ការកាន់កាប់កំពង់ផែសំខាន់របស់យេម៉ែនដោយក្រុមហ៊ូទី គំរាមដល់ការផ្គត់ផ្គង់ប្រេងសកល
ប្រភពយោធា បានឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធហ៊ូទី ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ បានចូលកាន់កាប់ទីក្រុងកំពង់ផែម៉ូកា របស់ប្រទេសយេម៉ែនកាលពីថ្ងៃព្រហស្បតិ៍ ដោយបានបង្កការគំរាមកំហែងកាន់តែខ្លាំងឡើងដល់ការផ្គត់ផ្គង់ប្រេងសកល ដែលហេតុការណ៍នេះ កើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញក្តីរំពឹងថា សង្គ្រាមនឹងបញ្ចប់ទៅវិញ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍។
មន្ត្រីយោធារដ្ឋាភិបាលយេម៉ែនចំនួនបួនរូប បានអះអាងថា ក្រុមសកម្មប្រយុទ្ធហ៊ូទីមានប្រៀប កាន់តែខ្លាំងឡើងលើច្រកសមុទ្របាបអ៊ែលម៉ានដេប (Bab el-Mandeb) ដែលជាច្រកដឹកជញ្ជូនភាគខាងត្បូង នៃសមុទ្រក្រហម និងជាផ្លូវនាវាចរណ៍ដ៏សំខាន់បំផុតមួយក្នុងចំណោមផ្លូវនាវាចរណ៍សំខាន់ៗបំផុតក្នុងពិភពលោក ហើយពួកគេកំពុងធ្វើការវាយលុកលើកោះយុទ្ធសាស្ត្រហានីសផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ូទីបានចូលពាក់ព័ន្ធក្នុងសង្គ្រាមពេលនេះ ដោយសហការជាមួយអ៊ីរ៉ង់ ធ្វើការវាយប្រហារលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី២៨ ខែមីនា ប៉ុន្តែភាគច្រើន ក្រុមនេះរក្សាភាពស្ងប់ស្ងាត់ មុនពេលប្រកាសបិទខ្ទប់ផ្លូវសមុទ្រប្រឆាំងនឹងប្រទេសអារ៉ាប៊ីសាអូឌីតកាលពីខែកក្កដា និងបានបង្កើនការវាយប្រហារលើភាគខាងត្បូងនៃរាជាណាចក្រអារ៉ាប់នេះកាលពីខែកញ្ញា។
សេចក្តីរាយការណ៍ដដែលបន្តថា អារ៉ាប៊ីសាអូឌីត ជាប្រទេសនាំចេញប្រេងធំជាងគេបំផុតនៅលើពិភពលោក បានពឹងផ្អែកលើច្រកដឹកជញ្ជូនសមុទ្រក្រហម ចាប់តាំងពីសង្គ្រាមជាមួយអ៊ីរ៉ង់បានបណ្តាលឱ្យមានការបិទច្រកសមុទ្រហ័រមូស ដែលពីមុនមក ច្រកនេះធ្លាប់ជាផ្លូវឆ្លងកាត់ដែលចំណែកមួយភាគប្រាំនៃការដឹកជញ្ជូនប្រេងសកល។
ទីក្រុងរីយ៉ាដ និងទីក្រុងតេហេរ៉ង់ នៅតែជាគូប្រជែងក្នុងតំបន់ ហើយការមិនទុកចិត្តគ្នាមានកាន់តែខ្លាំងជាងមុនផងដែរ ទោះបីជាមានការសម្របសម្រួលនិងការផ្សះផ្សាទំនាក់ទំនងឡើងវិញពីសំណាក់ប្រទេសចិនក៏ដោយ។
ជាងនេះទៅទៀត ភាពតានតឹងនៅក្នុងតំបន់នេះ បានកើនឡើងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ ដោយអាជ្ញាធរការពារជនស៊ីវិលរបស់ប្រទេសអារ៉ាប៊ីសាអូឌីតបានជូនដំណឹងបន្ទាន់នៅក្នុងទីក្រុងខាមីស មូសេត (Khamis Mushait) ជាលើកទី៤ ក្នុងរយៈពេល២៤ម៉ោង ខណៈដែលក្រុមហ៊ូទី បើកការវាយប្រហារ។
ប្រភពមួយចំនួនពីអារ៉ាប៊ីសាអូឌីត ប៉ាគីស្ថាន និងអ៊ីរ៉ង់ បានឱ្យដឹងថា ប្រទេសប៉ាគីស្ថានបានបញ្ជូនសារព្រមានរបស់អារ៉ាប៊ីសាអូឌីតទៅកាន់ប្រទេសអ៊ីរ៉ង់ ឱ្យទប់ស្កាត់ និងគ្រប់គ្រងក្រុមឧទ្ទាមហ៊ូទី ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងកិច្ចខិតខំប្រឹងប្រែងមិនឱ្យវិបត្តិនេះបន្តរាលដាលកាន់តែធ្ងន់ធ្ងរឡើង។
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានទទួលស្គាល់ថា ប៉ាគីស្ថានពិតជាបានបញ្ជូនសារនោះទៅកាន់ទីក្រុងតេហេរ៉ង់កាលពីថ្ងៃអង្គារមែន ហើយការឆ្លើយតបរបស់អ៊ីរ៉ង់គឺថា អ៊ីរ៉ង់មិនបានគ្រប់គ្រងលើក្រុមហ៊ូទីនោះទេ។
គួរកត់សម្គាល់ថា ជម្លោះដែលកំពុងតែកើនឡើងនៅក្នុងប្រទេសយេម៉ែន រវាងកងកម្លាំងរដ្ឋាភិបាលយេម៉ែន ជាសម្ព័ន្ធមិត្តរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានការគាំទ្រពីអន្តរជាតិ និងក្រុមសកម្មប្រយុទ្ធហ៊ូទី គឺកើតឡើងស្របពេលដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានបើកការវាយបកសងសឹកគ្នាទៅវិញទៅមកក្នុងទ្រុងទ្រាយធំ ទៅលើការដឹកជញ្ជូនតាមផ្លូវសមុទ្រក្នុងតំបន់ឈូងសមុទ្រ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីខែកុម្ភៈ។
ជាថ្មីម្តងទៀត ប្រធានាធិបតីសហរដ្ឋអាមេរិក បានគំរាមថា នឹងវាយប្រហារលើទីតាំង ដែលពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ីស្លាមមួយនេះ។
ស្របពេលដែលស្ថានភាពប្រឈមមុខដាក់គ្នាកាន់តែឡើងកម្តៅ តម្លៃប្រេងឆៅបានហក់ឡើងលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល ខណៈផ្លូវដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូស និងសមុទ្រក្រហម នៅតែបន្តរងការរំខានយ៉ាងខ្លាំងក្លានៅឡើយ។
គួររំលឹកផងដែរថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារយោធាលើប្រទេសអ៊ីរ៉ង់កាលពីខែកុម្ភៈ ដែលមួយផ្នែកកើតឡើងដោយសារតែការព្រួយបារម្ភជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។ ទោះបីជាយ៉ាងណា អ៊ីរ៉ង់បានអះអាងថា សកម្មភាពនុយក្លេអ៊ែររបស់ខ្លួន គឺក្នុងគោលបំណងសន្តិភាពប៉ុណ្ណោះ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោនបានលើកឡើងពីភាពជោគជ័យរបស់ខ្លួនក្នុងការពារសុវត្ថិភាពនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រហ័រមូស ជាច្រកដឹកជញ្ជូនមួយដែលមានចំណែកមួយភាគប្រាំនៃចរាចរណ៍ផ្គត់ផ្គង់ប្រេងសកលមុនពេលសង្គ្រាមផ្ទុះឡើង។ ប៉ុន្តែការផ្ទុះឡើងវិញនៃការប្រយុទ្ធគ្នានៅខែនេះ ទំនងបង្កជាឧបសគ្គចំពោះការព្យាយាមបើកច្រកឡើងវិញជាបណ្តើរៗនេះ៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

