ប្រកួតបាល់ទាត់មិត្តភាព រវាងក្រុម«កម្ពុជាថ្ងៃនេះ» & ក្រុម «មហាមិត្ត» វ័យចាស់ ល្ងាចថ្ងៃសៅរ៍ ទី៩ ឧសភា
ខេត្តព្រះសីហនុ ៖ នៅចុងសប្តាហ៍ ដើមខែឧសភានេះ ក្រុមកីឡាបាល់ទាត់ចំនួន២ក្រុម ប្រចាំក្រុងព្រះសីហនុ បានណាត់គ្នាសាកថ្វីជើង ជាលក្ខណៈមិត្តភាព ក្នុងគោលបំណងចូលរួមចំណែក បំផុសវិស័យទេសចរណ៍ នៅតាមតំបន់ឆ្នេរ ជាមួយ រាជរដ្ឋាភិបាល ក៏ដូចជា រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរ ក៏ដូចជាអ្នកវិនិយោគទុនជាតិ-អន្តរជាតិ ឲ្យចូលមកខេត្តនេះ បានកាន់តែច្រើនថែមទៀត នៅថ្ងៃអនាគត។
ជាងនេះទៀត កម្មវិធីនេះ ក៏មានគោលដៅ ប្រមូលផ្តុំ ឬ ចលនាដល់ក្រុមយុវជន ក្រោយទំនេរពីការសិក្សា ឲ្យងាកមកចូលរួមលេងកីឡា ឲ្យបានច្រើន ដើម្បីឲ្យពួកគេ ជៀសផុតពីបញ្ហាសេពគ្រឿងញៀន និងអំពើអប្បាយមុខខុសច្បាប់ផ្សេងៗផងទាំងពួង។


ម្យ៉ាងទៀត កម្មវិធីនេះ ក៏នឹងមានការរ៉ៃអង្គាស ឬប្រមូលថវិកា តាមការស្មគ្រចិត្ត ដើម្បីទិញសម្ភារៈសិក្សា សម្រាប់ចែកជូន កុមារតូចៗ ស្ថិតក្នុងគ្រួសារក្រីក្រ កំពុងសិក្សានៅតាមសាលាមួយចំនួន ក្នុងតំបន់ឆ្ងាយៗ ដាច់ស្រយាលពីទីប្រជុំជន ផងដែរ។
ដូចបានជម្រាប់ជូននេះ ក្នុងនាមក្រុមការងារថ្នាក់ដឹកនាំ ក្រុមកីឡាបាល់ទាត់ «កម្ពុជាថ្ងៃនេះ» សូមគោរពអញ្ជើញ អ្នកស្នេហាវិស័យកីឡាបាល់ទាត់ ក៏ដូចជា ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រ់បស្ថាប័ន ក្រុមអាជីវករ យុវជន ជាពិសេស មន្ត្រីថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ និងមន្ត្រីថ្នាក់ដឹកនាំ នៅតាមមន្ទីរស្ថាប័នរដ្ឋនានា ចូលរួមអបអរសាទរឲ្យបានច្រើនកុះករ ដើម្បីញ៉ាំងឲ្យកម្មវិធី ប្រកួតកីឡាបាត់ទាត់មិត្តភាព ក្នុងមូលដ្ឋាន ខេត្តទេសចរណ៍ជាប់ឆ្នេរសមុទ្រដ៏ស៊ីវិល័យមួយនេះ ឲ្យកាន់តែមានភាពទាក់ទាញ និងសប្បាយរីករាយ ថែមមួយកំរិតទៀត។
កម្មវិធីប្រកួត រវាងក្រុមទាំង២នេះ នឹងរៀបចំឡើងនៅតារាងបាល់ទាត់ មហាមិត្ត ស្ពតក្លឹប មានទីតាំងនៅខាងជើង ជាប់របងសាលាដុនបូស្កូ ក្រុងព្រះសីហនុ ចាប់ពីម៉ោង ៣:៣០នាទី ដល់ម៉ោង ៥:០០នាទី ល្ងាចថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២០២៦ ចុងសប្តាហ៍នេះ។
ទូរសព្ទ ៖ ០១២ ៥៤៣ ៨៨០ និង ០១៦ ៥៤៣ ៨៨០ ៕


















