លោក បេសសិន អះអាងថា សហរដ្ឋអាមេរិកកំពុងស្វែងរកចម្លើយជុំវិញការលក់បន្ទះឈីបរបស់ក្រុមហ៊ុន Nvidia ទៅឱ្យប្រទេសចិន

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក ស្កុត បេសសិន (Scott Bessent) បានថ្លែងកាលពីថ្ងៃអាទិត្យថា សហរដ្ឋ​អាមេរិកកំពុងស្វែងរកចម្លើយពីក្រុមហ៊ុន Nvidia ពាក់ព័ន្ធនឹងការលក់បន្ទះឈីបរបស់ខ្លួនទៅឱ្យ​ប្រទេស​ចិន។ លើសពីនេះ អាមេរិកនឹងស្វែងរកឱ្យដឹងថា តើអ្នកណាជាអ្នកទទួលខុសត្រូវលើការអនុវត្តតាមបទប្បញ្ញត្តិនៅក្នុង​ក្រុមហ៊ុននេះ ដែលពីមុនដឹកនាំដោយលោក ចេនសិន ហ៊ួង (Jensen Huang) ។ លោក ចេនសិន ហ៊ួង​ បានលាលែង​​ពី​តំ​ណែង បន្ទាប់ពីមានទំនាក់ទំនងស្នេហា​ជាមួយ​ស្ត្រី​ម្នាក់ ដែលត្រូវបានសង្ស័យថា ជាចារកម្មចិន។ នេះ​បើ​​តាម​​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​​រ៉យ​ទ័រ​។​

លោក បេសសិន បាន​និយាយថា ក្រុមការ​ងារ​កំពុង​ទាក់ទង​ជាមួយ​ក្រុមការងារ​បណ្តោះអាសន្ន​ ជាមួយថថ្នាក់​ដឹកនាំ ជាមួយ​ក្រុមមេធាវ ដើម្បីទទួល​បាន​ការ​ឆ្លើយ​តប​។

របាយការណ៍នានាអំពីទំនាក់ទំនងរបស់លោក ហ៊ួង​ ជាមួយស្ត្រីម្នាក់ ដែលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋ​អាមេ​រិក​សង្ស័យ​ថា ជាចារកម្មចិន និង​ទំនាក់ទំនងស្នេហានៅក្រៅអាពាហ៍ពិពាហ៍របស់លោក​ជាមួយនាយកប្រតិបត្តិក្រុមហ៊ុនមួយ បាននាំឱ្យលោក​លាលែងពីតំណែង។ ហេតុការណ៍នេះក៏បានជំរុញឱ្យមានការស៊ើបអង្កេតដោយអាជ្ញាធរ​និយត​កម្ម​អាមេរិក និង FBI ការចាត់វិធានការដោយសភា ការត្រួតពិនិត្យផ្ទៃក្នុង និងសំណើប្តឹងផ្តល់ជាក្រុម​ពី​សំណាក់​​ក្រុមវិនិយោគិនផងដែរ។

ប៉ុន្មានថ្ងៃ បន្ទាប់ពីលោក ហ៊ួង លាលែងពីតំណែង រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានចេញបទប្បញ្ញត្តិមួយ ដើម្បីរឹតត្បិតបន្ថែមទៀតនូវលទ្ធភាពរបស់ប្រទេសចិន ក្នុងការទទួលបានបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) ទំនើប​ ពីក្រុមហ៊ុននានាដូចជា Nvidia ជាដើម។ ការចាត់វិធានការរឹតបន្តឹងនេះ ធ្វើឡើងមុនពេលលោក ត្រាំ ធ្វើដំណើរទៅកាន់ប្រទេសចិនកាលពីសប្តាហ៍មុន ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតី ស៊ី ជីនពីង។

លោក បេសសិន​ បាននិយាយថា ក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនផលិតបន្ទះឈីបនេះ កំពុងធ្វើ​ការ ដើម្បីស្វែងរកការ​ពិត​ថា មានអ្វីកើតឡើង ហើយលោកបានបង្ហាញក្តីជឿជាក់ថា ពួកគេនឹង “ផ្តល់ជូននូវចម្លើយដ៏ពេញលេញ និង​ច្បាស់លាស់បំផុត”។

លោក បេសសិន​ បាននិយាយថា ក្រុម​ការងារ​ចង់​ដឹងថា តើអ្នកណាជាអ្នកទទួលខុសត្រូវលើការអនុលោមតាមច្បាប់​​នៅទីនោះ ហើយ​នឹង​ពិ​និត្យមើលថា តើកម្រិតណាខ្លះនៅក្នុងអាជីវកម្មនេះ ដែលបានដឹងអំពីបញ្ហានេះ។ តើវាស្ថិត​​នៅកម្រិតក្រោម? កម្រិតកណ្តាល? ឬក៏បានដឹងរហូតដល់ថ្នាក់ដឹកនាំកំពូល?

លោក ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា លោកចង់ឃើញលោក ហ៊ួង ​សុំអភ័យ​ទោស ហើយ​ត្រឡប់ទៅកាន់ក្រុមហ៊ុន Nvidia វិញ។ នៅពេលត្រូវបានសួរថា តើលោកយល់ស្របជាមួយលោក ត្រាំ ដែរឬទេ លោក បេសសិន បាននិយាយ​ថា ចាំបាច់ត្រូវមានព័ត៌មានបន្ថែមទៀតសិន​។

លោក ហាវី ចូន (Harvey Jones) ប្រធា​ន​ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Nvidia បាននិយាយថា ក្រុមប្រឹក្សា​ភិបាល​នឹង​មិន​ជួល​លោក ហ៊ួង​ ត្រឡប់មកវិញទេ៕

ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង