ដាណឺម៉ាកជំរុញឱ្យសហភាពអឺរ៉ុបរឹតបន្តឹងការធ្វើដំណើរលើជនជាតិរុស្ស៊ី បន្ទាប់ពីអះអាងថា បានទប់ស្កាត់ផែនការធ្វើឃាតមួយដោយជោគជ័យ

ដាណឺម៉ាកបានជំរុញឱ្យសមាជិកសហភាពអឺរ៉ុបដទៃទៀតចាត់វិធានការជាក់ស្តែង ដើម្បីទប់​ទល់នឹ​ងប្រទេសរុស្ស៊ី បន្ទាប់​ពីអះអាង​ថា ខ្លួនបានទប់ស្កាត់ផែន​ការធ្វើឃាតមួយ​ ដែលតាម​ចោទ​ថា ត្រូវ​បាន​រៀបចំ​ដោយចារកម្មរុស្ស៊ី នេះ​បើ​តាម​​​លិខិតផ្ញើ​​​ទៅកាន់រដ្ឋាភិបាលសហភាពអឺរ៉ុប ដែលត្រូវបានបញ្ជាក់ដោយអ្នកការទូតពីររូប។

យោង​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់​ងារ​ព័ត៌មាន​រ៉យ​ទ័រ​កាល​ពីថ្ងៃសៅរ៍បានឱ្យដឹង​ថា​​ មន្ត្រី​​ប៉ូលិស និងសន្តិសុខដាណឺម៉ាក​បាននិយាយកាលពីថ្ងៃសុក្រថា ពួកគេ​បានទប់​ស្កាត់​ការប៉ុន​ប៉ងរបស់​ចារកម្មរុស្ស៊ី ដើម្បីសម្លាប់តារាចម្រៀង​​រ៉េប​សញ្ជាតិ​អាមេរិក-អ៊ុយក្រែនម្នាក់ កាល​ពី​ខែកញ្ញា មុនពេលចាប់ផ្តើម​សម្តែង។

រដ្ឋមន្ត្រីការបរទេសលោក ឡាស ឡុក រ៉ាសមូ​សេន​ (Lars Lokke Rasmussen) បានហៅហេតុ​ការណ៍​នេះ ថា ជាការបំពាន ដែលមិនអាចទទួលយកបាន ហើយប្រទេសដាណឺម៉ាកបានប្រ​កាស​ថា ខ្លួនកំពុងបណ្តេញអនុព័ន្ធយោធា​របស់រុស្ស៊ីចេញ។

តាម​រយៈ​សារលិខិត​ ដែលបានចែកចាយកាល​ពី​ល្ងាចថ្ងៃសុក្រទៅកាន់អ្នកការ​ទូតជាន់ខ្ពស់អឺរ៉ុបនោះ​ បានស្នើថា សហភាព​អឺរ៉ុប​គួរដាក់កម្រិតបន្ថែមទៀតលើការចេញចូល​របស់​ជនជាតិរុស្ស៊ីនៅតំបន់ធ្វើដំណើរដោយសេរីសិងអ៊ឹន​ (Schengen) សម្រាប់​២៩ប្រទេស។

ដាណឺម៉ាក​បានស្នើឱ្យបញ្ឈប់ទិដ្ឋាការទេសចរណ៍សម្រាប់ពលរដ្ឋរុស្ស៊ី និងបញ្ឈប់ការទទួលស្គាល់​លិខិតឆ្លង ដែនមិន​មែន​ជីវ​មាត្រ​របស់រុស្ស៊ីនៅទូទាំងតំបន់។

ប្រទេសដាណឺម៉ាកនឹងបង្ហាញសំណើរបស់ខ្លួននៅក្នុងកិច្ចប្រជុំឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែលនៅ​ថ្ងៃ​ចន្ទ។

លិខិត​នេះក៏បានជំរុញឱ្យរដ្ឋជាសមាជិកប្រើប្រាស់ទិដ្ឋាការមានកំណត់បន្ថែមទៀត ដែលមិនអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់តំបន់សិងអ៊ឹន​ និងកំណត់ការរឹតបន្តឹងលើ​ការចេញ​ចូលកាន់តែតឹងរ៉ឹងសម្រាប់យុទ្ធជនរុស្ស៊ីបច្ចុប្បន្ន និងអតីតយុទ្ធជន។

ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុង Copenhagen បានអះអាង​កាលពីថ្ងៃសុក្រថា ការចោទប្រកាន់របស់ប្រទេស​ដាណឺ​ម៉ាក​មិន​មាន​ភស្តុតាងគាំទ្រទេ។

លោកស្រី អ៊ូស៊ូឡា វ៉ន់ ដឺ ឡាយអឹន (Ursula von der Leyen) ប្រធានគណៈកម្មការអឺរ៉ុប បានមានប្រសាសន៍ថា សហភាព​អឺរ៉ុបបានឈរយ៉ាងរឹងមាំជាមួយប្រទេសដាណឺម៉ាក និងជាមួយរដ្ឋជាសមាជិកទាំងអស់ ដែលរងការវាយប្រហារ​ចម្រុះពីរុស្ស៊ី។

លោកស្រីបាន​និយាយ​ថា ប្លុកនេះនឹងស្នើយុទ្ធសាស្ត្រសន្តិសុខអឺរ៉ុបថ្មី ក្នុងពេលឆាប់ៗនេះ ដើម្បីពង្រឹងការត្រៀមខ្លួន និងការទប់ស្កាត់។

គណៈកម្មការអឺរ៉ុបក៏មានគម្រោងបង្ហាញកញ្ចប់ទណ្ឌកម្មលើកទី២២ របស់ខ្លួនក្នុងពេលឆាប់ៗនេះប្រឆាំងនឹងប្រទេស​រុស្ស៊ី​ផងដែរ​ ជុំវិញការឈ្លានពានទ្រង់ទ្រាយធំរបស់ទីក្រុងមូស្គូលើប្រ​ទេសអ៊ុយក្រែនកាលពីជិតប្រាំឆ្នាំមុន។ ការ​រឹត​បន្តឹង​ទិដ្ឋាការ គឺជាវិធានការមួយក្នុងចំណោមវិធានការ ដែលកំពុងត្រូវបានពិភាក្សា៕

ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

Detail Bottom – Saly Gas
Detail Bottom – GTVC Speedboat Cambodia
អត្ថបទដែលជាប់ទាក់ទង