តម្លៃប្រេងឆៅធ្លាក់ចុះបន្តិច ខណៈតម្លៃប្រេងម៉ាស៊ូតនៅអាមេរិកឡើងខ្ពស់បំផុតមិនធ្លាប់មាន
តម្លៃប្រេងបានធ្លាក់ចុះបន្តិចកាលពីថ្ងៃសុក្រ ប៉ុន្តែនៅតែរក្សាតម្លៃលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល រហូតដល់ដាច់សប្តាហ៍នេះ ជាលើកដំបូងហើយ ចាប់តាំងពីពាក់កណ្តាលខែឧសភាមក ខណៈតម្លៃប្រេងម៉ាស៊ូតនៅសហរដ្ឋអាមេរិក បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន។
ស្របពេលជាមួយគ្នានេះដែរ ការវាយប្រហារតាមផ្លូវដឹកជញ្ជូនសំខាន់ៗក្នុងតំបន់មជ្ឈិមបូព៌ា ធ្វើឱ្យមានក្តីបារម្ភកាន់តែខ្លាំងអំពីការរំខានដល់ការផ្គត់ផ្គង់ក្នុងរយៈពេលវែង។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីព្រឹកថ្ងៃសុក្រ។
គិតត្រឹមម៉ោង ០៧:៥៨ ម៉ោងសកល តម្លៃប្រេងឆៅបានធ្លាក់ចុះ ១,៦៥ដុល្លារ ឬ ១,៥៣ % មកនៅត្រឹម ១០៥,៩៨ដុល្លារ ក្នុងមួយបារ៉ែល។ ចំណែកឯតម្លៃប្រេងឆៅ វ៉េសតិចសាស អ៊ីនធើមីឌាត (West Texas Intermediate) របស់សហរដ្ឋអាមេរិកវិញ បានធ្លាក់ចុះ ១,៣៦ដុល្លារ ឬ ១,៣៣% មកនៅត្រឹម ១០១,១២ដុល្លារ ក្នុងមួយបារ៉ែល។
សន្ទស្សន៍ទីផ្សារសំខាន់ៗបានទម្លាក់ការតំឡើងថ្លៃពីដំបូងទាំងអស់របស់ខ្លួនមកលក់ក្នុងតម្លៃថោកជាងមុនបន្តិច បន្ទាប់ពីកាសែត ហ្វាញណានសលថាមស៍ (Financial Times) បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ាកំពុងព្យាយាមស្វែងរកកិច្ចព្រមព្រៀងបណ្តោះអាសន្នមួយជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីរៀបចំការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រហ័រមូស។
សន្ទស្សន៍តម្លៃប្រេងយោងទាំងពីរ បានកើនឡើងជាង ៦% កាលពីថ្ងៃព្រហស្បតិ៍ និងនៅតែបន្តលក់ចេញក្នុងកម្រិតខ្ពស់ជាង ១០% បើគិតជាទំហំទឹកប្រាក់ប្រចាំសប្តាហ៍។
លោក ជីអូវ៉ានី ស្តូណូវូ (Giovanni Staunovo) អ្នកវិភាគផ្នែកថាមពលរបស់ធនាគារ UBS បានមានប្រសាសន៍ថា ព័ត៌មានអំពីលទ្ធភាពនៃការចរចាថ្មីៗនៅក្នុងតំបន់មជ្ឈិ មបូព៌ា មានឥទ្ធិពលបន្តិចបន្តួចទៅលើតម្លៃប្រេងនៅថ្ងៃនេះ។ លោកបានបន្ថែមថា លោកនៅតែមើលឃើញពីហានិភ័យនៃតម្លៃប្រេងដែលអាចនឹងកើនឡើងក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ប៉ុន្តែរំពឹងផងដែរថា តម្លៃខ្ពស់នេះនឹងប្រែប្រួលជាបន្តបន្ទាប់។
ប្រទេសអ៊ីរ៉ង់បានប្រកាសថា ខ្លួនបានវាយប្រហារនាវាចំនួន ១០គ្រឿងនៅក្បែរច្រកសមុទ្រហ័រមូសកាលពីថ្ងៃពុធ បន្ទាប់ពីសហរដ្ឋអាមេរិកបានវាយប្រហារលើនាវាដឹកប្រេងរបស់អ៊ីរ៉ង់ចំនួន ៥ គ្រឿង។ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់បានបញ្ជាក់ថា ខ្លួននឹងបង្កើនកម្រិតនៃការឆ្លើយតបចំពោះរាល់ការវាយប្រហារបន្ថែមទៀតណាមួយ។
ទិន្នន័យបឋមនៃការតាមដាននាវាចរណ៍ដែលចេញផ្សាយនៅថ្ងៃសុក្រ បានបង្ហាញថា ចំនួននាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូសបានធ្លាក់ចុះមកនៅត្រឹម ៧ គ្រឿងកាលពីថ្ងៃព្រហស្បតិ៍ បើធៀបនឹង ១១គ្រឿងនៅថ្ងៃពុធ ដែលចំនួននេះគឺទាបជាងកម្រិតមធ្យមក្នុងរយៈពេល១០ថ្ងៃកន្លងមក ដែលមានដល់ ១៥គ្រឿង។
ច្រកសមុទ្រហ័រមូសធ្លាប់ជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវប្រចាំថ្ងៃ ដែលស្មើនឹងប្រហែលមួយភាគប្រាំនៃបរិមាណផ្គត់ផ្គង់សរុបលើពិភពលោក មុនពេលសង្គ្រាមនៅអ៊ីរ៉ង់បានផ្ទុះឡើងកាលពីចុងខែកុម្ភៈ។
ដោយឡែកថ្មីៗនេះ ក្រុមហ៊ូទី ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ បានចូលកាន់កាប់កំពង់ផែម៉ូការបស់ប្រទេសយេម៉ែនកាលពីថ្ងៃព្រហស្បតិ៍ ដោយបង្កការគំរាមកំហែងបន្ថែមទៀតដល់ការធ្វើដំណើរតាមសមុទ្រក្រហម ស្របពេលដែលការធ្វើដំណើរតាមច្រកសមុទ្រហ័រមូសនៅតែស្ថិតក្រោមការរឹតត្បិត ដោយសារតែមានការកើនឡើងនៃការវាយប្រហារលើនាវាដឹកប្រេងនៅក្នុងតំបន់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
ស្របពេលជាមួយគ្នានេះដែរ ក្រុមអ្នកវិភាគបានលើកឡើងថា ការវាយប្រហារចេញពីប្រទេសយេម៉ែនទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អារ៉ាប៊ីសាអូឌីត បានបង្ហាញពីការកើនឡើងនៃភាពតានតឹងដែលឆ្លងហួសពីបញ្ហាសង្គ្រាមប្រទេសអ៊ីរ៉ង់ និងច្រកសមុទ្រហ័រមូស ហើយបញ្ហានេះ ធ្វើឱ្យមានការបារម្ភអំពីការរំខានរយៈពេលវែងនៅក្នុងតំបន់ទាំងមូល។
ជាងនេះទៅទៀត ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឱ្យដឹងថា ការផ្គត់ផ្គង់ និងតម្រូវការប្រេងសកលនឹងធ្លាក់ចុះខ្លាំងជាងការរំពឹងទុកកន្លងមកនៅឆ្នាំនេះ ដោយសារតែគ្មានវឌ្ឍនភាពក្នុងការបញ្ចប់ជម្លោះជាមួយប្រទេសអ៊ីរ៉ង់ ហើយបញ្ហានេះ នឹងធ្វើឱ្យការវិលត្រឡប់ទៅរកស្ថានភាពធម្មតានៃការដឹកជញ្ជូនប្រេងពីតំបន់មជ្ឈិមបូព៌ា ត្រូវអូសបន្លាយពេលរហូតដល់ឆ្នាំ២០២៧៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

