លោក ដូណាល់ ត្រាំ ស្នើឱ្យលោក ពូទីន បញ្ឈប់ការរប្រើកម្លាំងយោធាឈ្លានពានលើប្រទេសនៅតំបន់អឺរ៉ុប

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា លោកបាន​ប្រាប់មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីសប្តាហ៍មុនថា លោកចង់ឃើញរុស្ស៊ីបញ្ឈប់​ការប្រើ​កម្លាំង​យោធា​​ឈ្លាន​ពានតំបន់នានាទូទាំង​តំបន់​អឺរ៉ុប ដោយសង្ឃឹមថា វានឹងអាចឈាន​ទៅរក​ដំណោះស្រាយយ៉ាងឆាប់រហ័សសម្រាប់​សង្គ្រាមនៅអ៊ុយក្រែន។ នេះបើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យ​ទ័រ កាល​ពី​ថ្ងៃព្រហស្បតិ៍​​។​

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social ថា អំឡុងពេលសន្ទនា​ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅ​ប្រទេសចិន​ លោក​បានចំណា​យពេលយ៉ាងច្រើន ដើម្បីពិភាក្សាអំពីបំណងចង់ឃើញលោក ពូទីន បញ្ឈប់​ការ​ប្រើ​កម្លាំង​យោ​ធា​ឈ្លានពានទឹកដីនានានៅទូទាំងទ្វីបអឺរ៉ុប ដោយសង្ឃឹមថា អាចនឹងមានកិច្ចព្រមព្រៀង​មួយ​កើតឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយកិច្ចព្រមព្រៀងនោះគួរតែសម្រេចឱ្យបានឆាប់រហ័ស។

លោក ត្រាំ បានជំរុញជាញឹកញាប់ឱ្យមានការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនតាមរយៈការចរចា ប៉ុន្តែឃ្លាដែលថា «ទឹក​ដី​នានា​នៅ​ទូទាំង​ទ្វីបអឺរ៉ុប» បង្ហាញឱ្យឃើញថា វាសំដៅលើទឹកដីដែលស្ថិតនៅក្រៅសមរភូមិក្នុងប្រទេសអ៊ុយក្រែន។

លោក ត្រាំ មិនបានបញ្ជាក់លម្អិតថា តើលោកបានស្នើឱ្យលោក ពូទីន បញ្ឈប់សកម្មភាពអ្វីខ្លះ​នោះទេ​។ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានចាប់ផ្តើមក្នុងឆ្នាំ២០២២ មក ប្រទេសដទៃទៀតបានចោទប្រកាន់រុស្ស៊ីជាញឹកញាប់ថា បានធ្វើ​សកម្មភាពបង្កហេតុជា​បន្ត​បន្ទាប់​។

ប្រទេសប៉ូឡូញ ជាសមាជិកអង្គការណាតូ (NATO) បានចោទប្រកាន់រុស្ស៊ីនៅសប្តាហ៍នេះថា បានរំលោភដែនអាកាស​របស់​ប៉ូឡូញដោយចេតនា។ ថ្មីៗនេះ ប្រទេសអេស្តូនីបានភ្ជាប់ហេតុការណ៍អគ្គិភ័យ​មួយ ទៅនឹងទីភ្នាក់ងារស៊ើបការណ៍យោធារបស់រុស្ស៊ី។

លោក ត្រាំ បានជួបជាមួយលោក ពូទីន កាលពីសប្តាហ៍មុននៅទីក្រុងសិនជិន ក្នុង​ប្រទេសចិន អំ​ឡុងពេលនៃកិច្ចប្រជុំមេដឹកនាំ APEC ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់រដ្ឋបាលលោក ដើម្បីដោះស្រាយបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាសន្តិសុខទូលំទូលាយផ្សេងទៀត។ លោកក៏បានចូលរួមក្នុងកិច្ចប្រជុំកំពូលត្រីភាគីជាមួយលោក ពូទីន និងប្រធា​នាធិប​តីចិន លោក ស៊ី ជីនពីង ផងដែរ។

រដ្ឋបាលរបស់លោក ត្រាំ បានអះអាង​ថា ការចូលរួមពិភាក្សា​ដោយផ្ទាល់ជាមួយមេដឹកនាំទាំងពីរ​អាចជួយកាត់បន្ថយភាពតានតឹងទូទាំង​ពិភព​លោក ខណៈអ្នករិះគន់បានចោទជាសំណួរថា តើក្រុងវ៉ាស៊ីនតោនកំពុងដាក់សម្ពាធ​គ្រប់គ្រាន់លើទីក្រុងមូស្គូ ដើម្បីបញ្ចប់ជម្លោះនេះដែរឬទេ​។

ស្របពេល​ជាមួយគ្នា​នេះដែរ ប្រធានាធិបតី វូឡូឌីមៀរ ហ្សេឡិនស្គី (Volodymyr Zelenskiy) បាន​ថ្លែងកាលពីថ្ងៃព្រហស្បតិ៍​ថា អ៊ុយក្រែនទទួលបានព័ត៌មានថា រុស្ស៊ីកំពុងរៀបចំផែនការវាយប្រហារទ្រង់ទ្រាយធំជា​ថ្មីក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ការព្រមាននេះ គឺជាលើកទីពីរហើយដែលប្រធានាធិបតីបាន​ប្រកាស​ឱ្យ​ដឹង​នៅក្នុងសប្តាហ៍នេះ​។

ចាប់តាំងពីខែកញ្ញាមក កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារទីក្រុងកៀវ និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែន ស្ទើរ​តែ​ពេញ​២៤ម៉ោង​ក្នុងមួយថ្ងៃ។

លោក វីតាលី ឃ្លីតឆ្កូ (Vitali Klitschko) អភិបាលក្រុងកៀវ​ បានឱ្យដឹងថា ប្រទេសរុស្ស៊ីបានបាញ់​មីស៊ីលវាយប្រហារទៅលើ​ទីក្រុងកៀវ​ កាលពីយប់មិញ បណ្តាលឱ្យមនុស្ស៧នាក់រងរបួស និងបាន​វាយប្រហារ​ចំមជ្ឈមណ្ឌលពាណិជ្ជកម្មមួយកន្លែង ព្រមទាំងអគារពីរផ្សេងទៀត។ ទន្ទឹមនឹងនេះ ទីក្រុងមូស្គូបានអះអាងថា ខ្លួនបានវាយប្រហារទីតាំងនានា ដែលពាក់ព័ន្ធនឹងដ្រូន​ផងដែរ​។

ទីភ្នាក់ងារស៊ើបការណ៍យោធាអ៊ុយក្រែនបានឱ្យដឹងថា ដ្រូនរបស់អ៊ុយក្រែនបានវាយប្រហាររោងចក្រចម្រាញ់ប្រេងមួយ​កន្លែង នៅក្នុងតំបន់ក្រាស្នូដា (Krasnodar) ភាគខាងត្បូងប្រទេសរុស្ស៊ី​។

យោធាអ៊ុយក្រែនក៏បានអះអាងទៀត​ថា ខ្លួនបានវាយប្រហារលើឃ្លាំងស្តុកប្រេងនៅឯទីតាំងរបស់ក្រុមហ៊ុនត្រាន​ស្នេហ្វ​ (Transneft) របស់រុស្ស៊ី នៅតំបន់បាស្គ័រតូស្តាន​ (Bashkortostan) ភាគកណ្តាល កាលពីយប់មិញ ព្រមទាំងវាយប្រហារ​លើមូលដ្ឋានទ័ពអាកាសម៉ារីណូវកា (Marinovka) ក្នុងតំបន់ Volgograd ផងដែរ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ​ មិនអាចផ្ទៀងផ្ទាត់ការអះអាង​ទាំងនេះបានភ្លាមៗនោះទេ។ ទាំងរុស្ស៊ី និងអ៊ុយក្រែន សុទ្ធ​តែ​អះ​អាង​ថា ពួកគេមិនបាន​កំណត់គោលដៅវាយប្រហារលើទីតាំងរបស់ជនស៊ីវិលឡើយ៕​

ប្រែសម្រួលអត្ថបទដោយ៖ លោក​ អ៊ួច សូនី

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង