វេទិកាជំរុញការវិនិយោគ ខេត្តព្រះសីហនុ និងខេត្តអានហ៊ួយ ចិន ដើម្បីពង្រីកការទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ
ទីក្រុងហ័ងសាន៖ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំវេទិកាជំរុញការវិនិយោគខេត្តព្រះសីហនុ នៅទីក្រុងហ័ងសាន ខេត្តអានហ៊ួយ សាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពី លេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ និងលេខាធិការដ្ឋានក្រុមការងារបច្ចេកទេសអន្តរក្រសួង បានសម្របស្រួលការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង ។
កម្មវិធីនេះ មានការចូលរួមពី អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អគ្គនាយក នាយកក្រុមហ៊ុន អ្នកគ្រប់គ្រងរោងចក្រ សហគ្រាស ជាវិនិយោគិនចិន និងអ្នកពាក់ព័ន្ធប្រមាណជាង ២០០នាក់ បានចូលរួម។
វេទិកាខាងលើនេះ ចូលរួមសហការរៀបចំដោយ លោក ចាន់ រតនា ប្រធានសមាគមលើកកម្ពស់អភិវឌ្ឍន៍កម្ពុជា-អាស៊ាន លោក លី ឆីងលុង អនុប្រធានសមាគមប្រចាំខេត្តអានហ៊ួយ និងរដ្ឋបាលខេត្តអានហ៊ួយ នៃសាធារណរដ្ឋប្រជាមានិតចិន។
នាឱកាសនោះ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានចាត់កវេទិកានេះ ថានានបង្ហាញឲ្យឃើញកាន់តែច្បាស់ អំពីការបន្តពូនជ្រុំលើកកម្ពស់ ទំនាក់ទំនងមិត្តភាព ជា «មិត្តដែកថែប និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» របស់ប្រទេសទាំងពីរ។ លោកបន្តថា ទាំងនេះ ជាលទ្ធផលនៃភាពស៊ីសង្វាក់គ្នា រវាងយុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្រ្តបញ្ចកោណ របស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់លោក ប្រធានាធិបតី ស៊ី ជីនពីង
លោកអភិបាលខេត្តបន្តថា ចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាព ជាមួយប្រទេសចិន ខេត្តព្រះសីហនុ បានបង្កើតសម្ព័ន្ធមេត្រីភាព ខេត្ត-ក្រុងបងប្អូន ជាមួយបណ្តាខេត្ត-ក្រុង នៃប្រទេសចិនចំនួន២០ រួមទាំង ខេត្តអានហ៊ួយ ដែលទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ កន្លងមកនេះ។
សូមជម្រាបជូនថា វេទិកាជំរុញការវិនិយោគខេត្តព្រះសីហនុ នៅខេត្តអានហ៊ួយ នាពេលនេះ គឺមានគោលបំណង ដើម្បីពង្រឹង និងពង្រីកការទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្តអានហ៊ួយ ព្រមទាំងស្វែងរកដៃគូវិនិយោគលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ អចលនទ្រព្យ ការដឹកជញ្ជូន និងវិស័យមួយចំនួនទៀត ដែលមានសក្តានុពល។
បន្ថែមលើនេះ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏ស្វាគមន៍ចំពោះរាល់ការសម្រេចចិត្ត ដ៏ឈ្លាសវៃរបស់វិនិយោគិនទាំងអស់ ដែលមានបំណងជ្រើសរើសខេត្តព្រះសីហនុ ជាគោលដៅវិនិយោគ ព្រមទាំងអញ្ជើញធុរជន និងវិនិយោគិន ធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគ នៅខេត្តព្រះសីហនុ។
អភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ សូមធានាជូនអ្នកវិនិយោគ នូវការផ្តល់សេវាឆាប់រហ័ស ប្រកបដោយទំនុកចិត្ត តម្លាភាព ប្រសិទ្ធភាពខ្ពស់ ព្រមទាំងការសម្របសម្រួល ការលើកទឹកចិត្ត និងធានាសន្តិសុខ សុវត្ថិភាពដល់អ្នកវិនិយោគគ្រប់រូប។
លោកអភិបាល មានសុទិដ្ឋិនិយមថា តាមរយៈវេទិកានេះ អ្នកវិនិយោគ នឹងទទួលបានព័ត៌មានពិត និងច្បាស់លាស់ ដើម្បីធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការវិនិយោគនៅខេត្តព្រះសីហនុ។
បន្ថែមពីលើនេះ អភិបាលខេត្ត ក៏បានលើកឡើង អំពីព័ត៌មានមិនពិតពីខេត្តព្រះសីហនុ ដើម្បីវាយប្រហារ អុចអាល ញុះញង់ ឱ្យអ្នកវិនិយោគមានការភ័យខ្លាច។
ត្រង់ចំណុចនេះ លោក ម៉ាង ស៊ីណេត ក្នុងនាមរដ្ឋបាលខេត្ត បានបញ្ជាក់ថា រាល់ការផ្សព្វផ្សាយពីចំណុចអវិជ្ជមាន ក្នុងខេត្តព្រះសីហនុ កន្លងមក គឺ ជាពត៌មានមិនពិតទេ ។ លោកអភិបាលខេត្ត បានអះអាងថា នឹងធានាការពារ សន្តិសុខ សុវត្ថិភាពជូន អ្នកវិនិយោគឱ្យបានល្អប្រសើរ និងមានសុវត្ថិភាព។
លោកសង្កត់ធ្ងន់ថា បេសកម្មរបស់រដ្ឋបាលខេត្តព្រះសីហនុ គឺ៖ «សុខសុវត្ថិភាព របស់អ្នកវិនិយោគ គឺជាកាតព្វកិច្ច របស់យើងខ្ញុំ» ហើយ «ភាពជោគជ័យលើអាជីវកម្ម របស់អ្នកវិនិយោគ គឺជាភាពរីករាយ របស់យើងខ្ញុំ»។
នៅក្នុងវេទិកានេះដែរ ក៏មានធ្វើបទបង្ហាញ របស់វាគ្មិន ពាក់ព័ន្ធនឹងសក្តានុពល និងឱកាសវិនិយោគនៅខេត្តព្រះសីហនុ ព្រមទាំងផ្តល់ពេលវេលាសម្រាប់កម្មវិធីសំណួរ ចម្លើយ ដោយបានធ្វើការបកស្រាយយ៉ាងក្បោះក្បាយជូន វិនិយោគិន និងធុរជនផងដែរ៕