លោក ពូទីន ចូលរួមកិច្ចប្រជុំកំពូល BRICS នៅឥណ្ឌា ខណៈរំពឹងថានឹងមានការជជែកពីបញ្ហាសង្គ្រាមនៅអ៊ីរ៉ង់និងអ៊ុយក្រែន

លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតី​រុស្ស៊ី​ បាន​​ធ្វើដំណើរ​មកដល់រដ្ឋ​ធានីញូវដេលី (New Delhi) របស់ប្រទេសឥណ្ឌារួចហើយ នៅ​មុន​កិច្ចប្រជុំកំ​ពូល​ប្រ៊ីកស៍ (BRICS) ដែលមាន​​សមាជិកចំនួន១១ ប្រទេស​ ហើយ​គេរំពឹង​ថា ប្រ​ធាន​បទស្តីពី​សង្គ្រាមនៅមជ្ឈិមបូព៌ា និង​អ៊ុយ​ក្រែន​នឹង​គ្រប់ដណ្តប់​នៅ​ក្នុង​កិច្ច​ប្រ​ជុំកំពូល​នេះ​ រួម​ទាំងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចផ្សេងៗ​​មួយចំនួន​ទៀត។ នេះបើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​បណ្តាញព័ត៌មានអន្តរជាតិ​អាល់ចាហ្ស៊ីរ៉ា នៅ​ថ្ងៃ​​សុក្រ​នេះ​។​

ប្រធានាធិបតីរុស្ស៊ី និងសមភាគីអ៊ីរ៉ង់ គឺ​លោក ម៉ាសូដ ផេហ្សេស​ឃី​យ៉ាន (Masoud Pezeshkian) គ្រោង​ជួបចរចាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ខណៈដែលមេដឹកនាំចិន លោក ស៊ី ជីនពីង (Xi Jinping) ក៏ត្រូវគេរំពឹងថា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនេះផងដែរ​។

យោងតាមរូបភាព​វីដេអូផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានរុស្ស៊ី រីយ៉ា​ ណូវ៉ូស្ទី​ (Ria Novosti) បានឱ្យដឹងថា លោក ពូទីន បានមកដល់ស្ថានីយទ័ពអាកាសប៉ាឡាំ​ (Palam) ក្នុងទីក្រុងដេលី (Delhi) ទីដែលលោក​ត្រូវបានទទួលស្វាគមន៍ដោយ​អនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា លោក គីទី វ៉ាដាន់ ស៊ីង (Kirti Vardhan Singh)។

កិច្ចប្រជុំកំពូលនេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ស៊ី ជីនពីង (Xi Jinping) មកកាន់ប្រទេសឥណ្ឌា ចាប់​តាំងពីឆ្នាំ២០១៩ មក។ ព្រឹត្តិការណ៍នេះ ត្រូវបានគេមើលឃើញថា ជាការ​បោះ​ជំហានដ៏ធំមួយ ក្នុងការធ្វើឱ្យទំនាក់ទំនងប្រសើរឡើងវិញ តាម​រូបភាព​ប្រុងប្រយ័ត្នមួយ​ រវាងប្រទេសជិតខាង​ជាគូប្រជែងទាំងពីរ ដែល​មាន​ន័យ​​ថា រយៈពេល ៦ ឆ្នាំក្រោយពីយោធានៃប្រទេស​ទាំងពីរ​បានប៉ះទង្គិចគ្នា​បណ្តាល​ឱ្យ​មាន​ការ​បាត់បង់ជីវិត​ ដោយ​សារ​វិវាទ​​នៅតាមព្រំដែនជួរភ្នំហិម៉ាឡៃយ៉ា។

ទំនាក់ទំនងរវាងមហាយក្ស​អាស៊ីទាំង​ពីរ ដែលសុទ្ធតែ​មានអាវុធនុយក្លេអ៊ែរដូចគ្នា​ បាន​នឹង​កំពុង​វិល​ត្រឡប់​មក​រក​​​ភាពកក់ក្តៅជាថ្មីម្តងទៀតនាពេលថ្មីៗនេះ តាមរយៈការស្តារឡើងវិញបន្តិចម្តងៗនូវជើងហោះហើរ ការផ្តល់​ទិដ្ឋា​ការ និងទំនាក់ទំនងរវាងថ្នាក់ដឹកនាំ​​កម្រិតខ្ពស់ផងដែរ​។

ទោះបី​ជាយ៉ាងណាក៏ដោយ ភាពមិនទុកចិត្តគ្នាដ៏ជ្រាលជ្រៅនៅតែបន្តកើត​មាន ហើយ​វិវាទ​ព្រំដែន ការកើនឡើងនូវឱនភាពពាណិជ្ជកម្ម និងការប្រកួតប្រជែងជាយុទ្ធសាស្ត្រ បន្តធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពស្មុគស្មាញដដែល​។

កិច្ច​ប្រជុំប្រ៊ីក​ស៍​ (BRICS) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ក្នុងនាម​ជាវេទិកាមួយសម្រាប់បណ្តាប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើនខ្លាំង ដែលស្វែងរកឥទ្ធិពល​កាន់តែខ្លាំងបន្ថែមទៀត​នៅក្នុងស្ថាប័ននានា ដែលត្រូវ​បាន​គ្របដណ្តប់​ដោយអំ​ណាចលោកខាងលិច។

ចាប់តាំងពីពេលនោះមក ជំនួប​កំពូលប៊្រីកស៍នេះ បានពង្រីកខ្លួនបន្ថែមទៀតជាមួយនឹង​វត្ត​មាន​​សមាជិកថ្មី ហើយ​បច្ចុប្បន្ន​មានរួម​ទាំងប្រទេសអ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម (UAE) ។ ប្រទេសទាំង​បីនេះ មាន​គោល​ជំហរខុសគ្នាយ៉ាងខ្លាំងចំពោះសង្គ្រាមដែលបានចាប់ផ្តើម​ឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកាល​ពី​ខែ​​កុម្ភៈ។

លោក ហាស វី ផានធ៍ (Harsh V Pant) មកពីស្ថាប័នអង្កេតនិងស្រាវជ្រាវ​របស់ប្រ​ទេសឥណ្ឌា បាន​និយាយ​​ថា ជម្លោះនៅតំបន់ឈូងសមុទ្រនឹងក្លាយជាប្រធាន​បទ​រសើប​និង​ចម្បងនៅក្នុងកិច្ច​ប្រជុំកំពូលប៊្រីកស៍លើកនេះ។ លោកបន្ត​ថា អ្វីដែល​​គេមើលឃើញថា ជាសមិទ្ធផលកាលពីឆ្នាំ​មុន ពោលគឺការពង្រីកសមាជិកភាពរបស់ BRICS នោះ នៅ​ពេល​នេះ​ហាក់ដូចជាកំពុងក្លាយ​ជាឧបសគ្គដ៏ធំមួយសម្រាប់សមាជិក​នៃ​ជំនួប​កំពូល​ BRICS ទៅវិញ។

ព្រឹត្តិការណ៍​នេះ ក៏​នឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ផេហ្សេសឃីយ៉ាន​ ទៅកាន់​ប្រទេស​ឥណ្ឌា​ក្នុង​នាម​​ជា​ប្រធានាធិបតីអ៊ីរ៉ង់ផងដែរ​ ហើយជម្លោះនៅមជ្ឈិមបូព៌ានឹង​ត្រូវ​បញ្ចូល​ក្នុងរបៀបវារៈនៃកិច្ច​ប្រជុំនេះ​​។

ស្រប​ពេលជាមួយគ្នានេះដែរ ឥណ្ឌាបានព្យាយាម​រក្សាទំនាក់ទំនងដ៏ល្អជាមួយអ៊ីរ៉ង់ និងអ៊ីស្រាអែល ប៉ុន្តែក៏មានការប្រុង​​ប្រយ័ត្នផងដែរក្នុងការរក្សាតុល្យភាពនៃ​ទំ​នាក់ទំនងរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន។

ប្រទេសឥណ្ឌាបានដោះស្រាយវិបត្តិថាមពលរបស់ខ្លួន ដែលបង្កឡើងដោយសារសង្គ្រាមអ៊ីរ៉ង់ ដោយមួយផ្នែក​បាន​ងាក​ទៅរកប្រទេសរុស្ស៊ី ជាដៃគូយុទ្ធសាស្ត្រដ៏សំ​ខាន់បំផុតមួយរបស់ខ្លួន​ និងជាអ្នកផ្គត់ផ្គង់ឥន្ធនៈដ៏​ចម្រូងចម្រាសបំផុត​ក្នុងរយៈ​ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈសង្គ្រាមជាមួយ​អ៊ុយក្រែននៅតែបន្តអូសបន្លាយ។

គួររំលឹកផងដែរថា លោក ពូទីន បានបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាលើក​ចុងក្រោយកាលពីខែធ្នូ ឆ្នាំ២០២៥ ប៉ុន្តែលោកក៏ធ្លាប់​បានជួបជាមួយលោក ណារិនដ្រា ម៉ូឌី នៅទីក្រុង​ប៊ីស្កេក (Bishkek) ដែលជារដ្ឋធានីរបស់ប្រទេស​កៀហ្ស៊ីស៊ីស្ថាន នៅក្នុង​ខែនេះផង​ដែរ​៕​

អត្ថបទប្រែសម្រួលដោយ៖ លោក អ៊ួច សូនី

អត្ថបទដែលជាប់ទាក់ទង