លោក ហ៊ួង ត្រឡប់មកកាន់តំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Nvidia វិញ បន្ទាប់ពីមានអន្តរាគមន៍ពីលោក ត្រាំ

ក្រុមហ៊ុន Nvidia បានតែងតាំងលោក ចេនសិន ហ៊ួង (Jensen Huang) ឱ្យត្រឡប់មកកាន់តំ​ណែង​ជានាយកប្រតិ​បត្តិ​វិញ បន្ទាប់​ពី​មានសម្ពាធពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។ នេះ គឺជាការ​ផ្លាស់​ប្តូរ​ស្ថានការណ៍យ៉ាងគួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពី​លោកបានលាលែងពីតំណែង ដោយសារមានការលាតត្រដាង​អំពីទំនាក់ទំនងស្នេហានៅក្រៅអាពាហ៍ពិពាហ៍ ដែលក្នុងនោះរួមមានទំនាក់ទំនងជាមួយស្ត្រីម្នាក់ ដែលត្រូវបានគេសង្ស័យថា ជាចារកម្មរបស់​ចិន។ នេះបើតាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់​ងារ​ព័ត៌មាន​រ៉យ​ទ័រ​ កាល​ពីថ្ងៃ​ច័ន្ទ​។​

ការត្រឡប់មកវិញរបស់លោក ហ៊ួង​ បានបញ្ចប់ពេល​វេលា​ដែល​ពោរពេញដោយព្រឹត្តិការណ៍ផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលបានធ្វើ​ឱ្យ​ភាពរង្គោះរង្គើដល់ទីផ្សារ និងប្រព័ន្ធអេកូឡូស៊ីនៃវិស័យបញ្ញាសិប្បនិម្មិត (AI) ដែល​ប្រព័ន្ធនេះពឹងផ្អែកលើក្រុមហ៊ុន Nvidia ស្ទើរតែគ្រប់យ៉ាង ចាប់តាំងពីការផ្គត់ផ្គង់បន្ទះឈីប រហូតដល់ការផ្តល់ហិរញ្ញប្បទានសម្រាប់​ការអភិវឌ្ឍ​ដ៏ធំសម្បើមនៅក្នុងឧស្សាហកម្មនេះ។

ប៉ុន្តែការផ្លាស់ប្តូរជំហរភ្លាមៗរបស់ក្រុមប្រឹក្សាភិបាល ដែលកើតឡើងមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីប្រធានក្រុមប្រឹក្សា​ភិបាល លោក ហាវី ចូន (Harvey Jones) បានអះអាង​ថា ក្រុមហ៊ុន Nvidia នឹងមិនជួលលោក ហ៊ួង​ ឱ្យ​ត្រឡប់​​មក​កាន់តំណែងជានាយកប្រតិបត្តិ (CEO) វិញទេ ដោយសារតែឥរិយាបថរបស់លោក មិនស្របនឹងក្រមសីលធម៌​​របស់​ក្រុមហ៊ុន បានបង្កឱ្យមានសំណួរអំពីឯករាជ្យភាពរបស់ក្រុមប្រឹក្សាភិបាលនេះ នេះបើតាមការលើកឡើង​របស់​អ្នកជំនា​ញ​ផ្នែកអភិបាលកិច្ច ខណៈការស៊ើបអង្កេតរបស់ក្រុមហ៊ុននៅមិនទាន់បញ្ចប់នៅឡើយ។

ការវិលត្រឡប់មកវិញរបស់លោក ហ៊ួង​ បានជួយជំរុញទីផ្សារភាគហ៊ុន Wall Street និងបាន​ធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia កើនឡើងយ៉ាងខ្លាំងរហូតដល់ ៣៣% ដែលនឹងនាំឱ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុននេះកើនឡើងជាង ៩០០ពាន់លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ កំណើន​នេះនៅមិនទាន់គ្រប់គ្រាន់ ដើម្បីប៉ះប៉ូវការខាតបង់ទាំងអស់ ដែលបានកើតឡើង​ចាប់តាំងពីពេលដែលលោកបានលាលែងពីតំណែងកាលពីថ្ងៃទី១២ ខែវិច្ឆិកានោះនៅឡើយ​ទេ។

ក្រុមហ៊ុន Nvidia បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយផ្អែកលើមតិយោបល់ពីរដ្ឋាភិបាលសហរដ្ឋ​អាមេ​​រិក ក្រុមប្រឹក្សាភិបាលមានទំនុកចិត្តថា «ការវិលត្រឡប់មកកាន់តំណែង​វិញរបស់លោក ហ៊ួង​ មិនបង្កហានិភ័យដល់​សន្តិ​សុខ​ជាតិ​ឡើយ»។ ការអះអាងនេះក៏ត្រូវបានគាំទ្រដោយលោក ត្រាំ ផងដែរ នៅក្នុងបទសម្ភាសន៍មួយជាមួយ​​បណ្តាញ​ព័ត៌​មាន CNBC។

លោក ហ៊ួង​ បានលើក​ឡើង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកមានកិត្តិយសណាស់ដែល​បានត្រឡប់មកវិញ ហើយ «ពិតជាអន្ទះសា​រចង់ចាប់ផ្តើមការងារឡើងវិញយ៉ាងខ្លាំង»។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ Business Insider ដោយដកស្រង់សម្តីបុគ្គលម្នាក់ដែលដឹងពីបញ្ហានេះ បានឱ្យដឹងថា នៅពេលលោកត្រឡប់ទៅកាន់​ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនវិញ លោកត្រូវបានស្វាគមន៍ដោយសំឡេងហ៊ោរអបអរសាទរពីសំណាក់បុគ្គលិក ហើយលោកបាននិយាយថា លោកនឹង «ក្លាយជានាយកប្រតិបត្តិ (CEO) ដ៏ល្អប្រសើរជាងមុន នៅក្នុងអាណត្តិទីពីរនេះ»។

ទោះបីជា​យ៉ាងណា លោក ជែមស៍ អូប៊ីន (James St. Aubin) ប្រធានផ្នែកវិនិយោគនៅក្រុមហ៊ុន Ocean Park Asset Management បានអះអាង​ថា ការវិលត្រឡប់មកវិញរបស់លោក ចេនសិន​ មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលខ្លាំង​ពេកនោះទេ ប៉ុន្តែវាបានបញ្ជូនសារមួយដែលគួរឱ្យព្រួយបារម្ភអំពីស្ថានភាព នៃការគ្រប់គ្រងសាជីវកម្មនៅអាមេ​រិក ប៉ុន្តែ​​លោក​បាន​បន្ថែម​ថា លោក ហ៊ួង​ នៅតែត្រូវឆ្លើយតបនឹងសំណួរលំបាកៗមួយចំនួនពីសភា។

គួររំលឹកថា លោក ហ៊ួង​ បានទទួលស្គាល់ថា ខ្លួនបានក្បត់ភរិយា និងបានសុំអភ័យ​ទោស ប៉ុន្តែមិនបានបកស្រាយលម្អិតជាសាធារណៈអំពីទំនាក់ទំនងនីមួយៗ ដែលត្រូវបានគេចោទប្រកាន់នោះទេ។ ប្រទេសចិនបានបដិសេធការ​ចោទ​ប្រកាន់ពាក់ព័ន្ធនឹងសកម្មភាពចារកម្ម។ ទីភ្នាក់​ងារ​ព័ត៌មានរ៉យទ័របាន​​ព្យាយាម​ទាក់ទងទៅអ្នកស្រី អាលីស ហ៊ួង (Alice Huang) ដើម្បីសុំការ​បកស្រាយ​ មិនទទួលបានជោគជ័យឡើយ។

ការវិលត្រឡប់មកវិញរបស់លោក ហ៊ួង​ គឺស្រដៀងទៅនឹងករណីរបស់លោក សាម អាត់មែន (Sam Altman) នាយកប្រតិបត្តិក្រុមហ៊ុន OpenAI ដែរ ដែលបានវិលត្រឡប់មកកាន់តំណែងវិញរយៈ​ពេល​ ៤ថ្ងៃក្រោយពីត្រូវបានគេដក​ចេញ​​ពីតំណែងក្នុងឆ្នាំ២០២៣ បន្ទាប់ពីបុគ្គលិកបានគំរាមលាលែងពីការងារ ប្រសិនបើលោកមិនត្រូវបានតែង​តាំង​ឱ្យត្រឡប់មកកាន់តំណែងវិញ​​។

ស្ថាបនិកផ្សេងទៀត និងអតីតថ្នាក់ដឹកនាំមួយចំនួន ក៏ធ្លាប់បានវិលត្រឡប់មកវិញក្នុងគ្រាដែលមានវិបត្តិដែរ ដូចជាករណីលោក ស្ទីវ ចប (Steve Jobs) នៅក្រុមហ៊ុន Apple និងលោក បប់ អ៊ីហ្គ័រ (Bob Iger) នៅក្រុមហ៊ុន Disney ជា​ដើម ប៉ុន្តែការវិលត្រឡប់មកវិញបន្ទាប់ពីមានបញ្ហាពាក់​ព័ន្ធនឹងការប្រព្រឹត្តមិនសមរម្យផ្ទាល់ខ្លួន គឺជារឿង​កម្រ​នឹងកើតឡើងណាស់។

សមាជិកសភាសហរដ្ឋអាមេរិកមកពីគណបក្សទាំងពីរ បានរិះគន់យ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុន Nvidia ក្នុងការតែងតាំងលោក ចេនសិន ហ៊ួង ឱ្យត្រឡប់មកកាន់តំណែងជា​នាយកប្រតិបត្តិវិញ។ ​

ពួកគេបានលើកឡើងថា សភាគួរតែរឹតបន្តឹងការរឹតត្បិត​លើលទ្ធភាពរបស់ប្រទេសចិនក្នុងការទទួលបានបន្ទះ​ឈីប AI ទំនើប​របស់ក្រុមហ៊ុននេះ ព្រមទាំងពិនិត្យមើលឱ្យបានហ្មត់ចត់នូវកាលៈទេសៈជុំវិញការវិលត្រឡប់មកកាន់​តំណែង​វិញរបស់លោក ហ៊ួង​ ផងដែរ។

លោក ថម ខុត​ធិន (Tom Cotton) សមាជិកគណបក្សសាធារណរដ្ឋ និងជាប្រធានគណៈកម្មាធិ​ការស៊ើបការណ៍សម្ងាត់​នៃព្រឹទ្ធសភា បានអំពាវនាវកាលពីថ្ងៃចន្ទ ឱ្យសភាអនុម័ត «ច្បាប់ស្តីពីសន្តិសុខបន្ទះឈីប»។ សេចក្តីព្រាងច្បាប់​នេះមានគោលបំណងដោះស្រាយបញ្ហាដែលបន្ទះឈីបទំនើប​ ត្រូវបាននាំចេញដោយស្របច្បាប់ ប៉ុន្តែក្រោយ​មក​បែរជាត្រូវបានបញ្ជូនបន្តទៅកាន់​ប្រទេសចិន ជាទី​ដែ​លមាន​ការ​រឹតត្បិត​លើ​ការលក់ផលិតផលទាំងនេះ។

សេចក្តីព្រាងច្បាប់នេះនឹងតម្រូវឱ្យក្រុមហ៊ុនផលិតបន្ទះឈីបតាមដានទីតាំងនៃបន្ទះឈីបសម្រាប់បញ្ញាសិប្បនិម្មិត (AI) កម្រិតខ្ពស់ និងជូនដំណឹងដល់រដ្ឋាភិបាល ប្រសិនបើពួកគេសង្ស័យថា បន្ទះឈីបទាំងនោះបានធ្លាក់ទៅដល់ដៃអ្នកប្រើប្រាស់ដែលត្រូវបានហាមឃាត់។

សម្រាប់ក្រុមហ៊ុន Nvidia វិធានការនេះអាចបង្កើតឱ្យមានការចំណាយថ្មីៗទាក់ទងនឹងការអនុលោមតាមច្បាប់ និងកាតព្វកិច្ចក្នុងការរាយការណ៍។​

សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី អេលីហ្សាបេត វ៉រិន​(Elizabeth Warren) តំណាង​រដ្ឋ Massachusetts ដែលនឹងឡើងកាន់តំណែងជាប្រធានគណៈកម្មាធិការទទួលបន្ទុកវិស័យធនាគារ (Banking Committee) ចាប់ពីខែមករាតទៅ បានហៅការសម្រេចចិត្តឱ្យលោក ហ៊ួង​ ត្រឡប់មកកាន់តំណែងវិញ​ថា ជាទង្វើខ្វះការពិចារណា។

លោកស្រីបានបន្ថែមថា ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Nvidia នៅតែមានកាតព្វកិច្ចផ្តល់ចម្លើយជូនសភាអាមេ​រិក ពាក់ព័ន្ធនឹងការអនុវត្តតាមបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិក។ គណៈ​កម្មាធិ​ការ​ទទួល​បន្ទុកវិស័យធនាគារនេះ មានតួនាទីអនុម័តសេចក្តីព្រាងច្បាប់នានា ដែលទាក់ទងនឹងការគ្រប់គ្រងការ​នាំ​ចេញ។

លោក ធីម ស្កុត (Tim Scott) ប្រធាន​គណៈកម្មាធិការធនាគារនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលមកពីគណបក្សសាធារណរដ្ឋ បានថ្លែងកាលពីថ្ងៃចន្ទថា លោក ហ៊ួង​ នឹងចូលខ្លួនទៅផ្តល់សក្ខីកម្មនៅក្នុងសវនាការសាធារណៈមួយនៅថ្ងៃទី៣ ខែធ្នូ។ ការណ៍នេះកើតឡើងក្នុងពេលដែលសមាជិកសភាទាំងឡាយកំពុងស៊ើបអង្កេតលើការចោទប្រកាន់​ពាក់ព័ន្ធនឹងទំនាក់ទំនងរបស់លោក ហ៊ួង​ ជាមួយស្ត្រីម្នាក់ ដែលត្រូវបានគេចោទប្រកាន់ថា ជាចារនារី​របស់​ប្រទេសចិន​។ អ្នកនាំពាក្យផ្ទាល់ខ្លួនរបស់លោក ហ៊ួង​ បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញការគ្រោងចូលខ្លួន​ផ្តល់​សក្ខី​កម្ម​នេះ​ទេ។

លោក ភីត រីកឃិត (Pete Ricketts) សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ និងជាសមាជិក នៃគណៈ​កម្មាធិ​ការ​ធនាគារ​នៃ​ព្រឹទ្ធ​សភា បានឱ្យ​ដឹង​តាម​រយៈ​សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ការសម្រេចចិត្តរបស់​ក្រុម​ប្រឹក្សាភិបាលក្រុមហ៊ុន Nvidia ក្នុងការតែងតាំងលោក ហ៊ួ​ង ឱ្យត្រឡប់មកកាន់តំណែងវិញនោះ មិន​មែន​ជា​ហេតុ​ផល ដែលអនុញ្ញាតឱ្យគាត់រួចផុតពីការចូលខ្លួនទៅផ្តល់សក្ខីកម្មនៅចំពោះមុខសភាបានឡើយ។

លោក រីកឃិត​ កំពុងជំរុញឱ្យសភាអនុម័តច្បាប់មួយ ដែលមានឈ្មោះថា «Match Act» ដែលនឹងដាក់សម្ពាធ​លើ​សម្ព័ន្ធ​មិត្ត​របស់សហរដ្ឋអាមេរិក ឱ្យដាក់កម្រិតលើការលក់ និងការថែទាំឧបករណ៍ផលិតបន្ទះឈីបទំនើប​ ដែលមាន​គោល​ដៅ​នាំចេញទៅកាន់ប្រទេសចិន។ ច្បាប់នេះ នឹងមិនដាក់កម្រិតដោយផ្ទាល់លើការលក់បន្ទះឈីបរបស់ក្រុមហ៊ុន Nvidia នោះទេ។

ក្រុមហ៊ុននានាដែលមានមូលដ្ឋាននៅប្រទេសសម្ព័ន្ធមិត្ត ដែល​ផលិតឧបករណ៍អេឡិចត្រូនិកពាក់កណ្តាលចម្លាយ (semiconductor) នឹងរងផលប៉ះពាល់ ដូចជាក្រុមហ៊ុន ASML របស់ប្រទេសហូឡង់ និងក្រុមហ៊ុន Tokyo Electron របស់ប្រទេសជប៉ុនជាដើម។

ក្រោមច្បាប់នេះ ប្រទេសចិននឹងជួបការលំបាកកាន់តែខ្លាំងក្នុងការអភិវឌ្ឍបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) កម្រិត​ខ្ពស់​ផ្ទាល់​ខ្លួន ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Nvidia ក្នុងរយៈពេលវែង។

លោក ជីម ហ៊ីម៉េស (Jim Himes) សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ ដែលជាតំ​ណាងជាន់ខ្ពស់នៅគណៈ​កម្មា​ធិ​ការ​ស៊ើបការណ៍សម្ងាត់នៃសភាតំណាងរាស្ត្រ បានថ្លែងថា លោក ហ៊ួង នៅតែត្រូវបានរំពឹងថា នឹងចូលខ្លួន ដើម្បីឆ្លើយសំណួរនៅក្នុងកិច្ចប្រជុំបិទទ្វារមួយ នៅថ្ងៃទី១ ខែធ្នូ ជាមួយគណៈកម្មាធិការចំនួនបីរបស់សភាតំណាង​រាស្ត្រ៕​

ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

Detail Bottom – Saly Gas
Detail Bottom – GTVC Speedboat Cambodia
អត្ថបទដែលជាប់ទាក់ទង