អ៊ីរ៉ង់បើកការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅហ្ស៊កដានី និងនាវាចម្បាំងជិតច្រកសមុទ្រហ័រមូស
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានប្រកាសថា ខ្លួនបានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយសំដៅលើមូលដ្ឋានទ័ពមួយ ដែលត្រូវបានប្រើប្រាស់ដោយកងទ័ពសហរដ្ឋអាមេរិកនៅក្នុងប្រទេសហ្ស៊កដានី និងបានបើកការវាយប្រហារលើនាវាចំនួន ១០គ្រឿង កាលពីថ្ងៃពុធ បន្ទាប់ពីសហរដ្ឋអាមេរិកអះអាងថា ខ្លួនបានបំផ្លាញនាវាដឹកប្រេងអ៊ីរ៉ង់ចំនួន ៥គ្រឿង ក្នុងស្ថានភាពនៃការឡើងកម្តៅខ្លាំងនៃសង្គ្រាមដែលមានរយៈពេល ៦ខែមកនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ កាលពីថ្ងៃពុធ ទី៩ ខែកញ្ញា។
ការកើនឡើងនូវការវាយប្រហារពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើឱ្យខូចដល់ភាពស្ងប់ស្ងាត់ក្នុងរយៈពេលមួយខែមកនេះ ដោយការវាយប្រហារនេះផ្តោតគោលដៅលើទ្រព្យសម្បត្តិយោធា នាវាទឹកទំនិញ និងកន្លែងផលិតថាមពល ហើយការណ៍នេះ បានធ្វើឱ្យតម្លៃប្រេងឆៅហក់ឡើងខ្ពស់ និងបានទាញឱ្យបណ្តាប្រទេសជាសម្ព័ន្ធមិត្តក្នុងតំបន់ចូលរួមពាក់ព័ន្ធផងដែរក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
អាមេរិក បានបញ្ជាក់ថា ខ្លួនបានកម្ទេចនាវាដឹកប្រេងរបស់អ៊ីរ៉ង់ចំនួន ៥គ្រឿង កាលពីថ្ងៃអង្គារ។ បញ្ជាការដ្ឋានកណ្តាលរបស់កងទ័ពសហរដ្ឋអាមេរិក បានផ្សព្វផ្សាយវីដេអូនៃប្រតិបត្តិការវាយប្រហារនោះ ដោយខ្លួនចាត់ទុកថា ជាវិធានការឆ្លើយតបចំពោះការដែលកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានបើកការវាយប្រហារចំនួនពីរលើក ដោយប្រើប្រាស់គ្រាប់រ៉ុក្កែតមកលើនាវាចម្បាំងអាមេរិកក្នុងរយៈពេលពីរថ្ងៃមុន។ ទោះបីជាយ៉ាងណា សហរដ្ឋអាមេរិក បានអះអាងថា គ្មានបុគ្គលិកយោធាអាមេរិកណាម្នាក់រងគ្រោះថ្នាក់នោះឡើយ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បានប្រាប់អ្នកសារព័ត៌មាន អំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសកូឡុំប៊ីថា អ៊ីរ៉ង់នៅតែបន្តព្យាយាមវាយប្រហារលើនាវាចម្បាំងរបស់សហរដ្ឋអាមេរិក ហើយរាល់ពេលដែលអ៊ីរ៉ង់ធ្វើ ឬព្យាយាមធ្វើបែបនោះ ពួកគេនឹងត្រូវបាត់បង់នាវាដឹកប្រេងរបស់ខ្លួនជាមិនខាន។
យោងតាមសេចក្តីថ្លែងការណ៍របស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ដែលផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា អ៊ីរ៉ង់បានបើកការវាយប្រហារដោយមីស៊ីល ទៅលើមូលដ្ឋានទ័ពមួយកន្លែង ដែលត្រូវបានប្រើប្រាស់ដោយកងទ័ពសហរដ្ឋអាមេរិក នៅក្បែរតំបន់អាល់-អស្ស្រាក់ (Al Azraq) ក្នុងប្រទេសហ្ស៊កដានី។
ទោះបីជាអ៊ីរ៉ង់បានអះអាងថា មីស៊ីលរបស់ខ្លួនបានបង្កការខូចខាតយ៉ាងដំណាំក៏ដោយ ក៏ប្រទេសហ្ស៊កដានីបានឱ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់ និងបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ចំនួន ១៨គ្រាប់ ក្នុងចំណោម ២០គ្រាប់ ដោយមានមីស៊ីល ២គ្រាប់បានធ្លាក់លើតំបន់គ្មានមនុស្សរស់នៅ និងគ្មានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ។ មន្ត្រីសហរដ្ឋអាមេរិកម្នាក់ បានលើកឡើងថា ការវាយប្រហាររបស់អ៊ីរ៉ង់នៅក្នុងប្រទេសហ្ស៊កដានី គឺគ្មានប្រសិទ្ធភាពនោះទេ ហើយកងទ័ពអាមេរិកទាំងអស់មានសុវត្ថិភាព។
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានប្រកាសតាំងពីថ្ងៃពុធថា ខ្លួនក៏បានបើកការវាយប្រហារលើនាវាចំនួន ១០គ្រឿងផងដែរ ដែលក្នុងនោះរួមមាននាវាសហរដ្ឋអាមេរិកចំនួន ២គ្រឿង និងនាវាដឹកប្រេងចំនួន ៨គ្រឿង ដែលបានព្យាយាមបើកឆ្លងកាត់តំបន់ “ហាមឃាត់ និងគ្មានសុវត្ថិភាព” នៃច្រកសមុទ្រហ័រមូស (Strait of Hormuz) ជាច្រកដឹកជញ្ជូនធនធានថាមពលដ៏សំខាន់មួយត្រូវបានកាត់ផ្តាច់ស្ទើរតែទាំងស្រុង ដោយសារតែការវាយប្រហាររបស់អ៊ីរ៉ង់។
ប្រទេសអ៊ីរ៉ង់បានកំណត់គោលដៅវាយប្រហារលើទីតាំង និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក្នុងតំបន់ជាបន្តបន្ទាប់ អំឡុងពេលផ្ទុះសង្គ្រាមនេះ រួមទាំងការវាយប្រហារលើប្រទេសហ្ស៊កដានីជាច្រើនលើកផងដែរ ដែលបានបណ្តាលឱ្យបុគ្គលិកយោធាអាមេរិកយ៉ាងហោចណាស់ពីរនាក់បានបាត់បង់ជីវិត អំឡុងពេលនៃការវាយប្រហារមួយកាលពីខែកក្កដា។
យោងតាមសេចក្តីថ្លែងការណ៍ដែលបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ អ៊ីរ៉ង់ក៏បានគំរាមកំហែងកម្ទេចនាវាដឹកប្រេងនៅកំពង់ផែរបស់ប្រទេសគុយវែត និងបារ៉ែនផងដែរ។ ប្រភពព័ត៌មានសន្តិសុខដែនសមុទ្របានរាយការណ៍ថា នាវាដឹកឧស្ម័នធម្មជាតិរាវ (LNG) មួយគ្រឿងបានរងការខូចខាតនៅកំពង់ផែឃ័រហ្វាកកាន (Khor Fakkan) របស់ប្រទេសអារ៉ាប់រួម (UAE) ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ថា ភាគីណាជាអ្នកទទួលខុសត្រូវនោះឡើយ។
តម្លៃប្រេងបានបន្តកើនឡើងបន្ថែមទៀត អំឡុងពេលលក់ចេញនាព្រឹកថ្ងៃពុធ ដោយប្រេងឆៅប្រេន បានស្ទុះឡើងជិតដល់ ១០០ដុល្លារក្នុងមួយបារ៉ែលនៅលើទីផ្សារដោយសារតែការរអាក់រអួលនៃចរាចរណ៍នាវាដឹកប្រេងនៅច្រកសមុទ្រហ័រមូស។ ការវាយប្រហារថ្មីៗនេះដោយក្រុមហ៊ូទី (Houthis) ដែលគាំទ្រដោយអ៊ីរ៉ង់ មកលើប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសផលិតថាមពលធំជាងគេ បានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងលើការផ្គត់ផ្គង់ប្រេង។
ជុំវិញការវាយប្រហារមកលើប្រទេសអារ៉ាប៊ីសាអូឌីតនេះដែរ កាលពីថ្ងៃអង្គារ ក្រុមហ៊ូទីបានបើកការវាយប្រហារលើទីក្រុងជាច្រើនក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលកាន់តែធ្វើឱ្យស្ថិរភាពក្នុងតំបន់ធ្លាក់ចុះខ្សោយបន្ថែមទៀត។
ការវាយប្រហារដោយក្រុមហ៊ូទីបានបណ្តាលឱ្យមនុស្សចំនួន ៧៣នាក់រងរបួស និងបានបណ្តាលឱ្យឆេះរោងចក្រចម្រាញ់ប្រេង ដែលមើលទៅហាក់ដូចជាការរីករាលដាលទ្រង់ទ្រាយធំនៃជម្លោះនេះ ដែលបានផ្ទុះឡើងតាំងពីថ្ងៃទី២៨ ខែកុម្ភៈ ដោយការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលមកលើប្រទេសអ៊ីរ៉ង់។
ក្រុមហ៊ូទី ដែលគ្រប់គ្រងភាគច្រើននៃតំបន់ ដែលមានប្រជាជនរស់នៅកុះករក្នុងប្រទេសយេម៉ែន រួមទាំងរដ្ឋធានីផងនោះ បានដាក់សម្ពាធបន្ថែមទៀតលើបណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក តាមរយៈការរំខានដល់ការដឹកជញ្ជូនតាមនាវាជាប្រចាំនៅផ្នែកម្ខាងទៀតនៃឧបទ្វីបអារ៉ាប់ ត្រង់ច្រកចូលសមុទ្រក្រហម។
ក្រុមនេះបានអះអាងថា ខ្លួនបានបើកប្រតិបត្តិការទ្រង់ទ្រាយធំមួយឈានជ្រៅទៅក្នុងទឹកដីអារ៉ាប៊ីសាអូឌីត ដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន) និងមីស៊ីល ដើម្បីវាយប្រហារមូលដ្ឋានទ័ពអាកាសអារ៉ាប៊ីសាអូឌីតមួយកន្លែង ស្ថិតក្នុងទីក្រុងខាមីស មូសៃ (Khamis Mushait) ភាគខាងត្បូងប្រទេស ព្រមទាំងបានវាយប្រហារទៅលើទីតាំងក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីតជាក្រុមហ៊ុនរបស់រដ្ឋ នៅទីក្រុងអាប់ហា (Abha) ទីក្រុងណារ៉ាន (Najran) និងទីក្រុងចាហ្សាន (Jazan) ផងដែរ។
អាជ្ញាធរអារ៉ាប៊ីសាអូឌីតបានរាយការណ៍អំពីអគ្គិភ័យឆាបឆេះនៅតាមទីតាំងមួយចំនួន និងបានបញ្ជាក់ថា មានស្ត្រី និងកុមារស្ថិតក្នុងចំណោមអ្នករងរបួសផងដែរ។
ប្រទេសអារ៉ាប៊ីសាអូឌីតបានដឹកនាំសម្ព័ន្ធមិត្តអារ៉ាប់ធ្វើសង្គ្រាមប្រឆាំងនឹងក្រុមហ៊ូទីក្នុងប្រទេសយេម៉ែនអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ បន្ទាប់ពីក្រុមហ៊ូទីបានវាយបណ្តេញរដ្ឋាភិបាលយេម៉ែនចេញពីរដ្ឋធានី។ សង្គ្រាមនោះបានស្ងប់ស្ងាត់ទៅវិញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែបទឈប់បាញ់នៅទីនោះបានដួលរលំជាថ្មី។
សង្គ្រាមកាន់តែរីករាលដាលនៅក្នុងតំបន់ឈូងសមុទ្រនេះ បានក្លាយជាការវាស់ស្ទង់ឆន្ទៈរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយភាគីនីមួយៗសង្ឃឹមថា សម្ពាធសេដ្ឋកិច្ចនិងការបិទខ្ទប់ប្រកួតប្រជែងពាណិជ្ជកម្មនឹងបង្ខំឱ្យភាគីម្ខាងទៀតចុះចាញ់។
ទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមបង្កើនលំហូរប្រេងឆៅទៅកាន់ទីផ្សារពិភពលោក តាមរយៈការការពារនាវាចរណ៍ឱ្យឆ្លងកាត់ច្រកសមុទ្រហ័ម៉ូស (Strait of Hormuz) ដោយសុវត្ថិភាព ខណៈស្របពេលជាមួយគ្នានេះដែរ កាត់ផ្តាច់ការនាំចេញប្រេងរបស់អ៊ីរ៉ង់តាមរយៈការបិទខ្ទប់៕
អត្ថបទប្រែសម្រួលដោយ៖ អ៊ួច សូនី

