សមត្ថកិច្ចឃាត់ខ្លួន ជនជាតិចិន៧នាក់ ករណីប្រើអំពើហិង្សា ផ្តើមពីជួលអាគារមិនបង់លុយ..
ខេត្តព្រះសីហនុ៖ សមត្ថកិច្ច បានឲ្យដឹងថា មានករណីប្រើអំពើហុង្សា រវាងជនជាតិចិន មានជម្លោះវាយតប់គ្នា ជាមួយជនជាតចិនដូចគ្នា ផ្តើមចេញពីការជួលអាគារបើក មន្ទីរពិគ្រោះ និងព្យាបាលជំងឺ បានបញ្ចប់កុងត្រាហើយ ប៉ុន្តែភាគីជួល មិនព្រមបង់ប្រាក់ និងមិនព្រមរើសម្ភារៈចេញ។
ជម្លោះនេះ ភាគីទាំងសងខាង មានគ្នាប្រមាណ ៦នាក់ ដូចគ្នា។
អំពើហិង្សានេះ បានបណ្តាលឲ្យបុរសជនជាតិចិនម្នាក់ ខាងភាគីខាងម្ចាស់អាគារ បានរងរបួសធ្ងន់បែកក្បាល ដួលសន្លប់ក្នុងថ្លុកឈាម។ ហើយអំពើហិង្សានេះ បានកើតឡើងនៅម៉ោង ០៧យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងបន្ទប់ពិគ្រោះ និងព្យាបាល របស់ជនជាតិចិនខាងលើ ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ប្រភពបញ្ជាក់ថា អំពើហិង្សានេះ បានកើតឡើង បន្ទាប់ពីមាន ជនជាតិចិន មួយក្រុមមានគ្នាប្រមាណ៦នាក់ ជាភាគីម្ចាស់អាគារ បានលើកគ្នាមកដល់ ទីតាំងអាគារ របស់ខ្លួន ដែលជួលឲ្យជនជាតិចិនផ្សេងទៀត សម្រាប់បើកបន្ទប់ ពិគ្រោះ និង ព្យាបាលជំងឺ ដោយភាគីអ្នកជួលអាគារ បានផុតកុងត្រាតាំងពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤មកម្លេះ ហើយមកដល់ពេលនេះ លុយថ្លៃជួលអាគារ ក៏មិនបង់ឲ្យដែរ។
ទាក់ទិនបញ្ហានេះ ខាងភាគីជនជាតិចិន ម្ចាស់អាគារ បានឲ្យដឹងថា ចំពោះបញ្ហាភាគីជួលអាគារ មិនបង់ប្រាក់នេះ គឺពួកគេ ក៏បានដាក់ពាក្យប្តឹងទៅកាន់ សមត្ថកិច្ច ដើម្បីជួយរកដំណោះស្រាយផងដែរ ប៉ុន្តែអ្នកជួល នៅតែមិនព្រមរើសម្ភារៈចេញ ពីអារគារនោះទេ។ ហើយមកដល់ថ្ងៃកើតហេតុនេះ ពួកខ្លួន ក៏នាំគ្នាមកទីតាំងអាគារជួល និង យកថ្នាំបាញ់លើកញ្ចក់ ទ្វារអាគារ សរសេរអក្សរជាភាសារចិន ពេញកញ្ចក់ទ្វារ រួចក៏កើតជាហិង្សាវាយតបគ្នា ទៅវិញទៅមក ជាមួយភាគីខាងពេទ្យឬអ្នកជួលអាគារ បណ្តាលឲ្យបុរសជនជាតិចិនម្នាក់ ខាងភាគីខាងម្ចាស់អាគារ រងរបួសធ្ងន់បែកក្បាល និងបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យក្បែរនោះ។
ភ្លាមៗនោះ កម្លាំងនគរបាល ព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ក៏បានចុះទៅដល់កន្លែងកើតហេតុ និង បានឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន៧នាក់ ស្រី៣នាក់ នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ និងឈានទៅកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោស៕