៅតំបន់​មជ្ឈិមបូព៌ា កំពុងតែរីករាលដាល។ នេះបើតាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌​មាន​​រ៉យទ័រ​នៅព្រឹក​ថ្ងៃសៅរ៍នេះ។​

ប្រទេសនាំចេញប្រេងឆៅដ៏ធំបំផុតរបស់ពិភពលោកមួយ​នេះ បានបិទបំពង់បង្ហូរប្រេងជាបណ្ដោះ​អាសន្ន បន្ទាប់ពីមានការវាយប្រហារដោយដ្រូន​ ដែលទីក្រុង​បាកដាដ និងទីក្រុងរីយ៉ាដ បាន​អះអាងថា មានប្រភពចេញពីប្រទេសអ៊ីរ៉ាក់ ជាទី​ដែល​ក្រុម​ប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ កំពុងប្រតិបត្តិការ។ ជុំវិញ​បញ្ហា​នេះដែរ ប្រទេសអ៊ីរ៉ាក់បានដកមេបញ្ជាការយោធាម្នាក់ចេញពីតំណែងកាលពីថ្ងៃសៅរ៍ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនេះ​។

បំពង់បង្ហូរប្រេងដែលមានប្រវែង ១.២០០ គីឡូម៉ែត្រ (៧៤៥ ម៉ាយ) ដែល​លាតសន្ធឹងកាត់​ឧបទ្វីបអារ៉ាប់ បាន​ជួយ​ឱ្យ​ប្រទេស​អារ៉ាប៊ីសាអូឌីតអាចជៀសផុត​ពី​ការ​កកស្ទះ នៃការដឹកជញ្ជូនប្រេង​តាម​ច្រកសមុទ្រហ័រមូស ទី​ដែលចរាចរណ៍នា​វា​ដឹកប្រេងបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែសង្គ្រាម​រវាង​អាមេរិក និងអ៊ីរ៉ង់។

ក្រសួងថាមពលរបស់អារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា ខ្លួនបានបិទបំពង់បង្ហូរប្រេងនេះ ជាវិធានការបង្ការ ហើយ​បើ​យោងតាមក្រុមហ៊ុនតាមដានការ​ដឹកជញ្ជូន​ និងក្រុម​អ្នកវិភាគបាន​ឱ្យ​ដឹង​ថា​ បំពង់បង្ហូរប្រេងនេះបានបញ្ជូន​ប្រេងក្នុងបរិមាណពី ៤ ទៅ ៥ លានបារ៉ែលក្នុងមួយថ្ងៃ រយៈពេល​ប៉ុន្មានខែចុងក្រោយ​នេះ ដែលស្មើនឹង ៤% ទៅ ៥% នៃការផ្គត់ផ្គង់ប្រេង​សកល។

គួរកត់សម្គាល់ថា ការវាយប្រហារលើបំពង់បង្ហូរ​ប្រេង​នេះ​ បានកើតឡើងនៅពេលដែលក្រុមឧទ្ទាមហ៊ូទី​ដែល​មូល​ដ្ឋាន​នៅ​ប្រទេសយេម៉ែន និង​មានទំនាក់ទំនងជាមួយអ៊ីរ៉ង់ កំពុងពង្រឹង​ការកាន់កាប់​របស់ខ្លួននៅច្រក​សមុទ្រក្រហម។ សកម្មភាពនេះ បូក​រួមជាមួយនឹងការរំខានចំពោះការ​ដឹកជញ្ជូន​ប្រេងតាម​ច្រកសមុទ្រហ័រមូស​ បានបណ្តាល​​ឱ្យ​ការ​ផ្គត់ផ្គង់​ថាមពលធ្លាក់ចុះ​នៅផ្នែក​សងខាង​នៃ​​ឧបទ្វីបអារ៉ាប់ និងបានធ្វើឱ្យ​តម្លៃប្រេងពិភពលោក​ហក់​ឡើង​លើសពី ១០០ ដុល្លារក្នុងមួយបារ៉ែលជាថ្មីទៀត​។

ប្រភពព័ត៌មាន៤រូប​ពីរដ្ឋាភិបាលយេម៉ែន បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ​ថា ក្រុមហ៊ូទីបានចូលកាន់កាប់​កោះ​ភើ​​រីម​ (Perim) ជា​ទីតាំងយុទ្ធសាស្ត្រ នៃ​ច្រកសមុទ្របាបអ៊ែលម៉ានដេប (Bab el-Mandeb) កាលពីថ្ងៃសុក្រ។

បើ​តាម​​សេចក្តីរាយការណ៍ថា មាន​​ការវាយប្រហារចំនួន​ពីរលើ​កកាលពីថ្ងៃសុក្រ គឺការវាយប្រហារលើបំពង់បង្ហូរប្រេង និងលើកោះភើរីម​។ ការវាយ​ប្រហារ​ទាំងពីរ​លើក​នេះ អាចបង្ហាញពីការកើនឡើង នៃភាពតានតឹងដ៏គ្រោះថ្នាក់ ខណៈកិច្ចខិត​ខំប្រឹងប្រែងផ្នែកការទូត ដើម្បីបញ្ចប់សង្គ្រាមកំពុងជាប់គាំង។

ប្រភពជាច្រើន​បានឱ្យដឹងថា ប្រទេសអារ៉ាប៊ីសាអូឌីតបានស្នើសុំជំនួយផ្នែកយោ​ធាពីទីក្រុងវ៉ាស៊ីនតោន ដើម្បីដោះស្រាយបញ្ហាជា​មួយក្រុមហ៊ូទី​ ចំពេលដែលការឡើងថ្លៃប្រេងឥន្ធនៈ អំឡុងពេលសង្គ្រាម បានបង្កផលប៉ះពាល់ផ្នែកនយោបាយរួចទៅហើយ​សម្រាប់​ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងគណបក្សសា​ធារ​ណរដ្ឋរបស់លោក មុនការបោះឆ្នោតសភាដែលនឹងមកដល់នៅខែវិច្ឆិកា។

ក្រសួងថាមពលរបស់​អារ៉ាប៊ីសាអូឌីតបានឱ្យដឹងថា បំពង់បង្ហូរប្រេងអ៊ីសវ៉េស​បាន​រងការ​វាយប្រហារកាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅក្រុង​រីយ៉ាដ (Riyadh) និងម៉េឌីណា (Medina) របស់ប្រទេសអារ៉ាប៊ីសាអូឌីត។

ទោះបីជា​យ៉ាងណា គេនៅ​មិនទាន់ដឹងច្បាស់ភ្លាមៗថា តើភាគីណាមួយ​ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារទាំងនេះទេ​។ រូបភាពពីផ្កាយរណបបានបង្ហា​ញពី​ផ្សែងខ្មៅហុយឡើងលើ​ពីផ្នែកមួយ នៃបំពង់បង្ហូរប្រេងនៅភាគខាងត្បូងទីក្រុងម៉េឌីណា។

ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបានអះអាងថា ការវាយប្រហារនេះបានបណ្តា​​លឱ្យមានការ​ខូចខាត ​និងអ្នក​​រងរបួស​មួយចំនួន ហើយ​ថា​ វា​ស្ថិតក្នុងដំ​ណាក់​កាលវាយតម្លៃនៅឡើយ​ ដោយ​លោក​មិនបានបញ្ជាក់លម្អិតអំពីផលប៉ះពាល់លើការនាំចេញ​នោះទេ។

យោងតាមសេចក្តីថ្លែងការណ៍ពីខុទ្ធកាល័យនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់កាលពីថ្ងៃសៅរ៍ បាន​ឱ្យ​ដឹងថា មេបញ្ជាការយោធាអ៊ីរ៉ាក់ដែលត្រូវបានដកតំណែងរូបនេះ ធ្លាប់បាន​​ដឹកនាំប្រតិបត្តិការជាច្រើន​នៅខេត្តម៉េសាន (Maysan) ។ ខេត្តម៉េសាន​ មានព្រំប្រទល់ជាប់នឹងប្រទេសអ៊ីរ៉ង់ ត្រូវបានគេចាត់ទុកជាយូរមកហើយថា ជាតំ​បន់មួយ ដែលក្រុមជីវពលនិកាយស៊ីអ៊ីត (Shi’ite) គាំទ្រដោយ​អ៊ីរ៉ង់ ធ្វើសកម្មភាព និង​រក្សាឥទ្ធិពលរបស់ខ្លួន។

ទន្ទឹមគ្នានេះដែរ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបានចេញសេចក្តីថ្លែងការណ៍មួយថា រហូតមកទល់ពេលនេះ អារ៉ាប៊ី​​សាអូឌីតសម្រេចចិត្ត​មិនធ្វើការសងសឹក​ឡើយ ដោយសារ​មានសំណើពីនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ប៉ុន្តែបានបញ្ជាក់​បន្ថែមថា អា​រ៉ាប៊ីសាអូឌីត​រក្សាសិទ្ធិក្នុងការចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារផលប្រ​យោជន៍​របស់ខ្លួន។ រដ្ឋាភិបាលអ៊ីរ៉ាក់ក៏​បានថ្កោលទោសចំពោះការវាយប្រហារទាំងនេះ​ផងដែរ​។

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឱ្យដឹងកាលពីថ្ងៃសុក្រថា ការផ្គត់ផ្គង់ប្រេង​​ឆៅរបស់អារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង ៣ទសវត្សរ៍មកនេះ ដែល​មួយ​ផ្នែក​បណ្តាល​មក​ពី​ការវាយប្រហារ ​ដោយ​​ក្រុមសកម្មប្រយុទ្ធ​ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ូទី (Houthi) មក​លើនាវាដឹកប្រេង ដែលធ្វើដំណើរឆ្លង​កាត់​ច្រកសមុទ្របាបអ៊ែល​ម៉ានដេប (Bab el-Mandeb)​៕​

ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូន

អត្ថបទដែលជាប់ទាក់ទង