អាជ្ញាធរជាតិអប្សរា រៀបចំចុះបញ្ជីថ្មនៅជុំវិញប្រាសាទបាយ័ន

ខេត្តសៀមរាប ៖ ក្រុមការងារ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា របស់អាជ្ញាធរជាតិអប្សរា  កំពុងរៀបចំចុះបញ្ជីថ្ម នៅជុំវិញប្រាសាទបាយ័ន ដើម្បីទុកដាក់ឱ្យបានថ្មល្អប្រសើរ និងមានភាពងាយស្រួលក្នុងការដឹងប្រភេទថ្ម។

លោក ធឿន សុខុន មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា ក្រុមការងារបានអនុវត្តកិច្ចការនេះ អស់រយៈពេលចូល ៥ខែកន្លងមកហើយ ដោយកំណត់យកតួអក្សរសម្រាប់តាង។ ចំពោះថ្មទាំងនេះ មានខ្លះជាបំណែក​ព្រះពុទ្ធរូប ព្រះកេស ផ្តែរ និងចម្លាក់ផ្សេងៗ។

បុរាណវិទូ លោក ផុន តារា បានឱ្យដឹងថា ថ្មដែលកំពុងរៀបចំទុកដាក់ឱ្យបានល្អនេះ នឹងត្រូវយក​ទៅរក្សាទុក​នៅបរិវេណប្រាសាទបាភួន។ ចំណែកបំណែកថ្មខ្លះ ដូចជាកំពូល ​ ឬព្រហ្មមុខបួនជាដើម អ្នកជំនាញនឹងរៀបចំផ្គុំទៅតាមទីតាំងដើមវិញ ប្រសិនជាអាចរកឃើញ។

លោក តារា សង្ឃឹមថា ការរៀបចំនេះនឹងធ្វើឱ្យថ្ម មានសណ្ដាប់រៀបរយល្អ ងាយស្រួល ក្នុងការយកមកប្រើប្រាស់ ឬជួសជុលប្រាសាទឡើងវិញ ក៏ដូចជាលើកតម្លៃប្រាសាទ នា​ពេលអនាគត៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ភោគ ជា, ស៊ិន ប្រណី

អត្ថបទដែលជាប់ទាក់ទង