ក្រុមហ៊ុន BYD បើកការដ្ឋានសង់រោងចក្រដំឡើងរថយន្ត នៅកម្ពុជា បោះទុនវិនិយោគជាង ៣០លានដុល្លារ

ខេត្ត​ព្រះសីហនុ៖ កម្ពុជា នឹងមានរោងចក្រ​ដំឡើងរថយន្តថ្មីមួយទៀត មានទីតាំងក្នុងតំបន់ដ្ឋកិច្ចពិសេសក្រុងកំពង់សោម ខេត្តព្រះសីហនុ ដោយបោះទុនវិនិយោគជាង ៣០លានដុល្លារអាមេរិក។

កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ លោក ម៉ាង​ ស៊ី​ ណេត​ អភិបាល​ នៃគណៈអភិបាល​ខេត្ត​ព្រះសីហនុ​ បាន​អញ្ជើញ​ចូលរួម​ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនី របស់ក្រុមហ៊ុន BYD CAMBODIA CO.,LTD. នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងកំពង់សោម ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក វ៉ាង វិនពីន (WANG WENBIN) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា។

នាឱកាសនោះ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ និង​អបអរសាទរ  ដល់អ្នកវិនិយោគគិនចិន ដែលមកវិនិយោគ និងបើកការដ្ឋានសាងសង់រោងចក្រដំឡើង រថយន្ត BYD CAMBODIA នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងកំពង់សោម ពេលនេះ។

លោកចាត់ទុក វត្តមានរបស់ក្រុមហ៊ុន BYD CAMBODIA ថាបានបង្ហាញពីសក្ខីភាព និងការជឿជាក់ របស់អ្នកវិនិយោគិនចិន មកលើ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ។

បន្ថែមលើនេះ លោក ម៉ាង ស៊ីណេត ក៏បានជូនពរឱ្យ ក្រុមហ៊ុន BYD CAMBODIA CO.,LTD. ទទួលបានជោគជ័យ ក្នុងមុខជំនួញ របស់ខ្លួន និងមានអតិថិនជន គាំទ្រកាន់ច្រើន។

ជាងនេះទៀត លោកអភិបាល ក៏បានចាត់ទុក រោងចក្រនេះ ថាពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញ និងលើកកម្ពស់សេដ្ឋកិច្ច នៅក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែទទួលបានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់ ជាពិសេស បានផ្តល់ការងារជូន ប្រជាពលរដ្ឋ ទាំងក្នុងខេត្តព្រះសីហនុ និងខេត្តផ្សេងៗ ដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាមូលដ្ឋានគ្រឹះ ឆ្តោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ចំណែក លោក វ៉ាង វិនពីន (WANG WENBIN) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានបញ្ជាក់ថា ចំពោះការបើកការដ្ឋាន រោងចក្រតម្លើងរថយន្ត BYD CAMBODIA នៅខេត្តព្រះសីហនុ នាឱកាសនេះ គឺជាការខិតខំប្រឹងប្រែង រវាងប្រទេសទាំងពីរ កម្ពុជា-ចិន ដើម្បីបង្កើតជានិមិត្តរូប និងជាគម្រោងផលិតកម្មរថយន្ត ក្នុងការពន្លឿនវិស័យឧស្សាហកម្ម និងកិច្ចសហប្រតិបត្តិការ ច្រករបៀងសេដ្ឋកិច្ច រវាងចិន-កម្ពុជា ឱ្យកាន់តែប្រសើរថែមទៀត។

លោកបន្តថា ក្រុមហ៊ុន BYD បាននាំយកបច្ចេកវិទ្យាទំនើប និងមានបទពិសោធន៍ នៃឧស្សាហកម្មពាក់ព័ន្ធនានា និងការជួយបណ្តុះបណ្តាលកម្មករកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនាពេលអនាគត។ លោកថា នេះជាគម្រោងផលិតយានជំនិះ ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការចូលរួមកាត់បន្ថយឧស្ម័នកាបូន និងធ្វើឱ្យកាន់តែប្រសើរឡើងប្រកបដោយគុណភាពខ្ពស់។

លោកបន្ថែមថា ចំពោះមូលហេតុ ដែលក្រុមហ៊ុន BYD ជ្រើសរើសកម្ពុជា  ដើម្បីបង្កើតរោងចក្រដំឡើង រថយន្តនេះ ជាការបង្ហាញពីគំរូមិត្តភាព និងកិច្ចសហប្រតិបត្តិការ មិត្តភាពដែកថែប រយៈពេល ៧០ឆ្នាំមកហើយ ឬអាចនិយាយបានថា ជាមិត្តភាពដែកថែប មិនអាចបំបែកបាន។ ដោយ ចិន និងកម្ពុជា បានជម្រុញមិត្តភាពដែកថែប និងក៏សាងសហគមន៍ជោគវាសនារួម ចិន-កម្ពុជា ដោយពន្លឿនច្រករបៀងឧស្សាហកម្ម រវាងភាគីទាំងពីរ ហើយការបើកការដ្ឋានសាងសង់រោងចក្រដំឡើង រថយន្ត BYD នាពេលនេះ ស្របពេលដែល លោកប្រធានាធិបតីចិន បានអញ្ជើញមកបំពេញទស្សនៈកិច្ច ជាផ្លូវការមកកាន់ កម្ពុជា កាលពីថ្ងៃទី១៧-១៨ ខែមេសាកន្លងទៅថ្មីៗ ដោយ នាំមកនូវអ្នកវិនិយោគចិន មកកាន់ប្រទេសកម្ពុជា ជាពិសេស មកកាន់ខេត្តព្រះសីហនុ។

លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថាការបើកការដ្ឋាន សាងសង់រោងចក្រដំឡើងរថយន្ត BYDក្នុងប្រទេសកម្ពុជា ជាសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កម្ពុជា ហើយវានឹងដើរតួនាទីក្នុងការពន្លឿនឧស្សាហូបនីយកម្ម របស់កម្ពុជា ក្នុងការសាងសង់ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្មចិន កម្ពុជា ហើយបច្ចេកវិទ្យា នៃការផលិតកម្មរថយន្តកម្ពុជា។

ទន្ទឹមគ្នានេះ ការបណ្តុះបណ្តាលកម្មករឧស្សាហកម្ម ដែលមានសមត្ថភាព ជាមូលដ្ឋានគ្រឹះសេដ្ឋកិច្ចថ្មី របស់កម្ពុជា នាពេលអនាគត។

លោកបន្តថា នេះជាគម្រោងផលិតយានជំនិះ ថាមពលថ្មីរបស់កម្ពុជា ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីជួយកាត់បន្ថយ ការបំភាយកាបូន ជំរុញអភិវឌ្ឍន៍បៃតង និងឈានទៅរកការអភិវឌ្ឍន៍ប្រកបដោយគុណភាព។

លោកបញ្ជាក់ថា ការបើកការដ្ឋាននៃរោងចក្រ BYD គឺជាការអនុវត្តលទ្ធផល នៃដំណើរទស្សនៈកិច្ច របស់លោកប្រធានាធិបតីចិន មកកាន់កម្ពុជា។ ដោយប្រទេសចិន នឹងលើកទឹកចិត្ត ឱ្យក្រុមហ៊ុនចិន មកបណ្តាក់ទុននៅកម្ពុជា នាំចូលផលិតផលកសិកម្ម គុណភាពខ្ពស់ និងអនុញ្ញាតឱ្យមិត្តភក្តិកម្ពុជា ចែករំលែកឱកាស អភិវឌ្ឍន៍ប្រទេសចិន ឱ្យកាន់តែប្រសើរឡើង​ថែមទៀត៕ ដោយ ៖ តិល ភ័ស្ត

អត្ថបទដែលជាប់ទាក់ទង