​សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ បន្ត​ចុះបង្ក្រាបនិងឃាត់ខ្លួន​ជនបរទេសជាង១០០នាក់ទៀត ពាក់ព័ន្ធបទល្មើស​ស្កែមអនឡាញ

ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ បន្ត​ចុះបង្ក្រាប និងឃាត់ខ្លួន​ជនសង្ស័យជាង ១០០នាក់ទៀត ពាក់ព័ន្ធបទល្មើស​ស្កែមអនឡាញ។ យ៉ាងណា អ្នកឃ្លាំមើលសង្គម ហាក់មិនទាន់មានជំនឿថា យុទ្ធនាការបង្ក្រាប​ Scam Online របស់​រដ្ឋាភិបាល ​អាចនឹងបិទបញ្ចប់ដោយជោគជ័យ ត្រឹមបំណាច់ខែមេសា ឆ្នាំ​២០២៦នេះទេ។

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ​បានឲ្យ​កម្ពុជាថ្ងៃនេះ ដឹងនៅថ្ងៃទី៦ ខែមេសាថា សកម្មភាពចុះបបង្ក្រាបបទល្មើស​ ​Scam Online ​ដោយគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រះសីហនុ ជាបន្តបន្ទាប់​ មកនេះ នឹងអាចឈានទៅលុបបំបាត់បទល្មើស​នេះ នានលទ្ធផលល្អ ស្របតាមបទ​​បញ្ជា របស់ប្រមុខដឹកនាំ​​ បានដាក់ចេញ។

លោកបន្តថា ការបង្ក្រាបបទល្មើស ស្កែមអនឡាញ គ្រឿងញៀន និងបទល្មើសផ្សេងៗទៀត ដោយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ​គឺជាសញ្ញាវិជ្ជមានសម្រាប់ការស្តារទំនុកចិត្ត និងទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាអ្នកវិនិយោគ ឱ្យវិលត្រឡប់មក​ខេត្តព្រះសីហនុវិញ។ លោករំពឹងថា នឹងមានកំណើនភ្ញៀវទេសចរ និងអ្នកវិនិយោគច្រើនជាងមុន  តាមរយៈការអនុវត្តច្បាប់ដ៏ម៉ឺងម៉ាត់។ ហើយក៏ជាការបោះទុន ដ៏ធំបំផុត សម្រាប់អនាគតសេដ្ឋកិច្ច ដ៏រឹងមាំ របស់ខេត្តព្រះសីហនុ។

តាមសេចក្តីប្រកាសព័ត៌មាន របស់ អគ្គលេខាធិការដ្ឋាន នៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ​២០២៦ បានឱ្យដឹងថា ដោយបន្តអនុវត្ត​តាមបទបញ្ជារាជ​រដ្ឋាភិបាល ​ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា បានសហការជាមួយកម្លាំង មានសមត្ថកិច្ចខេត្តព្រះសីហនុ។ ជាអាទិ៍ គណៈអភិបាលខេត្ត, កងកម្លាំងរាជអាវុធហត្ថ, និង អយ្យការអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការចុះទៅបង្ក្រាបបទល្មើស ​Scam Online នៅក្នុងកាស៊ីណូ ហ្គាន់ ដាវ (GANG DAO) ​ស្ថិតនៅភូមិ ៤ សង្កាត់​៤ ក្រុងព្រះសីហនុ ​។

ប្រតិបត្តិការនេះ ធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ដោយបាន​នាំ​ខ្លួនជនសង្ស័យចំនួន ១០៨​នាក់។ ក្នុងនោះជនជាតិចិន ចំនួន១០៥​នាក់ និងជនជាតិមីយ៉ាន់ម៉ា ចំនួន ៣​នាក់ ហើយបានដកហូតវត្ថុតាងនានា រួមមាន កុំព្យូទ័រចំនួនជិត ៥ រ៉យគ្រឿង និង ទូរសព្ទដៃចំនួនជាង ១ ពាន់គ្រឿង។បន្ថែមលើនេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម កម្ពុជា (គ.ល.ក.) ក៏បានសម្រេច ដកហូតអាជ្ញាបណ្ណកាស៊ីណូពីក្រុមហ៊ុន ហ្គាន់ ដាវ អ៊ិនធើណេសិនណល អេនធើធេនម៉ិន​ ចាប់ពីថ្ងៃទី​៦ខែមេសា ឆ្នាំ២០២៦តទៅ។

​គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ​ក៏បានប្តេជ្ញា នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត​បំផុត តាមបទបញ្ជារាជរដ្ឋាភិបាល លេខ ០១ បប ចុះថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០២៥ ដោយបន្តសហការ ជាមួយលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS និង កងកម្លាំងមានសមត្ថកិច្ច ដើម្បីចុះប្រតិបត្តិការ ត្រួតពិនិត្យ និង ឆែកឆេរ ដោយមិនមានករណីលើកលែងចំពោះ ទីតាំងក្រុមហ៊ុនកាស៊ីណូណាមួយ ដែលសង្ស័យ ថាមានជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ និងជាពិសេសការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា​នោះឡើយ។​

មន្ត្រី​​រដ្ឋបាលខេត្តបញ្ជាក់ថា តាមរយៈការបង្ក្រាបទីតាំង​ស្កែមអនឡាញ នៅក្នុងសណ្ឋាគារ ហ្គាន់ ដាវ នេះ បាននាំឲ្យ​ចំនួនទីតាំង​ជាប់​ពាក់ព័ន្ធនឹងបទល្មើស Scam Online  ដែល​​​​​​​អាជ្ញាធរខេត្តព្រះសីហនុ​ ចុះបង្ក្រាប​ បានកើនឡើង​ដល់ ២៤ទីតាំង ក្នុងចំណោមទីតាំងសរុប ៣១កន្លែង ដែលត្រូវបាន​បោសសម្អាត ​ក្នុង​រយៈ​​​​ពេលចុងក្រោយនេះ។ យ៉ាងណា រដ្ឋបាលខេត្តមិនបាន បញ្ជាក់អំពីចំនួន​ជនសង្ស័យ ដែលសមត្ថកិច្ច​ឃាត់​ខ្លួន នៅខេត្តព្រះសីហនុ សរុប​មាន​ចំនួនប៉ុន្មាននាក់នោះទេ។

​​

​ទោះជាបែបនេះក្តី អ្នកឃ្លាំមើលសង្គម មើលឃើញថា យុទ្ធនាការបោសសំអាត Scam Online ដែលរដ្ឋាភិបាល កំណត​បិទបញ្ចប់​ត្រឹម​​ខែមេសា ឆ្នាំ​២០២៦នេះ ទំនងជា​មិនទាន់ទទួលបានលទ្ធផល ដូចការរំពឹងទុកនោះទេ។ ដ្បិតនៅខ្វះកិច្ចសហប្រតិបត្តិការគ្នា ឬការចូលរួមពីផ្នែកអ្នកពាកព័ន្ធ ឲ្យបានទូលំទូលាយនៅឡើយ។ ​

អ្នកវិភាគខ្លះ យល់ឃើញថា ដើម្បីឲ្យយុទ្ធនា​ការ​​បំបាត់ Scam Online ឲ្យមានប្រសិទ្ធភាព គឺទាមទារឲ្យមានការចូលរួមពីផ្នែកពាក់ព័ន្ធ  រាប់ទាំងប្រជាពលរដ្ឋ និងអ្នក​សារ​ព័ត៌​មានជាដើម។ ប៉ុន្តែលោក​ថា បើ​ការផ្តល់ព័ត៌មានពីចំណុចអវិជ្ជមាន ផ្តើមចេញពី សមត្ថកិច្ចចុះការបង្ក្រាបបទល្មើសនេះ បែរជាអ្នកផ្តល់ព័ត៌មាន ​ ទទួលរង​នូវការគំរាមកំហែង ​ឬប្តឹងផ្តល់ពីអាជ្ញាធរនោះ គឺ​មិនទទួលបាន​លទ្ធផលប្រសើរទេ។

ត្រង់ចំណុចនេះ លោក សេក សុជាតិ ​ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ថា ដើម្បីឲ្យយុទ្ធនាការបោសសំអាត ស្កែមអនឡាញ ទទួលជោគជ័យ គួរត្រូវលុបបំបាត់អំពើពុករលួយ និងអ្នកកាងការពារ នៃបទល្មើសនេះជាមុនសិន។

​យ៉ាងណាក៏ដោយចុះ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានអះអាងថា ថ្នាក់ដឹកនាំខេត្តនេះ បានប្តេជ្ញាចិត្តខ្ពស់ លើ​ការ​ងារ​លុបបំបាត់​បទល្មើស ​Scam Online ដោយយកចិត្តទុកដាក់ និងបានបែងចែកក្រុមការងារ ​ចុះអនុវត្តបទបញ្ជា របស់​​ប្រមុខដឹ​កនាំដោយការទទួលខុសត្រូវខ្ពស់។ ជាងនេះ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ តែងបើកកិច្ចប្រជុំតាមដា​នលើកិច្ច​ការងារ​បង្ក្រាប Scam Online នេះ ជាប្រចាំ​ ដើម្បីឈានទៅអនុវត្តបទបញ្ជានេះ ឲ្យទទួលបានជោគជ័យ។

បន្ថែមលើនេះ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ករណីលុបបំបាត់ស្កែមអនឡាញនេះ សមត្ថកិច្ចខេត្តនេះ នឹងមិនបន្ធូរដៃនោះទេ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធចូលរួមផ្តល់ព័ត៌មាន ជុំវិញការលួចលាក់ប្រព្រឹត្តិបទល្មើសនេះ មកសមត្ថកិច្ច ដើម្បីចុះបង្ក្រាប់ឲ្យបានទាន់ពេល។

​​​​យោងតាមរបាយការណ៍ របស់​​​អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បញ្ជាក់ថា ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៥ ខែមេសានេះ មានជនបរទេសខុសច្បាប់ចំនួន ១,០៨៤នាក់​ ត្រូវបានបណ្ដេ​ញចេញ​ពីប្រទេស​កម្ពុជា។ ​ក្នុងចំណោមជនបរទេស​ទាំង ១,០៨៤នាក់ គឺមានស្ត្រី​១៣០នាក់ និងមាន ២៧សញ្ជាតិ រួមមាន​៖ យ៉ូហ្គង់ដា ប៉ាគីស្ថាន រវ៉ាន់ដា កេនយ៉ា នេប៉ាល់ ឥណ្ឌូនេស៊ី ហ្គាណា ហ្វីលីពីន កាមេរូន ចិន ឥណ្ឌា រុស្សី អង់គ្លេស ចិនតៃវ៉ាន់ នីហ្សេរីយ៉ា បង់ក្លាដេស ម៉ាឡេស៊ី ឡាវ អាមេរិក អ៊ូបេគីស្ថាន ជប៉ុន អេត្យូពី កូរ៉េ មីយ៉ាន់ម៉ា ប៊ូរុនឌី ស៊ូដង់ និងសារ៉ាលីអូន។ ហើយក្នុងចំណោមនោះ មានជនជាតិចិនចំនួន ៤៨០នាក់ (ស្រី១៦នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)៕

អត្ថបទដែលជាប់ទាក់ទង